អតីត​ប្រធានាធិបតី​បារាំង ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន ទុកសាកសួរ

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ត្រូវបានឃាត់ខ្លួនទុកដោយ នគរបាល​យុត្តិធម៌ នៃការិយាល័យប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ។ ការឃាត់ខ្លួននេះ ត្រូវ​បានធ្វើឡើង នៅក្នុង​រង្វង់​នៃការស៊ើបអង្កេតមួយ ទាក់ទងនឹងការសង្ស័យថា លោកបានប្រើប្រាស់ដោយមិន​ប្រក្រតី នូវអំណាចជាប្រធានាធិបតី នៅពេលលោកនៅក្នុងតំណែង។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ត្រូវបានឃាត់ខ្លួនទុកដោយ នគរបាល​យុត្តិធម៌ នៃការិយាល័យប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ។ ការឃាត់ខ្លួននេះ ត្រូវ​បានធ្វើឡើង នៅក្នុង​រង្វង់​នៃការស៊ើបអង្កេតមួយ ទាក់ទងនឹងការសង្ស័យថា លោកបានប្រើប្រាស់ដោយមិន​ប្រក្រតី នូវអំណាចជាប្រធានាធិបតី នៅពេលលោកនៅក្នុងតំណែង។


លោក នីកូឡា សាកូហ្សី។ (រូបថត UMP)

យុត្តិធម៌ - នៅម៉ោងប្រមាណជា ៨ម៉០០ ព្រឹក លោកអតីតប្រធានាធិបតី នីកូឡា សាកូហ្សី ជិះនៅក្នុងរថយន្ដបិទ​ដោយកញ្ចក់ពណ៍ខ្មៅ បានមកដល់ការិយាល័យកណ្ដាល នៃនគរបាលយុត្តិធម៌បារាំង នៅក្នុងទីក្រុងណង់ទែរ (Nanterre) ជាយរដ្ឋធានីប៉ារីស។ មេធាវីរបស់លោកអតីតប្រធានាធិបតី លោក ទីជែរី អ៊ែហ្សូ (Thierry Herzog) និងចៅក្រម​ជាន់ខ្ពស់ពីររូបទៀត ក៏ត្រូវបានឃាត់ខ្លួន តាំងពីថ្ងៃចន្ទម្សិលម៉ិញនេះដែរ។

គេនៅមិនទាន់ដឹងថា តើលោក នីកូឡា សាកូហ្សី ត្រូវបានក្រុមអ្នកស៊ើបអង្កេត ឃាត់ខ្លួនដោយបង្ខំ ដើម្បីធ្វើការ​សាកសួរ ឬយ៉ាងណានោះនៅឡើយ។

ការិយាល័យប្រឆាំងអំពើពុករលួយ នៃកងម្លាំងនគរបាលយុត្តិធម៌បារាំង ចង់ដឹងឲ្យច្បាស់ថា តើអតីតប្រធានាធិបតី​រូបនេះ ដោយមានការជំរុញពីមេធាវីរបស់លោកផង ពិតជាចង់បានព័ត៌មាន ពីចៅក្រមជាន់ខ្ពស់មួយរូប ទាក់ទងនឹង​សំនុំ​រឿង​មួយចំនួន ជាថ្នូនឹងការសន្យាប្រគល់តំណែងដ៏ធំ ក្នុងរដ្ឋាភិបាលរបស់លោក ទៅឲ្យចៅក្រមរូបនោះមែនឬ។

នៅក្នុង​សំនុំរឿង​យុត្តិធម៌មួយទៀត ដែលត្រូវបានបើកនៅថ្ងៃទី២៦ ខែកុម្ភៈកន្លងមក ដោយការិយាល័យអយ្យការជាតិ ឯកទេស​ខាង​ហិរញ្ញវត្ថុ​បារាំងនោះ ក្រុមអ្នកស៊ើបអង្កេតចង់ដឹងទៀតថា តើលោក នីកូឡា សាកូហ្សី ត្រូវបាននរណា​ម្នាក់ «លួច»​បង្ហើប​​ប្រាប់លោក ពីការ«ដាក់»លោក ទៅក្នុងការតាមដានស្ដាប់ទូរស័ព្ទនោះ ឬយ៉ាងណា។

គួរបញ្ជាក់ថា ប្រព័ន្ធយុត្តិធម៌បារាំង អនុញ្ញាតឲ្យអ្នកស៊ើបអង្កេត អាចតាមដានស្ដាប់ការទាក់ទង តាមទូរស័ព្ទរបស់​ជន​ណាម្នាក់ ដែលតុលាការសង្ស័យ និងជាសម្ងាត់។ ប៉ុន្តែផ្ទុយទៅវិញ លោក នីកូឡា សាកូហ្សី បានដឹងថា មានអ្នក​តាម​ដានស្ដាប់ទូរស័ព្ទលោក។ ករណីនេះហើយ ដែលជាហេតុធ្វើឲ្យក្រុមអ្នកស៊ើបអង្កេត ចង់ដឹងថា តើពិតជាមាន​នរណា​ម្នាក់ ដែលបានបង្ហើបពីការតាមដានទូរស័ព្ទនេះ ទៅឲ្យលោកដឹងឬយ៉ាងណា?

ការកោះហៅអតីតប្រធានាធិបតី ទៅសាកសួរនេះ បានធ្វើម្ដងហើយ កាលពីខែសីហាកន្លងទៅ ទាក់ទងនឹងសំនុំ​រឿង​មួយ ដែលបានចោទប្រកាន់លោក សាកូហ្សី ថាបានទទួលប្រាក់ពីប្រទេសលីប៊ី ដើម្បីទំនុកបំរុងយុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី កាលពីឆ្នាំ២០០៧ របស់លោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...