ហ៊ុន សែន ដាក់ឱសានវាទ ឲ្យឡាវដកទ័ពចេញពីទឹកដីកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៧
- កែប្រែចុងក្រោយ: August 11, 2017
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កងទ័ពឡាវប្រមាណជា ៣០នាក់ ដែលមានវត្តមាន តាំងពីខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចទន្លេសេកុង ខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា មានរយៈពេល៦ថ្ងៃ ដើម្បីដកចេញឲ្យអស់ ពីទឹកដីកម្ពុជា។ នេះ បើតាមការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងវត្តមានយោធា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលលោកនាយករដ្ឋមន្ត្រី អះអាងថា ស្ថិតនៅក្នុងទឹកដីកម្ពុជា។
ថ្លែងនៅក្នុងពិធីប្រកាស ការចូលកាន់តំណែង របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវិមានសន្តិភាព នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានថ្លែងព្រមានប្រទេសឡាវ ថាកម្ពុជានឹងឆ្លើយតបវិញ តាមផ្លូវយោធា ប្រសិនជាឡាវមិនឆ្លើយតបជាវិជ្ជមាន ទៅនឹងលិខិតតវ៉ា ជាផ្លូវការមួយ ដែលលោកនាយករដ្ឋមន្ត្រី បានផ្ញើរជូននាយករដ្ឋមន្ត្រីឡាវ កាលពីប៉ុន្មានថ្ងៃមុន។
លោកបានថ្លែងឡើងថា៖ «ឆ្លងទន្លេសេកុង ចូលមកក្នុងដីខ្មែរ ខ្មែរមិនអាចទទួលយកបានទេ។ មិនអាចអត់អោនទៅរួចទេ។ តែខ្មែរមានការអត់ធ្មត់។ បើខ្ញុំមិននិយាយ មិនដឹងថា សំបុត្រខ្ញុំនេះ នឹងមានការឆ្លើយតបយ៉ាងម៉េច។ ឥឡូវសុំឲ្យផ្សាយលិខិតរបស់ខ្ញុំ ឲ្យផ្សាយភ្លាម នូវលិខិតរបស់ខ្ញុំ ទៅឡាវនេះ។»។
បុរសខ្លាំងកម្ពុជា បានបន្តថា៖ «ហើយខ្ញុំនិយាយដោយត្រង់ បើសិនជាបងប្អូនឃើញ [កម្ពុជា]មានការចល័តកងទ័ព សុំកុំភ្ញាក់ផ្អើល គឺទៅគោលដៅ ទៅស្ទឹងត្រែង ព្រំដែនឡាវ។ ខ្ញុំឲ្យទាញ [យកពី]កងពលទីពីរ មួយភាគឡើងទៅ និងកងពល២១ ឡើងទៅ។»។
លោក ហ៊ុន សែន បានរំលឹកឡើងវិញថា លោកបានទូរស័ព្ទ ទៅកាន់នាយករដ្ឋមន្ត្រីឡាវរួចហើយ មុននឹងធ្វើការតវ៉ាជាផ្លូវការ តាមរយៈលិខិតរបស់លោកមួយទៀត ពីការចល័តកងទ័ពឡាវ ចូលមកត្រង់ចំណុចទន្លេសេកុង នៃខេត្តស្ទឹងត្រែង កាលពីអំឡុងពេល ចូលឆ្នាំប្រពៃណីជាតិកន្លងទៅ បន្ទាប់ពីមានការចោទថា ខាងកម្ពុជាបានសង់ផ្លូវ ចូលក្នុងទឹកដីឡាវ។ លោកបញ្ជាក់ទៀតថា លោកត្រៀមខ្លួន ទៅជួបនាយករដ្ឋមន្ត្រីឡាវដោយផ្ទាល់ នៅក្នុងរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវ ដើម្បីនិយាយ តែពីរឿងដកកងទ័ពឡាវ ចេញពីទឹកដីកម្ពុជាប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា បាននិយាយថា៖ «ខ្ញុំមានការអត់ធ្មត់។ ខ្ញុំមិនចង់ ឲ្យមានសង្គ្រាមទល់ដែនទេ។ មិនថាទល់ដែន ជាមួយប្រទេសណាទេ បានជាខ្ញុំត្រូវធ្វើអញ្ចឹង។»។
បើតាមប្រភពយោធាកម្ពុជា ដែលនៅការពារព្រំដែន ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង ដែលត្រូវបានស្រង់សំដី ដោយវិទ្យុអាស៊ីសេរី បានអះអាងថា យោធាឡាវ ប្រដាប់ដោយអាវុធ បានចូលមកសង់លេណដ្ឋាន និងបង្កើនកម្លាំងទ័ពឈរជើង នៅលើកោះឫស្សី ជាថ្មីទៀត ក្នុងទឹកដីកម្ពុជា ច្រើនថ្ងៃហើយ ដោយមានបំណងចង់គ្រប់គ្រងតំបន់នោះ និងព្យាយាមរារាំង កងកម្លាំងវិស្វកម្មរបស់កម្ពុជា មិនឲ្យស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន នៅត្រង់តំបន់នោះ។ មន្ត្រីយោធារូបនោះ ចាត់ទុកបញ្ហានេះ ជាចេតនាបំពានអធិបតេយ្យភាព របស់កម្ពុជា និងរំលោភស្មារតី កិច្ចចរចាទ្វេភាគី នៃប្រទេសទាំងពីរ៕