បុគ្គលិករោងចក្រ ស៊ិនតាយ ដែលរងគ្រោះនឹងទឹកអាស៊ីត នៅបីថ្ងៃក្រោយ...
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី០៨ មីនា ២០១៥
- កែប្រែចុងក្រោយ: March 09, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សភាពរបស់នារីសន្តិសុខ រោងចក្រស៊ិនតាយ ក្រោយរងគ្រោះ នូវការជះទឹកអាស៊ីត ពីសំណាក់ស្រ្តីម្នាក់ នៅពេលដែលទស្សនិកជន បានឃើញហើយ ពិតជាគួរឱ្យខ្លោចចិត្តក្រៃលែង។ ឥទ្ធិពលនៃទឹកអាស៊ីត បានធ្វើរូបកាយ និងមុខមាត់របស់នាង ប្រែទៅជារលេះរលួយ ស្ទើរតែបាត់បង់ រូបរាងជាមនុស្សទៅហើយ។
រូបថតបុគ្គលិកសន្ដិសុខ វ័យ២០ឆ្នាំរូបនេះ ត្រូវបានគេយកបង្ហោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលសភាពរបស់នាងនៅពេលនេះ ធ្វើឱ្យមនុស្សជាច្រើន មានការអាណិតអាសូរ យ៉ាងខ្លាំង។ ពួកគេបានសម្តែងការសោកស្តាយ ចំពោះករណីនេះ ដោយសារតែភ្លើងប្រច័ណ្ឌមួយពេល បានធ្វើឱ្យនារីម្នាក់ត្រូវបាត់បង់សម្រស់ និងប្រឈមមុខនឹងការខូចអនាគត់។
គួររម្លឹកថា កាលពីព្រលឹមថ្ងៃទី០៦ មិនា នារីជាសន្តិសុខរោងចក្រស៊ិនតាយខាងលើ ត្រូវបានស្រ្តីម្នាក់ ជះទឹកអាស៊ីត ខណៈពេលដែលនាងកំពុងដើរ ទៅធ្វើការជាមួយ កម្មកររោងចក្រផ្សេងៗទៀត ស្ថិតនៅមុខផ្សារ កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងថ្ងៃដដែលនោះដែរ ស្រ្តីម្នាក់ឈ្មោះ ស្រឿន ណាន់ ដែលជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ក្នុងពេលសួរចម្លើយ ស្រ្តីដែលជាជនសង្ស័យនោះ បានសារភាពថា ខ្លួនពិតជាបានជះទឹកអាស៊ីត ទៅលើនារីរងគ្រោះពិតមែន ដោយសារតែ នារីរងគ្រោះមានទំនាក់ទំនង ជាមួយប្តីរបស់ខ្លួន ដែលជាសន្តិសុខរោងចក្រ ស៊ិនតាយ ដូចគ្នា។ ស្រ្តីសង្ស័យ មានអាយុ៣៨ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រកាត់ដេរស្បែកជើង EVC និងជាប្រពន្ឋរបស់បុរសម្នាក់ ដែលមានស្នេហាជាមួយនារីរងគ្រោះ។ ស្ត្រីរូបនេះ ត្រូវបាន សមត្ថកិច្ចឃុំខ្លួន និងបានកសាងសំនុំរឿង បញ្ជូនទៅតុលាការ។
ចំណែកឯជនរងគ្រោះ ឈ្មោះ មាស វន្នី មានមុខរបរជាសន្តិសុខ យាមប្រចាំការ នៅរោងចក្រហួស៊ិនតាយ និងស្នាក់នៅបន្ទប់ជួល នៅភូមិចោមចៅ សង្កាត់ចោមចៅ។ ជនរងគ្រោះមានស្រុកកំណើត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ននេះ នារីរងគ្រោះ ដែលរងទឹកអាស៊ីត ធ្វើឲ្យរលេះរលួយពេញខ្លួន កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕