ធម្មយាត្រាប្រឆាំងនឹងទំនប់វារីអគ្គីសនីដនសាហុង ត្រូវបានហាមឃាត់
ធម្មយាត្រាដែលមានបំណងអប់រំ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអាគ្គីសនី ដនសាហុង ប្រទេសឡាវ និងទទូចឲ្យបញ្ឈប់ការសាងសង់ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ធ្វើការហាមឃាត់ ដោយអះអាងថា មិនមានគោលការណ៍ពីថ្នាក់លើ។
ផែនទីបង្ហាញពីទីកន្លែង ដែលត្រូវសង់ទំនប់វារីអគ្គិសនី ដនសាហុង។ (រូបថតផ្ដិតពីផែនទីហ្គូហ្គ័ល)
សិទ្ធិ - លោកយុក សេងឡុង ប្រធានគ្រប់គ្រងកម្មវិធី របស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៣១ ខែមីនា នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានហាមឃាត់មិនឲ្យអង្គភាពរបស់លោក និងអង្គការសង្គមស៊ីពាក់ព័ន្ធ ប្រារព្ធកម្មវិធីធម្មយាត្រា ដើម្បីបជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនោះទេ ដោយអាជ្ញាធរខេត្តកំពង់ចាម អះអាងថាគ្នានគោលការណ៍ពីថ្នាក់លើ។
ប្រធានគ្រប់គ្រងកម្មវិធី របស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ដដែលនេះ បន្តថា ធម្មយាត្រានេះ ចង់ឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដឹងថា ដំណើរការសាងសង់ ទំនប់វារីអាគ្គីសនីដនសាហុងសាងសង់ដល់កម្រិតណា និងឈានទៅឯកភាពគ្នាថា អ្នកចូលរួមធម្មយាត្រា និងសហគមន៍ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ មិនត្រូវការទំនប់វារីអាគ្គីសនីដនសាហុង។
ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង មន្រ្តីខេត្តកំពង់ចាម ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែលោកយុក សេងឡុង បានបញ្ជាក់ថា៖ «យើងសុំច្បាប់ តែគេឆ្លើយថា មិនមានការណែនាំពីរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ យើងធ្វើនេះ មិនពាក់ព័ន្ធនយោបាយទេ តែជាការគាំទ្រជំហរដ្ឋាភិបាល។ តាមមើលគាត់មិនខ្វល់ ថានេះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងសហគមន៍ គឺគាត់ផ្តោតសំខាន់គោលការណ៍ថ្នាក់លើ។»
រហូតមកដល់ពេលនេះ បើទោះជារដ្ឋាភិបាលឡាវបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនសាងសង់ ហើយក៏ដោយ ក៏ទំនប់វារីអាគ្គីសនីដនសាហុងស្ថិត នៅប្រទេសឡាវ ត្រូវបានគេមើលឃើញថា មិនទាន់ដំណើរការសាងសង់នៅឡើយទេ ដោយរង់ចាំដល់ខែធ្នូ ឆ្នាំ២០១៤ ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលវៀតណាម និងអង្គការសង្គមស៊ីវិលផ្នែកបរិស្ថាន កន្លងមក ក៏បានស្នើទៅប្រទេសឡាវ ឲ្យពន្យាពេលសាងសង់គម្រោងទំនប់វារីអាគ្គីសនីដនសាហុង មួយរយៈសិន ដើម្បីរង់ចាំការសិក្សា ពីផលប៉ះពាល់។
គួរកត់សម្គាល់ថា ធម្មយាត្រាស្រដៀងគ្នានេះ បានធ្វើឡើងដោយជោគជ័យរួចហើយនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ កាលពីថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០១៤ ហើយក៏មានមន្ត្រីរដ្ឋាភិបាលមួយចំនួនចូលរួម និងជំរុញឲ្យប្រទេសឡាវបញ្ឈប់ជាបន្ទាន់ នូវគម្រោងសាងសង់ទំនប់វារីអគ្គីសនីដនសាហុង លើដងទន្លេមេគង្គ ដ៏ប្រទាំងប្រទើសនេះ៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ មីនា ២០១៤