ចិនរិះគន់ម៉ាឡេស៊ី ថា«ធ្វើឲ្យខាតពេល» រឿងយន្ដហោះបាត់ខ្លួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសម៉ាឡេស៊ី បានក្លាយជាផ្ទាំងស៊ីបមួយនៃការរិះគន់ យ៉ាងខ្លាំងក្លាពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាអ្នកប្រើប្រាស់ប្រព័ន្ធអាំងធើណែត នៅក្នុងប្រទេសចិន ដោយពួកគេបានចាត់ទុកប្រទេសនេះ ដែលជាអ្នកទទួលខុសត្រូវក្នុងការស៊ើបអង្កេត ការបាត់ខ្លួននៃយន្ដហោះប៊ូអ៊ីង ៧៧៧ ថាបានធ្វើការងារ«យឺត»ជ្រុល ដើម្បីស្វែងរកដំណើរដើមទងនៃហេតុការណ៍នេះ។
សាររបស់អ្នកមានសមានចិត្ត សរសេរឧទ្ទិសទៅជនរងគ្រោះ នៅលើយន្ដហោះនៃជើងហោះហើរ MH370។ (រូបថត RFI)
បាត់យន្ដហោះ - នៅក្នុងប្រទេសចិន ប្រព័ន្ធផ្សព្វផ្សាយបានបង្កើនល្បឿន នៃការរិះគន់របស់ពួកគេ ទៅលើអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី ទាក់ទងនឹងការចាប់ពង្រត់ យន្ដហោះដែលភ្ជាប់ជើងហោះហើរ រវាងរដ្ឋធានីកូឡាឡំពួរ និងរដ្ឋធានីប៉េកាំង។ ពីក្នុងជនដែលជាប់នៅក្នុងយន្ដហោះ ប៊ូអីង ៧៧៧ ទាំង ២៣៩នាក់ មានជនជាតិចិនចំនួន១៥៣នាក់។ ចំនួនដែលប្រទេសចិន និងជនជាតិចិន មិនអាចអោបដៃនៅស្ងៀមបានឡើយ។
សារព័ត៌មានចិនថ្មី ដែលជាសារព័ត៌មានផ្លូវការរបស់ប្រទេសកុម្មុយនីស បានសរសេរនៅលើអត្ថបទមួយរបស់ខ្លួនថា «វាជាការពិតហើយ ដែលការប្រកាសព័ត៌មានដ៏សំខាន់បែបនេះ បែរជាបានធ្លាក់មកដល់យ៉ាងយឺតជាទីបំផុត បន្ទាប់ពីបានប្រើរយៈពេលរហូតដល់ទៅ៧ថ្ងៃយ៉ាងយូរក្រៃលែង សម្រាប់គ្រួសារជនរងគ្រោះ»។
សារព័ត៌មានដដែលបានសរសេរអត្ថាធិប្បាយទៀតថា «រយៈពេលនេះ បានពន្យល់ឲ្យដឹងពីកង្វះខាតក្នុងតួនាទី ឬមិនមានការបែងចែកព័ត៌មានទាន់ពេល ជាអ្វីដែលមិនអាចទទួលយកបាន។ (...) ប្រទេសម៉ាឡេស៊ី មិនអាចគេចផុតពីការទទួលខុសត្រូវរបស់ខ្លួនបាននោះទេ។»
រីឯសារព័ត៌មានប៉េកាំងថែម៍ (Beijing Times) វិញ ក៏បានសរសេរអត្ថាធិប្បាយដាក់ការរិះគន់ខ្លាំងៗ បន្ទាប់ពីសន្និសីទការសែតរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃ១៤ ខែមីនាមកនោះថា «ទាំងនេះបង្ហាញថា ការរុករកជាង៨ថ្ងៃមកនេះ ទទួលបរាជ័យទាំងស្រុង ហើយមិនចំគោលដៅ ។(...) ទីបញ្ចប់ទៅ ចំណុចសង្ស័យទាំងប៉ុន្មានដែលអាជ្ញាធរប្រទេសនេះ បានច្រានចោលពីមុន បានក្លាយជាការពិតទាំងអស់។»
សម្រាប់អ្នកប្រើប្រាស់បណ្ដាញអាំងធើណែតចិនជាច្រើននាក់នោះវិញ រឹងរិតតែមិនអត់អោនឲ្យថែមទៀត។ អ្នកសរសេរប្លូងមួយរូបនៅលើបណ្ដាញ វៃបូ (Weibo) បានបរិហាថា «ពាក្យតែមួយដែលត្រូវផ្ដល់តម្លៃទៅឲ្យរដ្ឋាភិបាលម៉ាឡេស៊ី៖ បោកប្រាស»។ រីឯអ្នកសរសេរម្នាក់ទៀត បានបន្ថែមថា «គំនិតអាក្រក់ និងការបន្លំរបស់ពួកគេ មានលក្ខណៈផ្ដេសផ្ដាស ដែលបើសូម្បីតែខ្ញុំដែលជាសង្កេតការណ៍ធម្មតាម្នាក់ ក៏អាចមើលដឹងដែរ»៕
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ មីនា ២០១៤