ចង់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅខណ្ឌ សែនសុខ ត្រូវមានបក្សពួក?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មករា ០១៤
- កែប្រែចុងក្រោយ: January 13, 2015
- ប្រធានបទ: បក្សពួក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋមួយចំនួនដែលបានមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋានខណ្ឌ សែនសុខ រាជធានីភ្នំពេញ បានសម្ដែងការត្អូញត្អែររបស់ពួកគេ នៅចំពោះនិតិវិធីនៃការលក់ និងទិញពាក្យបំពេញ របស់មន្ត្រីនៅអធិការដ្ឋានខណ្ឌ ដែលបានប្រព្រឹត្តិទៅតាមបែបបក្សពួក និងបង្កប់ទៅដោយអំពើពុករលួយ។ ការនាំគ្នាមកធ្វើអត្តសញ្ញាណប័ណ្ណថ្មីទាំងនោះ បានកើតឡើងបន្ទាប់ពីលិខិតអញ្ជើញ របស់លោកអធិការខណ្ឌសែនសុខ បានប្រាប់ដល់ប្រជាពលរដ្ឋតាមភូមិនីមួយៗ ក្នុងសង្កាត់ដែលចំណុះឲ្យខណ្ឌរបស់ខ្លួន មកទទួល«ទិញ»ពាក្យបំពេញ ដើម្បីបំពេញធ្វើអត្តសញ្ញាណប័ណ្ណ ទៅតាមការណាត់ជា«ដាច់ខាត»។
អ្នកមកធ្វើអត្តសញ្ញាណប័ណ្ណទាំងនោះ បាននាំគ្នាទៅអធិការដ្ឋានខណ្ឌទាំងព្រឹកតាមការកំណត់ តែបាន«ខក»ចិត្ត ព្រោះបានបរាជ័យ មិនបានទទួលពាក្យបំពេញធ្វើបែបបទនោះឡើយ។ អ្នកលក់ពាក្យម្នាក់ដែលមិនប្រាប់អត្តសញ្ញាណ បានប្រាប់ថា ចាំថ្ងៃម៉ោង១២មកទើបមានលក់ ឬស្អែកមកពីព្រឹកមក អាចទិញបានហើយ។ អ្នកលក់នេះបញ្ជាក់ថា៖ «អស់ពាក្យហើយ។ ព្រឹកយកចុងសន្លឹកនោះមកដោត ដើម្បីបានទទួលពាក្យទៅបំពេញ បើមិនដូច្នេះទេ បើមិនទាន់គេទេ មិនអាចធ្វើបានឡើយ។ (...) ព្រឹកខាងខ្ញុំទទួលធ្វើតែ៧០នាក់ប៉ុណ្ណោះ ហើយថ្ងៃទទួលធ្វើតែ៤០នាក់ទេ បើមកទាន់មានពាក្យលក់មិនទាន់ទេ រង់ចាំពេលបន្ទាប់ទៀតទៅ។»
អ្នកស្រី លក្ខិណា ពលរដ្ឋម្នាក់ដែលមានវត្តមាន នៅកន្លែងធ្វើអត្តសញ្ញាណនោះ បានលើកឡើងថា អ្នកស្រីមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់មករង់ចាំធ្វើអត្តសញ្ញាណនេះទេ បើណាត់មកថ្ងៃនេះ មិនបានធ្វើអ្វីទាំងអស់នោះ។ ហើយបែរជាឲ្យរង់ចាំមកពេលក្រោយទៀត ដោយគ្មានគោលដៅច្បាស់លាស់នោះ វាពិតជាពិបាកណាស់សម្រាប់អ្នកស្រីដែលត្រូវធ្វើការផង និងត្រូវឈប់មកធ្វើអត្តសញ្ញាណផងនោះ។ អ្នកស្រី លក្ខិណា បញ្ជាក់ថា៖ «ការងារត្រូវច្បាស់លាស់ ក្នុងលិខិតឲ្យមកថ្ងៃទី១២ ខែមករា ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ។ ខំមកទាំងព្រឹក ម៉ោងទើបជាងប្រាំបីសោះ បែរជាប្រាប់ថា អស់ពាក្យ លើកពេលចាំថ្ងៃ ឬស្អែកទៀត។ មិនប្រាកដថាស្អែកមក ពាក្យទាំងនោះនឹងនៅសល់ទៀតនោះឡើយ។»
ដោយឡែក លោក យ៉ែម ដែលមានវ័យជាង ហុកសិបឆ្នាំផ្លាយ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សង្គមនេះគឺវាបែបនេះឯង ការងាររដ្ឋបាលបែបអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់ គ្មានការគ្រប់គ្រងបានល្អឡើយ។ លោកបន្តថា ខំមកតាមការណាត់ ក្រែងបើមិនមកតាមនោះទេ គេថាហួសពេល ឬហួសថ្ងៃដែលត្រូវធ្វើចាំពេលក្រោយ ដូចរងចាំទឹកភ្លៀងក្នុងខែប្រាំចឹង គ្មានពេលច្បាស់លាស់ឡើយ។ លោកបានបញ្ជាក់ចុងក្រោយថា៖ «មុននេះមានប្តីប្រពន្ធ និងកូនម្នាក់ទើបតែមកក្រោយខ្ញុំ ស្រាប់តែគាត់មានពាក្យសម្រាប់បំពេញ។ ដល់ខ្ញុំសួរគាត់គាត់ប្រាប់ថា បានទំនាក់ទំនងតាមទូរស័ព្ទមកអ្នកនៅក្នុងនោះ ឲ្យយក(ទិញ)ទុកបានបីច្បាប់ ទើបគាត់បាន បើមិនដូចនេះទេ មិនអាចទិញបានទេ បើទោះមកមួយសប្តាហ៍ក៏ដោយ ព្រោះមនុស្សច្រើនណាស់ដែលសម្រុកមកធ្វើ ព្រោះវាត្រូវចំណាយប្រាក់តិច។»
និតិវិធីអនាធិបតេយ្យ នៃរដ្ឋបាលសាធារណៈ
អុំស្រីចំណាស់ម្នាក់ ដែលបានរួមដំណើរពីនាក់កូនរបស់ខ្លួន មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែរនោះ បានលើកឡើងថា ម្តេចមិនលក់ពាក្យដល់ពួកគាត់សិន ដើម្បីបានយកពាក្យទាំងនោះ ទៅបំពេញ នឹងបានដឹងថា តើត្រូវមានឯកសារអ្វីខ្លះត្រូវភ្ជាប់មកជាមួយ ឬត្រូវការបែបបទដ៏ពិបាកអ្វីទៀត ដែលត្រូវបំពេញបន្ត អាងនឹងបានត្រៀមខ្លួនជាមុន។ អុំស្រីបញ្ជាក់ទៀតថា៖ «នេះមិនហៅគេមក ដល់ពេលមកដល់ប្រាប់ថា អស់ពាក្យ ឲ្យអង្គុយចាំដល់ម៉ោង១២ថ្ងៃត្រង់ ទើបបើកលក់ពាក្យទៀត ឬចាំដល់ព្រឹកមកទិញទៀតទើបមានលក់បន្ត។ ចុះចាំបាច់ធ្វើអ៊ីចឹង បើលក់ឲ្យហើយទៅ បានពួកខ្ញុំបានបំពេញជាមុន នឹងអាលដឹងថា តើត្រូវធ្វើអ្វីខ្លះ បំពេញអ្វីខ្លះ យកឯកសាអ្វីខ្លះ បើនីតិវិធីនៃការធ្វើក៏មិនបានប្រាប់ ហើយក៏មិនបានផ្សព្វផ្សាយដែរនោះ។»
លោក ភារម្យ ពលរដ្ឋមួយរូបទៀត ដែលធ្លាប់ឆ្លងកាត់ការធ្វើអត្តសញ្ញាណនេះ បានលើកឡើងថា ការធ្វើអត្តសញ្ញាណប័ណ្ណនេះ គេត្រូវធ្វើឡើងទៅតាមតំបន់ និងគោលដៅមួយជាក់លាក់ មិនឲ្យច្រលូក បូកបល់គ្នានោះទេ។ គេត្រូវធ្វើឡើងនៅតាមខណ្ឌនីមួយៗ ដោយចេញលិខិតអញ្ជើញប្រជាពលរដ្ឋ ឲ្យមកតាមពេលនិងថ្ងៃកំណត់ បើមិនដូច្នេះទេ នឹងទុកអាអាសារបង់ហើយសម្រាប់លិខិតអញ្ជើញនោះ។ ប្រជាពលរដ្ឋពីតាមបណ្តាភូមិជាច្រើន ក្នុងសង្កាត់និមួយៗ ដែលនៅក្នុងខណ្ឌនេះ និងធ្វើបន្តវេនគ្នាជាបន្តបន្ទាប់។ លោកបន្ថែមថា៖ «ម៉ោងទើបតែ៩ព្រឹកសោះ មនុស្សមកមិនទាន់ទាំងបាន៣០នាក់ផង ឯពាក្យបំពេញ បែជាលក់អស់ ហូតដល់៧០ច្បាប់ទៅហើយ។ ដូចជាមិនសមហេតផល។»
យ៉ាងណា លោក ភារម្យ មិនបានបន្ថែមអ្វីជាងនេះទេ តែលោកគ្រាន់តែបញ្ជាក់ថា៖ « អ្នកដែលមានលិខិតអញ្ជើញក្នុងថ្ងៃណា ត្រូវមកក្នុងថ្ងៃនោះជាកំហិត បើមិនដូច្នេះទេ គេមិនទទួលខុសត្រូវក្នុងការខនខានធ្វើអត្តសញ្ញាណនោះឡើយ។ (...) អ្នកនោះមានផ្លូវតែមួយគត់ គឺត្រូវចំណាយប្រាក់ដោយខ្លួនឯងទាំងស្រុង ក្នុងការធ្វើអត្តសញ្ញាណនេះរហូតដល់ ៥៥ដុល្លាអាមេរិក សម្រាប់រយៈពេលមួយខែ ទើបអាចទទួលយកបាន។ (...) អ្នកគ្មានលុយធ្វើ ដូចខ្ញុំចឹង មានតែកាតអ៊ុនតាក់ និងកាតមន្រ្តីរាជការប្រើ ឯអត្តសញ្ញាណប័ណ្ណគ្មានប្រើនឹងគេទេ តាំងពីឆ្នាំ១៩៩៣មកនោះ។»
ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្រ្តីម្នាក់នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលក្នុងដៃមានកាន់ពាក្យ អ្នកបំពេញសម្រាប់អ្នកធ្វើអត្តសញ្ញាណប័ណ្ណនោះ បានលើកឡើងថា លោកត្រូវបានអ្នកភូមិ ឬអ្នស្គាល់មួយចំនួន«ពឹង»ឲ្យទិញពាក្យទុកឲ្យ រួមទាំងជួយបំពេញបែបបទមួយចំនួនផង។ លោកបន្តថា នេះមិនមែនជាការទិញលក់បន្តអ្វីទេ តែគ្រាន់តែអ្នកស្គាល់គ្នា គាត់ពឹងពាក់ឲ្យជួយទិញឲ្យប៉ុណ្ណោះ ឯតម្លៃត្រូវបានកំណត់ឲ្យចំណាយ ក្នុងមួយនាក់(ឬពាក្យមួយច្បាប់) មួយម៉ឺនរៀល។ លោកថ្លែងឡើងថា៖ «ខ្ញុំមានគេផ្ញើរប្រហែលជាង១០នាក់ និងសម្រាប់អ្នកផ្សេងទៀត ក៏ប្រហែលជាមានទិញទុកឲ្យដែរ។ (...) ខ្ញុំមិនមានយកឈ្នួលអីទេ បើគាត់មិនឲ្យក៏ខ្ញុំមិនទារដែរ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីអធិការដ្ឋានខណ្ឌសែនសុខ លោក ម៉ក់ ហុង ដើម្បីបង្ហាញពីបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងតម្លៃចំណាយនោះឡើយ។ តែតាមលិខិតដែលប្រកាស និងបានបិទនៅជាប់ក្លោងទ្វាចូលដោយគ្មានត្រា និងបែបបទដ្ឋបាលនោះ ក៏បានស្នើឲ្យអ្នកមកធ្វើអត្តសញ្ញាណប័ណ្ណរាយការណ៍មកភ្លាមៗ បើមានការយកលុយលើស ពី១០០០០(មួយម៉ឺនរៀល)នោះ។ តែឯកសារដែលចេញដោយក្រសួងមហាផ្ទៃ សម្រាប់អត្តសញ្ញាណប័ណ្ណ នេះត្រូវចំណាចប្រាក់ត្រឹមតែ១០០០រៀលប៉ុណ្ណោះ សម្រាប់រយៈពេលបីថ្ងៃ និងអាចប្រាស់ប្រាស់ជាអចិន្ត្រៃយ៍៕