សម រង្ស៊ី ទម្លាយ​ពី​យុទ្ធសាស្ត្រ​«ផាត់ ហ៊ុន សែន ចោល»

ក្រុមមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងមានវត្តមាននៅបរទេស ហាក់បង្ហាញពីជំហរខ្លាំងៗ របស់ផងខ្លួន ថាពួកគេមិនខ្វល់ ឬចុះញ៉មលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតឡើយ រហូតដល់កម្រិតថា នឹង«ផាត់»បុរសខ្លាំងកម្ពុជារូបនេះ ចេញពីដំណោះស្រាយ«កញ្ចប់»មួយ ដើម្បីឲ្យកម្ពុជារួចផុត ពីវិបត្តិនយោបាយសព្វថ្ងៃ។
សម រង្ស៊ី ទម្លាយ​ពី​យុទ្ធសាស្ត្រ​«ផាត់ ហ៊ុន សែន ចោល»
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 14, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះ «ដំណោះស្រាយរួម»មួយ ដែលក្រុមមេដឹកនាំប្រឆាំង បាននិយាយថា ត្រូវទាមទារឲ្យខាងតែបាន សម្រាប់ជាច្រកចេញ ពីវិបត្តិនយោបាយសព្វថ្ងៃ ត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ជា«ដំណោះស្រាយ» ដែលគ្មានរូបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ដំណោះស្រាយ«រួម»​ទាំងនោះ ត្រូវបានមេដឹកនាំប្រឆាំងរូបនេះ ពន្យល់ឲ្យដឹង នៅក្នុងសិក្ខាសាលាស្តីពី «សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា (ត្រូវជាព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា) ក្នុងក្រុង ឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។

លោក សម រង្ស៊ី បានរៀបរាប់​ពីដំណោះស្រាយរួមនោះ រួមមានមិនរំលាយ​គណបក្សសង្គ្រោះជាតិ - ដោះលែងលោក កឹម សុខា ប្រធានគណបក្ស - ដោះលែងអ្នកទោសនយោបាយទាំងអស់ - ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ លើសកម្មជនគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនសង្គមស៊ីវិល ដែលមកដល់ពេលនេះ នៅមិនទាន់ត្រូវបានចាប់ខ្លួន ឬចាប់ខ្លួនហើយ តែមិនទាន់ត្រូវបានកាត់ទោស - ផ្ដល់សិទ្ធិសេរីភាពឡើងវិញទាំងអស់ សម្រាប់សារព័ត៌មាន និងរៀបចំឲ្យមានការបោះឆ្នោត ត្រឹមត្រូវ សេរី យុត្តិធម៌ ទទួលយកបាន។

ប៉ុន្តែមេដឹកនាំប្រឆាំង ដ៏សំខាន់ជាងគេរូបនេះ បានសំដែងការជឿជាក់ថា លោក ហ៊ុន សែន ដែលអង្គុយនៅក្នុងអំណាច តាំងពីជាង៣ទសវត្សន៍មកនេះ នឹងមិនផ្ដល់ដំណោះស្រាយរួមខាងលើ ដើម្បីបញ្ចប់វិបត្តិនយោបាយ នៅកម្ពុជានោះទេ។ លោកពន្យល់ថា៖ «ព្រោះដំណោះស្រាយរួម ដែលយើងយកមកអនុវត្តន៍ពេញលេញអញ្ចឹង គឺ ហ៊ុន សែន ចប់ហើយ។ ហ៊ុន សែន នឹងទទួលស្គាល់ថា គាត់ចប់ហើយ បើគាត់ផ្ដល់ដំណោះស្រាយរួម។»។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានបន្តថា ដើម្បីឲ្យមានដំណោះស្រាយរួមទាំងនេះ វាត្រូវតែ«គ្មាន ហ៊ុន សែន» ដោយសារលោក ហ៊ុន សែន បាន«ផាត់ខ្លួនគាត់ចោល» រួចស្រេចទៅហើយ។ លោក សម រង្ស៊ី ថា៖ «លោក ហ៊ុន សែន មិនអាចនៅក្នុងដំណោះស្រាយរួមទេ ព្រោះបើគាត់នៅក្នុងដំណោះស្រាយរួម គឺគាត់ចប់។ គាត់ច្បាស់ជាគាត់ អត់ព្រមចប់ទេ។ អញ្ចឹង ចង់មិនចង់ គឺគាត់ទេ​ [ដែល]ស្ថិតនៅក្រៅដំណោះស្រាយរួម។»។

លោក សម រង្ស៊ី បានថ្លែងខ្លាំងៗថា៖ «តែយើងត្រូវរកដំណោះស្រាយ ដោយសន្តិវិធី តាមរយៈការបោះឆ្នោត ត្រឹមត្រូវសេរីយុត្តិធម៌។ អញ្ចឹង បើ ហ៊ុន សែន មិនអាចទទួលយកបានទេ យើងក៏អត់ទទួល ហ៊ុន សែន ឈប់ទទួលស្គាល់ ហ៊ុន សែន ដែរ»៕

-----------------

» ការថ្លែងទាំងស្រុង របស់លោក សម រង្ស៊ី នៅក្នុងសិក្ខាសាលានាក្រុង ឡុងប៊ិច នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...