កែម ឡី៖ «លិទ្ធិ​ប្រជាធិបតេយ្យ ដែល​សម្រេច​ដោយ​បុគ្គល​ម្នាក់»

អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក កែម ឡី បានពន្យល់ពីវិធីសាស្ត្រមួយចំនួន ដើម្បីឲ្យពលរដ្ឋ អាចធ្វើការកត់សំគាល់បាន ពី«ចរិកលក្ខណះសំខាន់ៗ» នៃការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយ តាមបែប«ប្រជាធិបតេយ្យ»ឬ តាមបែប​«អំណាចបុគ្គល»។ ការពន្យល់របស់លោក ធ្វើឡើងតាមរយៈ៧ចំណុច ដូចខាងក្រោម។
កែម ឡី៖ «លិទ្ធិ​ប្រជាធិបតេយ្យ ដែល​សម្រេច​ដោយ​បុគ្គល​ម្នាក់»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា។ (រូបថត​ AFP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: May 25, 2018
  • ប្រធានបទ: វិភាគ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យ «ប្រជាធិបតេយ្យ» មានន័យថា ជា«អំណាចរបស់ប្រជាពលរដ្ឋ ឬការគ្រប់គ្រងដោយប្រជាជន»។ លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានលើកឡើងយ៉ាងខ្លីដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក មុននឹងធ្វើអត្ថាធិប្បាយ យ៉ាងវែងអន្លាយថា ប្រទេសមួយដែលអះអាងថា ខ្លូនបាន និងកំពុងគោរពនីតិរដ្ឋ ឬប្រជាធិបតេ្យនោះ គឺអាស្រ័យ​ទៅលើការអនុវត្ត ឲ្យបានពេញលេញ នួវកត្តាប្រាំពីរយ៉ាង។ ខាងក្រោមនេះ ជាការពន្យល់ពីកត្តា ទាំង​«ប្រាំពីរយ៉ាង» និងលទ្ធផល នៃការអនុវត្តកត្តាទាំងនោះ ដើម្បីអាចដឹងថា តើកម្ពុជាសព្វថ្ងៃ «មាន ឬគ្មាន» លិទ្ធិប្រជាធិបតេយ្យ៖

១. គោរពសិទ្ធិមនុស្សជាមូលដ្ឋាន៖

គោលការណ៍៖ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ជាពិសេសលើការគោរពសិទ្ធិមនុស្ស ដូចជាសិទ្ធិបញ្ចេញមតិ គោរពសាសនា ចូលរួមនយោបាយ ។ សិទ្ធិទាំងនេះត្រូវបានចែងយ៉ាងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ។

លទ្ឋផល៖ នៃគោលការណ៍ទាំងនេះ ត្រូវបានរំលោភទាំងស្រុង តាមរយៈការរៀបចំ ច្បាប់អង្គការ សង្គមស៊ីវិល ច្បាប់សហជីព ច្បាប់បោះឆ្នោតថ្មី (បិទសិទ្ឋិបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល មិនឲ្យចូលរួម​សកម្មភាពនយោបាយ) ហាមមិនឲ្យនិយាយ ឬធ្វើសកម្មភាព​នយោបាយ ក្នុងសាលា សកលវិទ្យាល័យ។ល។ ការរំលោភសិទ្ឋិការងារ និងសិទ្ឋិជាម្ចាស់លើដី លំនៅដ្ឋាន និងសិទ្ឋិជនជាដើមភាគតិច មានកំរិតខ្ពស់បំផុត។

២. ត្រូវមានការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៏៖

ជាគោលការណ៍៖ ភាពជាតំណាងរបស់ប្រជាជន ត្រូវកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ រចនាសម្ព័ន្ធបោះឆ្នោតមួយ ដែលឯករាជ្យ អព្យាក្រិត និងអាចជឿជាក់បាន ត្រូវរៀបចំឡើង ដើម្បីធានានូវការបោះឆ្នោតមួយ ដោយសេរី និងយុត្តិធម៌ ដើម្បីជ្រើសរើសតំណាងប្រជាជន តាមឆន្ទះពិតរបស់ពួកគាត់។

លទ្ឋផល៖ គណកម្មការជាតិរៀបចំការបោះឆ្នោតថ្មី ឆ្នាំ២០១៥នេះ ត្រូវបានជ្រើសរើស ឡើងពីគណបក្សនយោបាយ និងអ្នកនយោបាយ មានឥទ្ឋិពលដោយផ្ទាល់ និងដោយប្រយោល ទៅលើសេចក្តីសម្រេចចិត្តរបស់ គណកម្មការជាតិរៀបចំការបោះឆ្នោត។ ការរៀបចំការបោះឆ្នោតកន្លងមក គ្រាន់តែជាល្ខោនមួយថ្មី ដែលគេយកមកសម្តែង សម្រាប់គ្រប់គ្រង និងដឹកនាំប្រទេសតាមបុគ្គល និងក្រុមមនុស្សមួយក្រុម តែប៉ុណ្ណោះ។

៣. និតិរដ្ឋ ឬភាពស្មើគ្នាចំពោះមុខច្បាប់៖

គោលការណ៍៖ ការដឹកនាំរដ្ឋបែបប្រជាធិបតេយ្យ គ្រប់សមាជិកទាំងអស់ នៅក្នុងសង្គម គឺមានភាពស្មើគ្នា​ចំពោះមុខច្បាប់ ដោយមិនគិត ពីតួនាទី ឬឋានះណាមួយឡើយ ។ បានន័យថា បើកូនពលរដ្ឋសាមញ្ញធ្វើរឿងមួយខុស កូននាយករដ្ឋមន្រ្តីធ្វើរឿងដូចគ្នានេះ ក៏ត្រូវមានកំហុសដូចគ្នា ហើយទទួលពិន័យស្មើរគ្នា ។

លទ្ឋផល៖ ការសិក្សារបស់អង្គការតម្លាភាព លើប្រព័ន្ឋសុច្ចរិតភាពនៅកម្ពុជា ឆ្នាំ២០១៤ បានបញ្ជាក់ថា កម្ពុជាមានភាពកម្សោយ សឹងគ្រប់ស្ថាប័នពាក់ព័ន្ឋជាពិសេស ប្រព័ន្ឋតុលាការកម្ពុជា។ កំរិតខ្ពស់បំផុត នៃភាពគ្មានទោសចំពោះអ្នកធំ អ្នកមាន និងមន្ត្រីជាន់ខ្ពស់ នៅកម្ពុជា។ អំណាចប្រមូលផ្តុំ លើបុគ្គលតែម្នាក់ រដ្ឋាភិបាលមួយ មិនមានការបើកចំហ និងអំណាចរដ្ឋាភិបាល បានគ្របដណ្តប់លើប្រព័ន្ឋសង្គមទាំងមូល។ ការសិក្សារបស់គម្រោងយុតិធម៌ពិភពលោក ឆ្នាំ២០១៣ (World Justice Project 2013) បានបញ្ជាក់ ពីគ្មាននិតិរដ្ឋនៅកម្ពុជា។ ការសិក្សារបស់អង្គការសេរីភាព (Freedom House) បានបញ្ជាក់ពីប្រទេស៤ មាន​វៀតណាម ឡាវ ភូមា និងកម្ពុជា ថាជាប្រទេសមិនសេរី និងប្រទេសដ៏ទៃ ក្នុងបណ្តាប្រទេសអាស៊ាន ជាប្រទេសសេរី និងពាក់កណ្តាលសេរី។

៤. ការបែងចែងអំណាចដាច់ពីគ្នា និងអាចត្រួតពិនិត្យគ្នា ទៅវិញទៅមក៖

គោលការណ៍៖ ស្ថាប័នកំពូលរបស់ជាតិទាំងបី គឺរដ្ឋសភា (និតិបញ្ញត្តិ) រដ្ឋាភិបាល (និតិប្រតិបត្តិ) និងតុលាការ ត្រូវមានភាពឯករាជ្យពីគ្នា និងអាចត្រួតពិនិត្យគ្នាបាន។ រដ្ឋសភាអាចធានាថា តើរដ្ឋាភិបាលមាន​ការទទួលខុសត្រូវខ្ពស់ឬទេ ក្នុងការប្រតិបត្តិច្បាប់ ដោយអាចសួរដេញដោល ឬក៏ដកសេចក្តីទុកចិត្ត ពីសមាជិក​រដ្ឋាភិបាលណាម្នាក់បាន បើមានកំហុស។ តុលាការអាចបកស្រាយច្បាប់ ពីកំហុសឆ្គងរបស់រដ្ឋាភិបាល ឬផ្តន្ទាទោស​សមាជិក រដ្ឋាភិបាល​ណាម្នាក់បាន បើរំលោភច្បាប់។

លទ្ឋផល៖ ស្ថានភាពជាក់ស្តែង រដ្ឋាភិបាលបានត្រួតត្រា លើស្ថាប័ននិងប្រព័ន្ឋសង្គមទាំងមូល ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ ដៃគូអភិវឌ្ឍ បានវិនិយោគច្រើនណាស់ លើគោលការណ៍វិមជ្ឈការ និងសហវិមជ្ឈការ (Seila program កម្មវិធីសិលា ឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១១) កម្មវិធីដៃគូរអភិបាលកិច្ចមូលដ្ឋាន (Partnership for Local Governance-PLG - ឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ និងឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩) និងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ (National Program for Sub-National Democratic Development-NCDD - ឆ្នាំ២០១០ ដល់ឆ្នាំ២០១៩)។ល។ តែជាលទ្ឋផល អំណាចនៅតែស្ថិត​ក្នុងដៃមនុស្សម្នាក់ និងអំណាចយោធា (មានអភិបាលខេត្ត​កាន់តែច្រើនឡើងៗ បានតែងតាំង ពីអតីតមេបញ្ជាការយោធា)។

៥. អព្យាក្រិតភាព នៃស្ថាប័នរដ្ឋ៖

គោលការណ៍៖ នៅក្នុងសង្គមប្រជាធិបតេយ្យ ស្ថាប័នរដ្ឋសំខាន់ៗមានដូចជា យោធា នគរបាល ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គណៈកម្មាធិការសិទ្ធិមនុស្ស គឺត្រូវមានភាពឯករាជ្យ ពីគណបក្សនយោបាយ ដោយមិនស្ថិតនៅក្រោមចំណុះ នៃឥទ្ធិពលនយោបាយបក្សឡើយ។

លទ្ឋផល៖ សមាសភាពនៃស្ថាប័នទាំងនោះ ក្នុងពេលបច្ចុប្បន្ន សុទ្ឋតែបានបញ្ចូល ក្នុងគណកម្មការកណ្តាល របស់គណបក្សកាន់អំណាច និង អនុញ្ញាតឲ្យចូលរួមធ្វើសកម្មភាពនយោបាយ សម្រាប់គណបក្សកាន់អំណាច (ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថ្មី)។

៦. មានការទទួលខុសត្រូវខ្ពស់ និងតម្លាភាព៖

គោលការណ៍៖ រដ្ឋាភិបាល ​ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះប្រជាជនដែលបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តដល់ខ្លួន ដោយត្រូវឆ្លើយតប នូវរាល់សំណើរ ឬការសួរដេញដោលទាំងឡាយ ដែលដាក់ជូនពីមហាជន តាមរយៈសមាគម អង្គការសង្គមស៊ីវិល ឬតំណាងពលរដ្ឋ ដែលរងផលប៉ះពាល់ផ្ទាល់។ ប្រជាពលរដ្ឋត្រូវមានសិទ្ធិ ចូលយកពត៌មានផ្សេងៗ ពីស្ថាប័នរដ្ឋាភិបាល ហើយរដ្ឋាភិបាលមានកាតព្វកិច្ច ផ្តល់ជូនពត៌មានទាំងនោះ ដោយតម្លាភាព ។

លទ្ឋផល៖ ជាក់ស្តែង ព័ត៌មានត្រូវបានបិទជិត និងរដ្ឋាភិបាល ជារដ្ឋាភិបាលមួយមិនបើកចំហ គ្មានការទទួលខុសត្រូវ ចំពោះពលរដ្ឋរបស់ខ្លួន។ ច្បាប់នានាមិនត្រូវបានពិគ្រោះយោបល់ទូលំទូលាយ និងមតិភាគតិច មិនត្រូវបានគោរព និងយកចិត្តទុកដាក់ឡើយ។ កំរិតពិន្ទុដៃគូររដ្ឋាភិបាលបើកចំហ (Open Government Partnership-OGP) បានទទួលត្រឹម៤ ក្នុងចំណោម១៦ ដែលកម្ពុជាមិនទាន់មានលទ្ឋភាព ចូលជាសមាជិកបាន។

៧. គោរពលើគុណតម្លៃអត់អោន សហការ និងសម្រុះសម្រួល៖

គោលការណ៍៖ ដោយសារ​នៅក្នុងការគ្រប់គ្រងសង្គម តែងមានមតិភាគតិចជំទាស់ រដ្ឋាភិបាលដែលជាតំណាងមតិភាគច្រើន ត្រូវគោរព និងការពារមតិភាគតិច បើទោះបីខ្លួនមិនយល់ស្របក៏ដោយ។ រដ្ឋាភិបាលត្រូវឈរលើគោលការណ៏ អត់អោន សហការ និងសម្រុះសម្រួលដើម្បីសំរួល ដល់ដំណើរការប្រព្រឹត្តទៅ ​ដោយរលូន នៃការរស់នៅ និងទំនាក់ទំនងនៅក្នុងសង្គម ។

លទ្ឋផល៖ ធាតុពិតក្នុងសង្គមខ្មែរ ការគំរាប ការចាប់ ការសម្លាប់ក្រៅប្រព័ន្ឋតុលាការ ចាប់ដាក់ពន្ឋនាគារ ចំពោះជនស្លូតត្រង់ នៅតែកើតមានឡើង។ ការលាបពណ៌គ្នា ដើម្បីចាប់ដាក់ពន្ឋនាគារ មានការគួរឲ្យព្រួយបារម្មណ៏ និងការបង្កើតពាក្យបដិវត្តន៏ពណ៌ ជាយុទ្ឋសាស្រ្តមួយ ដើម្បីបំបិទសិទ្ឋិ និង ប្រែក្លាយប្រទេសកម្ពុជា ទៅជារបបយោធាជាក់ស្តែង។ ទ័ព និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានបណ្តុះបណ្ដាល សម្រាប់ការពារបក្ស និងបុគ្គលកាន់អំណាច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...