ពលរដ្ឋថា មន្រ្តីអន្តោប្រវេសន៍នៅប៉ោយប៉ែត យកថ្លៃប័ណ្ណស៊ីជំពូខ្ពស់ខុសធម្មតា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៩កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 17, 2015
- ប្រធានបទ: ច្រកព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប័ណ្ណទីមួយ (ផ្នែកប័ណ្ណព្រំដែន) ជាប័ណ្ណ សម្រាប់ឱ្យមន្រ្តីអន្តោប្រវេសន៍ ត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យចេញ។ ប័ណ្ណទីពីរ (ផ្នែកប័ណ្ណស៊ីជំពូ) ជាកាតសម្គាល់ខ្លូនជនអន្តោប្រវេសន៍ ដែលអ្នកឆ្លងដែនទាំងអស់ ត្រូវមានដូចគ្នា។ នៅពេលចូល ទៅដល់ទឹកដីប្រទេសថៃ ប័ណ្ណទាំងពីរសន្លឹក នឹងត្រូវមន្ត្រីអន្តោប្រវេសន៍ថៃ ត្រូតពិនិត្យសារជាថ្មី មុននឹងអនុញ្ញាត ឱ្យចូលធ្វើការតាមកន្លែងផ្សេងៗគ្នា។
តែបញ្ហា នៅត្រង់ថា ពីមុនមក មិនដែលមានការលក់ប័ណ្ណរបៀបនេះ ក្នុងតម្លៃថ្លៃដ៏ខ្ពស់អញ្ចឹងទេ។ តែក្នុងពេលនេះ ដើម្បីបានប័ណ្ណស៊ីជំពូមួយសន្លឹក ពលរដ្ឋត្រូវចំណាយថ្លៃ៣០០បាត ស្មើ៣ម៉ឺនបីពាន់រៀល។ ដោយឡែកប័ណ្ណព្រំដែនវិញ អ្នកដំណើរត្រូវចំណាយ១០០បាត ស្មើរនឹង១១០០០រៀលក្នុងមួយសន្លឹក ខណៈពីមុនមក ពលរដ្ឋមិនដែល តម្រូវឲ្យបង់ប្រាក់ឡើយ។
ទាំងនេះ ជាការលើកឡើង របស់កម្មករចំណាក់ស្រុកម្នាក់ លោក ពែក វាសនា ដែលកំពុងធ្វើដំណើរ ជាមួយកម្មករប្រមាណ១០នាក់ទៀត ត្រឡប់ទៅខេត្តក្រចេះវិញ ដោយហេតុថា គ្មានប្រាក់បង់ ឱ្យនគរបាលអន្តោប្រវេសន៍ ទាក់ទងនឹងថ្លៃប័ណ្ណឆ្លងដែន ទាំងពីរប្រភេទ។ ពលរដ្ឋក្រីក្ររូបនេះ បានលើកឡើងថា មិនមែនជាលើកទីមួយទេ ដែលលោកចេញចូល ទៅធ្វើការនៅប្រទេសថៃ តែម្តងនេះខុសប្លែកពីធម្មតា។ បច្ចុប្បន្ន លោកគ្មានប្រាក់ សម្រាប់ធ្វើដំណើឆ្លងដែន ទៅដល់កន្លែងការងារចាស់វិញទេ ព្រោះនគរបាលអន្តោប្រវេសន៍ ច្រកទ្វារប៉ោយប៉ែតមិនអនុញ្ញាត ដោយសារលោកគ្មានប្រាក់គ្រប់គ្រាន់ បង់ថ្លៃប័ណ្ណទាំងពីរខាងលើ។ លោកបន្ថែមទៀតថា បើអស់ថ្លៃហើយបានទៅស្រួល នោះវាមិនប៉ុន្មានទេ។ តែនេះនៅមានលេសថា ទាល់តែមានក្រដាសបញ្ជាក់ ពី«ហ៊ួនណា» ឬថៅកែនៅប្រទេសថៃ ទើបចូលបាន លោកថា កាលពីមុន មិនដែលមានបញ្ហាទាំងនេះទេ។
ឆ្លើយតបនឹងពាក្យពេជ្យទាំងនេះ លោក សេម មករា នាយផ្នែកសេនាធិការអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនប៉ោយប៉ែត បានបដិសេធមិនបំភ្លឺបញ្ហាទាំងនេះ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទេ។ នៅពេលលើកទូរស័ព្ទដំបូង លោកមិនបាននិយាយអ្វីទាំងអស់ រួចចុចបិទទូរស័ព្ទ និងមិនព្រមទទួលទូរស័ព្ទ ជាលើកទីពីរទៀតឡើយ។
យ៉ាងណាក៏ដោយ លោក គោ ស៊ុំសារឿន អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នៅថ្ងៃទី០៩ ខែកញ្ញានេះថា ជាគោលការណ៍របស់រដ្ឋាភិបាល មិនអនុញ្ញាតឱ្យយកប្រាក់ច្រើនដូចនេះទេ។ លោកថា ចំពោះរឿងអន្តោប្រវេសន៍គឺ អ្នកគ្រប់គ្រងផ្នែកអន្តោប្រវេសន៍ ជាអ្នកចាត់ចែងករណីនេះ ដោយខ្លូនឯង បើមានរឿងបែបនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គួរតែត្រូវបានរាយការណ៍ ដើម្បីចាត់វិធានការទប់ស្កាត់ ឱ្យបាន។ ចំពោះលោកផ្ទាល់ ដែលមាននាទី ជាអ្នកគ្រប់គ្រងរដ្ឋាបាលរួម នៅក្នុងខេត្តនេះ លោកនឹងធ្វើការប្រជុំ បើសិនជាមានរឿងបែបនេះកើតឡើង ក្នុងអង្គភាពណាមួយ។
ដោយឡែក មន្ត្រីឃ្លាំមើល របស់សមាគមការពារសិទ្ឋិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយជ័យ លោក ស៊ុំ ចាន់គា បានមានប្រសាសន៍ថា មន្រ្តីនគរបាលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មិនគួរណាធ្វើបែបនេះទេ។ លោកបានថ្លែងប្រាប់ថា ការជំរិតទារប្រាក់ ពីប្រជាពលរដ្ឋក្រីក្រ ដែលចំណាក់ស្រុកធ្វើកម្មករគេ វាផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាល។ ករណីខាងលើនេះ ជារឿងមួយ ក្នុងចំណោមរឿងជាច្រើន ដែលលោកបានទទួល ជារឿយៗមកហើយ។
លោក ស៊ុំ ចាន់គា បានថ្លែងឲ្យដឹងទៀតថា បញ្ហានេះ គួរតែមានកិច្ចអន្តរាគមន៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេត រកជនខិលខូចទាំងនោះ ដែលធ្វើឱ្យប៉ះពាល់ និងខូចខាតដល់សង្គម។ លោកសង្កេតឃើញថា រហូតមកដល់ពេលបច្ចុប្បន្ន នៅមិនទាន់មានអង្គភាពប្រឆាំងអំពើពុករលួយ មានចំណាត់ការ ចំពោះបញ្ហាច្រកទ្វារព្រំដែន ប៉ោយប៉ែត នេះនៅឡើយ៕