នាយិការ Action Aid៖ ភ្នំពេញដ៏ស្រស់ស្អាត គ្មានសុវត្ថិភាពសម្រាប់ស្ត្រី
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី០៨ មីនា ២០១៥
- កែប្រែចុងក្រោយ: March 09, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ទីក្រុងភ្នំពេញ គឺជាទីក្រុងសម្រាប់យើងទាំងអស់គ្នា ហើយវាជាទីក្រុង ដ៏ស្រស់ស្អាត ក៏ប៉ុន្តែមនុស្សមួយចំនួន មិនបានរស់នៅដោយសប្បាយចិត្ត នៅក្នុងទីក្រុងភ្នំពេញទេ ដោយសារតែ ពួកយើងមានការភ័យខ្លាច ក្នុងការធ្វើដំណើរនៅពេលយប់» នេះ ជាការលើកឡើងរបស់អ្នកស្រី ខារ៉ូរ៉ាយ នាយិការអង្គការ Action Aid។
ថ្លែងក្នុងកម្មវិធីយុទ្ធនារាំ ម៉ាឌីស្សូន នៅទីលានប្រជាធិបតេយ្យ នាល្ងាចថ្ងៃទី៨ ខែមិនានេះ អ្នកស្រីបានរៀបរាប់ថា រាជធានីភ្នំពេញ ត្រូវបានរកឃើញ និងបង្កើតឡើង ដោយស្រ្តីដែលមានឈ្មោះថា យាយពេញ។ ប៉ុន្តែរាជធានី ដែលបង្កើតឡើងដោយស្រ្តីនេះ ហាក់មិនអាចផ្តល់សុវត្តិភាព ដល់ស្រ្តីឡើយ ជារឿយៗ ពួកគេតែងតែជួបប្រទះនូវបញ្ហា ជាពិសេសការបៀតបៀនពីបុរស។
អ្នកស្រីបន្តថា កាលពីឆ្នាំទៅ អង្គការ Action Aid បានធ្វើការសិក្សាស្រាវជ្រាវមួយ ដោយធ្វើការសម្ភាស ទៅលើស្រ្តីដែលរស់នៅទីក្រុងភ្នំពេញ ថាតើពួកគេមានគិតថាមានសុវត្តិភាពនៅពេលធ្វើដំណើរនៅពេលយប់ដែលឬទេ? ជាការតបពីអ្នកដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថាស្រ្តី៤នាក់ ក្នុងចំណោម៥នាក់បានឆ្លើយថា គាត់មិនមានសុវត្តិភាពក្នុងការធ្វើដំណើរ ក្នុងពេលយប់នោះទេ។ ហើយក៏មានស្រី្តជាច្រើននាក់ បាននិយាយថា ពួកគាត់ត្រូវរងនូវការបៀតបៀន ក្នុងពេលដែលពួកគាត់ ធ្វើដំណើរពេលយប់ផងដែរ។
ស្រី្តដែលរងគ្រោះទាំងនោះ ភាគច្រើនជាកម្មការិនីរោងចក្រ ស្រ្តីដែលរកស៊ីផ្លូវភេទ អ្នកផ្សព្វផ្សាយស្រាបៀរ និងនិស្សិតដែលសិក្សា នៅពេលយប់។
អ្នកស្រីបន្ថែមថា៖ «អញ្ចឹងហើយ យើងឃើញថាស្រ្តីភាគច្រើន មិនត្រឹមតែជួបប្រទះ នូវការបៀតបៀន នៅតាមទីសាធារណៈ និងនៅកន្លែងធ្វើការទេ សូម្បីតែគាត់នៅក្នុងផ្ទះរបស់គាត់ ក៏គាត់ប្រឈមមុខ នឹងការបៀតបៀនផងដែរ។ នៅឆ្នាំ២០១២ ចំនួនករណីនៃការរំលោភ បានកើតឡើងចំនួន៦៦៥ករណី ហើយក្នុងចំណោមនោះ ចំនួនពាក់កណ្តាលតែប៉ុណ្ណោះ ដែលត្រូវបានចោទប្រកាន់ នៅក្នុងប្រព័ន្ធតុលាការ។ ហើយនៅក្នុងករណីមួយចំនួនទៀត នៅពេលដែលស្រ្តី ដែលជួបប្រទះបញ្ហាទាំងនោះ គាត់បានធ្វើសេចក្តីរាយការណ៍ ពីស្ថានការណ៍ ឬក៏ព្រឹត្តិការណ៍នេះ ទៅសមត្ថកិច្ច ប៉ុន្តែពួកគាត់តែងតែថា ទទួលបាននូវការស្តីបន្ទោសមកវិញថា ពួកគាត់ហ្នឹង មិនបានស្លៀកពាក់មិនបានសមរម្យ និងជាពិសេស មិនគួរធ្វើដំណើរនៅពេលយប់។»
រីចំពោះគ្រួសារវិញ ត្រូវបានគេហាមឃាត់ មិនឱ្យស្រ្តីធ្វើដំណើរនៅពេលយប់ ដើម្បីរក្សានូវសុវត្តិភាព។ អ្នកស្រីបានឱ្យដឹងបន្ថែមថា ពួកគេមិនត្រូវធ្វើដូច្នេះទេ ស្រ្តីគួរតែមិនត្រូវបានស្តីបន្ទោស ពីសមត្ថកិច្ច ឬក៏ការហាមឃាត់ ពីក្រុមគ្រួសារនោះឡើយ។ ពួកគេគួរតែរកដំណោះស្រាយ ដ៏សមស្របមួយសម្រាប់ស្រ្តី។ អ្នកស្រីថា នៅក្នុងឆ្នាំ២០១៥នេះ ស្រ្តីទាំងអស់គ្នា នឹងទាមទារឱ្យរាជធានីភ្នំពេញ មានសុវត្តិភាពសម្រាប់ទាំងអស់គ្នា ជាពិសេសគឺស្រី្ត ដើម្បីជៀសផុតពីការភ័យខ្លាច។
នាយិការរូបនេះ បានពន្យល់ទៀតថា៖ «អញ្ចឹងហើយ នៅថ្ងៃទិវានារីអន្តរជាតិ គឺយើងឈរនៅទីនេះទាំងអស់គ្នា ដើម្បីទាមទារឱ្យមានការបញ្ឈប់ និងលុបបំបាត់ នូវវប្បធម៌ទុកស្រ្តីមិនស្មើនឹងបុរស។ យើងទាមទារឱ្យរដ្ឋាភិបាល និងអ្នកជំនួញ ស្ថាប័នគ្រប់ទាំងអស់ យកចិត្តទុកដាក់ដោះស្រាយបញ្ហាស្រ្តី។ យើងស្នើរឱ្យសាលារាជធានីភ្នំពេញ គាត់ផ្តល់ និងគិតគូរសេវាសាធារណៈដល់ស្រ្តី ហើយអ្វីដែលយើងស្នើរសុំនេះ មិនមែនជារឿងដែលពិបាកធ្វើទេ គឺជារឿងដែលងាយធ្វើជាទីបំផុត។ ជាក់ស្តែង ដូចជាការដាក់អំពូលភ្លើង តាមផ្លូវសាធារណៈ។ ការដាក់អំពូលភ្លើងបំភ្លឺ នៅទីសាធារណៈនេះ វាអាចកាត់បន្ថយឱ្យស្រ្តី មិនខ្លាចនូវការបៀតបៀននៅពេលងងឹត។»៕