ប្រតិកម្ម នឹងការប្រើកម្លាំង«ខុសច្បាប់» មកវាយពលរដ្ឋ«ស្របច្បាប់»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គមស៊ីវិលដែលជំនាញខាងការឃ្លាំមើលសិទ្ធិមនុស្ស បានសម្ដែងប្រតិកម្ម ចំពោះសកម្មភាពរបស់រដ្ឋាភិបាល កម្ពុជា ថាកំពុងបិទសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ។ ក្រុមមន្ត្រីដែលតែងតែមានវត្តមាន នៅពេលមានការតវ៉ារបស់ពលរដ្ឋ បានបរិហាទៀតថា មិនគ្រាន់តែបំបិទសិទ្ធសេរីភាពពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងប្រើកងកម្លាំងខុសច្បាប់ ឲ្យមកបង្ក្រាបលើការតវ៉ារបស់ពលរដ្ឋទៅវិញ។ ការតវ៉ានិងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
ពលរដ្ឋរងគ្រោះ នឹងវាយតប់របស់ក្រុមសន្ដិសុខស៊ីឈ្នួល កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
សិទ្ធិសេរីភាព - មន្រ្តីអង្គការសង្គមស៊ីវិល ដែលមានវត្តមានក្នុងការឃ្លាំមើលការអនុវត្តច្បាប់ និងសិទ្ធិមនុស្ស នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី៣១ ខែមីនានេះ បានចាត់ទុកថារអ្វី ដែលរដ្ឋាភិបាលបាននឹងកំពុងតែអនុវត្តនេះ «មិនខុសអ្វី» ទៅនឹងប្រទេសកាន់លិទ្ធិផ្តាច់ការ និងយោធានិយមនោះឡើយ ហើយផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ នៃរបបលិទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងច្បាប់កម្ពុជា។
ការថ្លែងរបស់ក្រុមអង្គការសង្គមស៊ីវិល បានធ្វើឡើងក្នុងពេលដែលអាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ន តែងតែបានប្រើប្រាស់នូវកងកម្លាំងសន្ដិសុខ ដែលគ្មានក្របខណ្ឌច្បាស់លាស់ ឲ្យមកបង្ក្រាបលើពលរដ្ឋជាបាតុករដៃទទេរ ដោយគ្រាន់តែពួកគាត់ចង់ទាមទារសម្ដែងមតិអ្វីមួយ។
មន្រ្តីទទួលខុសត្រូវមួយរូប ពីសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា បានចាត់ទុកថា កម្លាំងសន្តិសុខ (ក្រុមសណ្តាប់ធ្នាប់ខណ្ឌ) មិនមែនជាកម្លាំងស្របច្បាប់ និងមិនមែនជាកម្លាំងពិតរបស់អាជ្ញាធរ ដែលស្ថិតក្នុងការមិនទទួលខុសត្រូវ នូវរាល់ហេតុការណ៍ដែលបានកើតមាន ឬនឹងអាចកើតមាននោះទេ។ លោកបានពន្យល់ថា «សន្តិសុខនេះ ជាសន្តិសុខឥតក្របខណ្ឌ។ ប្រើពេលណាមានរបួស មានឈាមហូពេលនោះ។» និងថែមទាំងបានលើកជាឧទាហរណ៍ជាក់ស្តែងថា ក្នុងការប៉ះទង្គិចគ្នា កាលពីព្រឹកថ្ងៃចន្ទទី៣១ ខែមីនានេះ បានបណ្តាលឲ្យប្រជាពលរដ្ឋម្នាក់បែកក្បាល។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បាននិយាយថា រដ្ឋាភិបាលគួដោះស្រាយដោយសន្តិវិធី ធ្វើយ៉ាងណា បញ្ជៀសនូវការប្រើប្រាស់អំពើហិង្សា ដែលនាំឲ្យមានរបសួស។ លោកចាត់ទុកថា នេះជាការរំលោភទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលទទួលស្គាល់កតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ពិសេសការចែងយ៉ាងច្បាស់ពីការជួបជុំ ការប្រមូលផ្តុំ ការធ្វើបាតុកម្មដោយសន្តិវិធី។ លោកបញ្ជាក់ថា «បើសិទ្ធិទាំងអស់នេះត្រូវបានរិតត្បិត នោះប្រទេសយើង ដែលកំពុងកាន់របបប្រជាធិបយេ្យ កំពុងតែឈានទៅរកអតីតកាលឡើងវិញ មិននាំគ្នាដើម្បីកសាងទៅរកលិទ្ធិប្រជាធិបតេយ្យទេ»។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងការប្រើប្រាស់នូវកម្លាំងសន្តិសុខ វាយលើប្រជាពលរដ្ឋ ដែលជាបាតុករបានទេ ក្នុងរសៀលនេះ។ តែសម្រែកបញ្ជាផ្ទាល់របស់លោក សុខ ប៉េងវុធ អភិបាលរងខណ្ឌដូនពេញ ដែលអមដំណើរដោយលោក ឃួង ស្រេង អភិបាលរងក្រុងភ្នំពេញ លោកសុខ សម្បត្តិ ក្នុងពេលចុះទៅបង្ក្រាបក្រុមបាតុករព្រឹកម៉ិញនេះ ត្រូវបានអ្នកការសែតថតជាប់សម្លេងថា «ដេញពួកវាចេញឲ្យអស់ ពីទីលានប្រជាធិបតេយ្យ ទាំងអាអ្នកការសែតទាំងអស់ហ្នឹង។ វាយពួកវាទៅ អាណាក៏វាយទៅ មិនបាច់ទៅខ្វល់ទេ។ បាតុកម្មខុសច្បាប់ ត្រូវតែបង្ក្រាបអញ្ចឹង។»
អាជ្ញាធរតាមរយៈក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីដើមខែមករាកន្លងទៅ ហាមឃាត់រាល់ការជួបជុំរបស់ពលរដ្ឋ បន្ទាប់ពីបានបង្ក្រាបប្រកបដោយឈាម ទៅលើរលកបាតុកម្មដែលបានកើតឡើង ជាបន្តបន្ទាប់យ៉ាងព្រោងព្រាត របស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងក្រុមកម្មករទាមទារប្រាក់ខែ ១៦០ដុល្លា។ ការរិតត្បិតរបស់អាជ្ញាធរនេះ ត្រូវបានលោក ណៃ វ៉ង់ដា ពន្យល់ទៀតថា «ឥឡូវនេះ សេរីភាពទាំងអស់នោះ ត្រូវបានដកហូតស្ទើតែទាំងស្រុងហើយ ដោយមានច្បាប់ហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យមានការជួបជុំលើសបី១០នាក់នេះ បានន័យថាសេរីភាពប្រជាពលរដ្ឋ ការគោរពលិទ្ធិប្រជាធិបតេយ្យ គឺស្ទើរស្មើនឹងសូន្យ»។
សូមបញ្ជាក់ដែរថា ប្រទេសកម្ពុជាបានស្ថិតក្នុងភាពជាប់គាំងផ្នែកនយោបាយ តាំងពីក្រោយការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៣កន្លងមក។ តែយ៉ាងណាក៏ដោយ លោក អំ សំអាត បានចាត់ទុកថា រឿងនយោបាយ ទុកឲ្យអ្នកនយោបាយដោះស្រាយ និងអង្គុយចរចាគ្នា។ ឯសិទ្ធិសេរីភាពប្រជាពលរដ្ឋ ត្រូវមានការអនុញ្ញាតិ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៣១ មីនា ២០១៤