ប្លន់ផ្ទះវេរលុយរួច ចោរបិទមុខបានគេចខ្លួនដោយសុវត្ថិភាព
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៩ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: October 08, 2015
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមសេចក្ដីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅវេលាម៉ោង ១៧ និង០៥ នាទីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅក្នុងភូមិ កាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្តាលឲ្យបុរសជាម្ចាស់ផ្ទះ រងរបួសបែកក្បាលពីក្រោយ។
តាមសម្តីរបស់មន្ត្រីសមត្ថកិច្ច ស្រុកមោងឬស្សី បានឲ្យដឹងថា ផ្ទះដែលត្រូវចោប្លន់នេះ បើកលក់សាច់ឆ្កែ និងទើបតែបើកវេរលុយ បានរយះពេលបួនថ្ងៃប៉ុណ្ណោះ។ មន្ត្រីរូបនោះបានបន្តទៀតថា ជនរងគ្រោះជាប្តីមានឈ្មោះ រដ្ឋ ធី មានអាយុ ៣៥ ឆ្នាំមុខរបរជាអ្នកលក់សាច់ឆ្កែ និងវេរលុយ ត្រូវក្រុមចោរវាយបែកក្បាលពីក្រោយ។ ចំណែកប្រពន្ធមានឈ្មោះ រ៉ែម ម៉ារ៉ា មានវ័យ ៣៥ ឆ្នាំ រស់នៅក្នងភូមិឃុំខាងលើ។
នៅពេលកំពុងធ្វើសកម្មភាពប្លន់នេះ ក្រុមសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ទាន់ពេលដែរ តែមិនហ៊ានបាញ់ ព្រោះខ្លាចត្រូវម្ចាស់ផ្ទះ។ ម្យ៉ាងទៀតចោរទាំងពីរ មានកាំភ្លើងទាំងពីរ (កាំភ្លើងខ្លីមួយ និងអាកាមួយដើម) បានត្រឹមបាញ់បង្អើលចោរ២ ទៅ៣ គ្រាប់ឲ្យរត់ប៉ុណ្ណោះ។ ក្រោយពេលប្លន់រួច ក្រុមចោរនោះបានគេចខ្លួន បាត់ដោយសុវត្ថិភាព។ ចំពោះទ្រព្យសម្បត្តិ ដែលបាត់បង់រួមមានប្រាក់រៀលចំនួន ១ ៥០០ ០០០រៀល ប្រាក់បាត ១ ម៉ឺនបាត និង លុយដុល្លារ ២០០ ដុល្លារ។
បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ច កំពុងតាមប្រមាញ់ជនសង្ស័យ តែមិនទាន់ឃាត់ខ្លួន ជនសង្ស័យណាម្នាក់បាន នៅឡើយ៕