បាក់ទំនប់នៅឡាវ៖ «ពលរដ្ឋខ្មែរវិលចូលលំនៅដ្ឋានវិញហើយ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 25, 2018
- ប្រធានបទ: គ្រោះវារីអគ្គិសនី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានមន្ទីរព័ត៌មានខេត្ត ស្ទឹងត្រែង លោក អ៊ុក ធាវី បានតាមដាន ជាមួយនឹងមន្ត្រីខេត្ត ជាច្រើននាក់ ជុំវិញស្ថានភាពកំពស់ទឹក នៅក្នុងស្រុក សៀមប៉ាង ដែលនៅជាប់ជាមួយ ព្រំដែនកម្ពុជា-ឡាវ ក្នុងយប់ថ្ងៃអង្គារ ចូលមកព្រឹកថ្ងៃពុធនេះ ហើយបានអះអាងថា កំពស់ទឹកនៅក្នុងទន្លេសេកុង ដែលអាចទទួលទឹកបាក់ទំនប់ ពីប្រទេសឡាវមកនោះ បានឡើងកំពស់ ត្រឹមតែ ០,៤៤ម៉ែត្រប៉ុណ្ណោះ និងទំនងជាមិនបានប៉ះពាល់អ្វី សម្រាប់ភូមិឋាន របស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់នោះឡើយ។
លោក អ៊ុក ធាវី បានសរសេររបាយការណ៍ ពីកំពស់ទឹកឡើង ប្រាប់មកលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគូសបញ្ជាក់ថា៖ «ការបាក់ទំនប់វ៉ារីអគ្គីសនី "Xe - pian Xe Nam Noi" នៅ ក្នុងខេត្ត អត្តពឺ ប្រទេសឡាវ មកដល់ព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៨ ស្ថានភាពទឹក នៅក្នុងស្រុកសៀមប៉ាង ជាប់នឹងព្រំប្រទល់ដែន ប្រទេសឡាវ គិតត្រឹមម៉ោង ១ និង ៣០នាទី ទឹកមានកំពស់ ១១,០០ ម៉ែត្រ រហូតមកដល់ម៉ោង ២ យប់ មានកំពស់ ១១,១០ ម៉ែត្រ ម៉ោង ៤ ភ្លឺ មានកំពស់ ១១,២០ ម៉ែត្រ និងម៉ោង ៧ ព្រឹកនេះ មានកំពស់ ១១,២៥ ម៉ែត្រ ល្បឿនទឹកឡើង បានត្រឹមតែ ០,៤៤ ម៉ែត្រ ប៉ុណ្ណោះ»។
លោកបានបញ្ជាក់ថា៖ «ស្ថានភាពទឹកជំនន់ មិនទាន់មានប៉ះពាល់ អ្វីទាំងអស់។ បច្ចុប្បន្ន ប្រជាពលរដ្ឋបានជញ្ជូនឥវ៉ាន់ ត្រឡប់ចូលលំនៅដ្ឋានវិញ ជាបណ្តើរៗហើយ។»។
» ទិដ្ឋភាពទឹកបាក់ទំនប់ នៃទំនប់វារីអគ្គិសនៅ «Xe - pian Xe Nam Noi»៖
របាយការណ៍មួយមុន របស់ប្រធានមន្ទីរព័ត៌មានដដែល បានរៀបរាប់ថា ទំនប់វារីអគ្គិសនីរបស់ប្រទេសឡាវនេះ ស្ថិតនៅចម្ងាយ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ហើយខាងកម្ពុជា មានការបារម្ភ ពីដំបូងឡើយថា បរិមាណអាងស្ដុកទឹក ប្រមាណជា ៥ពាន់លានម៉ែត្រគូបនោះ អាចនឹងជះឥទ្ធិពលមកកម្ពុជា ហើយបង្កការលិចលង់ ភូមិឃុំ ដែលស្ថិតនៅតាមដងទន្លេ ក្នុងស្រុកសៀមប៉ាង នៅវេលាម៉ោង ប្រមាណជា ៩ ទៅម៉ោង ១០ យប់ថ្ងៃអង្គារ។ ដោយហេតុនេះ ទើបអាជ្ញាធរខេត្ត រួមនឹងកងកម្លាំងជាច្រើនរយនាក់ បានជម្លៀសពលរដ្ឋចេញ និងត្រៀមធ្វើសកម្មភាពសង្គ្រោះ សម្រាប់ពលរដ្ឋ ដែលអាចរងផលប៉ះពាល់ ផ្សេងទៀត។
ប៉ុន្តែមកទល់នឹងម៉ោងនេះ និងបើតាមរបាយការណ៍ ផ្ដល់ដោយលោក អ៊ុក ធាវី នៅវេលាព្រឹកថ្ងៃពុធនេះ ស្ថានភាពកំពស់ទឹក ហាក់មិនបានបង្កភាពភ័យព្រួយអ្វីខ្លាំងក្លា សម្រាប់ភូមិស្រុក នៅខាងប្រទេសកម្ពុជានោះឡើយ៕
» ទិដ្ឋភាពទឹកបាក់ទំនប់ នៃទំនប់វារីអគ្គិសនៅ «Xe - pian Xe Nam Noi»៖