ទស្សនកិច្ចវប្បធម៌របស់ មីសែល អូបាម៉ា មានឥទ្ធិពលចំពោះស្ត្រីសកម្មជនដីធ្លី?
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៣ មីនា ២០១៥
- កែប្រែចុងក្រោយ: March 14, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមសហគមន៍ជំលោះដីធ្លីមាន បឹកក់ បុរីកីឡា និងព្រលានយន្តហោះ អេសអូអេស (SOS) បានជួបជុំគ្នា យកញត្តិទៅដាក់ នៅស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី ១៣ ខែមីនានេះ ដើម្បីស្នើរសុំជួបពិភាក្សា ជាមួយលោកស្រី មីសែល អូបាម៉ា (Michelle Obama) អំពីបញ្ហាជំលោះដីធ្លី និងសកម្មជនមួយចំនួន ដែលកំពុងជាប់ពន្ធនាគារ ខណៈពេលដែលអ្នកស្រី មកធ្វើទស្សនកិច្ចវប្បធម៌ នៅកម្ពុជា ក្នុងថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនាខាងមុខ។
អ្នកស្រី ច្រាយ នីម តំណាងសហគមន៍បឹងកក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការដែលក្រុមអ្នកស្រី ចង់ជួបពិភាក្សាជាមួយនឹងលោកស្រី មីសែល អូបាម៉ា ព្រោះចង់ឲ្យលោកស្រីជួយ យកបញ្ហារបស់ពួកគាត់ ទៅពិភាក្សាជាមួយនឹងថ្នាក់ដឹកនំាកម្ពុជា ដើម្បីធ្វើយ៉ាងណា ជួយជម្រុញការដោះស្រាយ បញ្ហាជំលោះដីធ្លី និងស្ត្រីសកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារ ដូចជាអ្នកស្រី ទេព វន្នី លោកយាយ ម៉ាមី ជាដើម។ អ្នកស្រី ច្រាយ នីម បានិយាយថា បានជាក្រុមអ្នកស្រីសម្រេចចិត្ត ចង់ពីភាក្សាជាមួយភរិយារបស់លោក អូបាម៉ា ព្រោះដំណើរទស្សនកិច្ច របស់ស្រ្តីទីមួយអាមេរិកាំងរូបនេះ មកកម្ពុជា គឺចង់យល់ដឹងអំពីវប្បធម៌ របស់កម្ពុជា បញ្ហាសិទ្ធិស្ត្រី និងកុមារផងដែរ។
តំណាងសហគមន៍បឹងកក់ដដែល បានលើកឡើងថា អ្នកស្រីមានសង្ឃឹមយ៉ាងខ្លាំងថា លោកស្រី មីសែល អូបាម៉ា អាចជួយដោះស្រាយ បញ្ហារបស់ពួកគាត់បាន ព្រោះលោកស្រីស្ត្រីទីមួយ របស់សហរដ្ឋអាមេរិក នឹងមានសេចក្តីក្លាហាន ហ៊ានលើកយកបញ្ហារបស់ស្ត្រីនៅកម្ពុជា ដែលកំពុងជួបទុក្ខលំបាក ទៅពីភាក្សាជាមួយ លោក ហ៊ុន សែន។ អ្នកស្រី ច្រាយ នីមបានបញ្ជាក់ថា ញត្តិរបស់ពួកគាត់ ត្រូវបានអ្នកតំណាងស្ថានទូត ចេញមកទទួល ដោយក្តីរីករាយ ហើយអ្នកតំណាងនោះ បានប្រាប់ពួកគាត់ថា «គេនឹងបញ្ជូនញត្តិ របស់ពួកយើង ទៅដល់ដៃអ្នកស្រី មីសែល អូបាម៉ា តែម្តង» ។
លោក ណៃ វ៉ង់ដា អនុប្រធានផ្នែក និងមេធាវីតំបន់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា ការសុំជួបលោកស្រី មីសែល អូបាម៉ា របស់សហគមន៍ដីធ្លី ជារឿងមួយដែល និងត្រឹមត្រូវបំផុត ព្រោះលោកស្រី អូបាម៉ា មកកម្ពុជាក្នុងនាមស្វែងយល់ អំពីសិទ្ធិស្ត្រី និងកុមារ ដូច្នេះស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា គួតែអនុញ្ញាតឲ្យពួកគាត់ និងគួរៀបចំរបៀបវិរៈ នៅពេលណាមួយ ឲ្យតំណាងសហគមន៍ទំាងនោះ បានជួបជាមួយលោកស្រី ដើម្បីលើកឡើង ពីបញ្ហាដែលជួបទុក្ខលំបាករបស់ស្តី្រកម្ពុជា។
លោកបន្ថែមថា នៅពេលដែលលោកស្រី មីសែល អូបាម៉ា បានដឹងពីទុក្ខលំបាក របស់ស្ត្រីដែលជួប នឹងបញ្ហាជំលោះដីធ្លី និងស្ត្រីដែលជាប់ពន្ធនាគាហើយនោះ លោកស្រីអាចមានសិទ្ធិ លើកយកបញ្ហាទាំងនោះ ទៅពិភាក្សាជាមួយ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អំពីបញ្ហាទាំងនោះ។ លោកយល់ថា លោកស្រី មីសែល អូបាម៉ា មិនមានសិទ្ធដោះស្រាយបញ្ហារបស់ស្ត្រី ដែលកំពុងជាប់ពន្ធនាគា និងបញ្ហាដីធ្លីនោះទេ ប៉ុន្តែលោកស្រីអាចមានសិទ្ធលើកឡើង និងស្នើរសុំឲ្យមានដំណោះស្រាយសមស្រប សំរាប់ស្ត្រីកម្ពុជា ដែលបានរងគ្រោះ ហើយត្រូវបានដាក់ពន្ធនាគានោះ។
លោកយល់ថា ការលើកឡើងរបស់លោកស្រី មីសែល អូបាម៉ា នឹងត្រូវបានគេយកទៅពិចារណា ដោយហ្មត់ចត់ ព្រោះសហរដ្ឋអាមេរិក ជាប្រទេសមួយ ដែលមានឥទ្ធិពល ផ្នែកជំនួយ ផ្នែកយោធា និងការស្រូបយកទំនិញ ពីកម្ពុជាផងដែរ។ ម្យ៉ាងទៀត «លោកស្រី ជាស្ត្រីទី ១ នៃសហរដ្ឋអាមេរិក ខ្ញុំគិតថា រឿងនេះ នឹងមានឥទ្ធិពលដល់អ្នកជាប់ពន្ធនាគា ស្ត្រីដទៃទៀត ដូចជាស្ត្រីសកម្មជនដីធ្លីផ្សេងទៀត ទូទាំងប្រទេស រួមទាំងលោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង និងសកម្មជនដទៃទៀត ផងដែរ»៕