ឈាង វុន គម្រាម​​សង្គម​​ស៊ីវិល ពី​រឿង​ទឹក​ខ្មៅ​«ជ្រលក់​ម្រាម​ដៃ»

សង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធ នឹងការបោះឆ្នោត ត្រូវបានលោក ឈាង វុន ព្រមានជាថ្មី ក្នុងរឿងទឹកខ្មៅជ្រលក់ដៃ កាលពេលបោះឆ្នោតកន្លងទៅ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 09, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្ពុជាកំពុងអនុវត្តលិទ្ធិប្រជាធិបតេយ្យ រហូតមានអង្គការសង្គមស៊ីវិលមួយចំនួន ធ្វើអ្វីស្រេចតែនឹងចិត្ត មិនគោរពតាម​លក្ខខន្តិកៈរបស់ខ្លួន ដូចមានតំកល់នៅក្រសួងមហាផ្ទៃ ឬក្រសួងការរទេសជាដើម។ នេះជាការថ្លែង របស់លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា។

ថ្លែងក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើកទី១ នៃរដ្ឋសភា លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នាព្រឹក​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃរដ្ឋសភា លោក ឈាង វុន បានលើកឡើងថា៖ «យើងមិនដែលទៅគាបសង្កត់ សិទ្ធិរបស់សង្កមស៊ីវិលទេ តែកុំធ្វើអ្វីឲ្យខុស នឹងលក្ខខន្តិកៈដែលបានដំកល់នោះ។ (…) បើគាត់ធ្វើខុស តើគាត់ត្រូវមានទោសឬអត់។»

លោកបានរំលឹក ព្រឹត្តការណ៍មួយ ក្រោយមុនថ្ងៃបោះឆ្នោត ឆ្នាំ២០១៣កន្លងមកនេះថា កាលពីថ្ងៃទី២៦ ដែលជាថ្ងៃ​ចុង​ក្រោយ នៃការឃោសនាបោះឆ្នោត មានអង្គការសង្គមស៊ីវិលមួយចំនួនធំ បានធ្វើការជួបជុំគ្នា និងប្រកាសពី​ទឹកថ្មាំ​ជ្រលក់​ដៃ អាចលាងជ្រះ។ លោក បានថ្លែងឡើងថា៖ «ថ្ងៃ២៧ ទៅសាក និងប្រជែងតាមទូរទស្សន៍ទៀត ដែលជាថ្ងៃ​នៃ​ច្បាប់របស់យើង ស្នើឲ្យនៅស្ងៀមស្ងាត់»។

លោកបានចាត់ទុកថា ការប្រកាសរបស់សង្គមស៊ីវិលនាពេលនោះ មានផលអាក្រក់បំផុត ចំពោះប្រទេសកម្ពុជា។ លោក​បន្តថា ការផ្តល់វត្តមាន ដល់អង្គការសង្គមស៊ីវិល ព្រោះតែចង់អនុវត្តលិទ្ធិប្រជាធិបតេយ្យ ស្របពេលកម្ពុជា បង្កើតឲ្យ​មានការបោះឆ្នោត ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិ ក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន។

លោកបានធ្វើការថ្កោលទោស ទៅលើអង្គការមួយចំនួន ដែលបានបំផុស នូវព្រឹត្តការណ៍«ទឹកខ្មៅ» ដើម្បីដាក់ ឬបង្ក​ការ​មន្ទិលសង្ស័យឲ្យប្រជាពលរដ្ឋ សម្លឹងមកមើលស្ថាប័នរៀបចំការបោះឆ្នោត ដែលត្រូវរងនូងការចោទប្រកាន់ថា មាន​ការ​ប្រើបប្រាស់ទឹកថ្មាំមិនត្រឹមត្រូវ។ លោកបានបន្ថែមថា តែករណីនេះ ត្រូវបានបកស្រាយវិញ ដោយស្ថានទូតឥណ្ឌា ថា បើអ្នកណាអាចលប់ទឹកខ្មៅនោះបាន អាចយកទៅជួបលោក (ស្ថានទូតឥណ្ឌា) បាន។

លោក ឈាង វុន បានបន្តថ្លែងទៀតថា៖ «សង្គមស៊ីវិលធ្វើនេះ មិនត្រូវទេ។ បើគាត់មិនប្រកាន់បក្ស ប្រកាន់ពួក មិនកាន់​គណបក្សនយោបាយ និងគ្មាននិន្នាការនយោបាយ យើងទទួលយកបាន អាហ្នឹងត្រឹមត្រូវ។ (..) តែបើមកប្រកាសដូច្នេះ យើងមិនអាចទទួលយកបានតែម្តង។ (…) សង្គមស៊ីវិលណាខ្លះ ដែលធ្វើការបំរើនយោបាយ ព្រោះគាត់យក​លុយពី​ក្រៅ​មក ដើម្បីវាយគណបក្សប្រជាជន។ យើងដឹងតើ មិនមែនយើងមិនដឹងឯណា?។ (…) យើងនឹងធ្វើច្បាប់ ដើម្បីគ្រប់​គ្រង​សង្គម​ស៊ីវិលបន្ថែមទៀត។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ស្វែងរកនូវប្រតិកម្ម ពីខាងសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត បាននៅឡើយទេ នាព្រឹកថ្ងៃទី៩ ខែមីនានេះ។

សូមរំលឹកថា ក្នុងឆ្នាំ២០១៣ មុនការបោះឆ្នោត មានអង្គការសង្គមស៊ីវិលមួយចំនួន ក្នុងនោះរួមមានសមាគមអាដហុក និងអង្គការខុមហ្វ្រែល បានបង្ហាញនូវរបបគំហើញថ្មីរបស់ខ្លួន ទាក់ទងនឹង«ទឹកថ្នាំខ្មៅ របស់គ.ជ.ប.អាចលាងជ្រះវិញ ក្នុងពេលដ៏ខ្លី»។ ភ្លាមៗនោះ លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានធ្វើសន្និសីទ​ឆ្លើយ​តបវិញភ្លាមៗថា «ទឹកខ្មៅនេះមិនអាចលុបជ្រះ បានទាំងស្រុង»ទេ។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់លើកទី១ នៃរដ្ឋសភា លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នេះ មានអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានចូលរួម។ ប៉ុន្តែគេមិនសង្កេតឃើញ ថ្នាក់ដឹកនាំធំៗ របស់អង្គការ​ដែល​ពាក់​ព័ន្ធទាំងនោះ ដូចយ៉ាង ខុមហ្វ្រេល អង្គការនិចហ្វិច ឬអង្គកាអាដហុក ចូលរួមឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...