បុគ្គលិក​កាល់តិច​បន្ត​កូដកម្ម ព្រោះ​មិន​ទាន់​មាន​ចម្លើយ​ឲ្យ​តម្លើង​ប្រាក់​ខែ

នាព្រឹកថ្ងៃទី១៤ ខែឧសភានេះ កម្មករ និយោជិក ប្រមាណជាងមួយរយនាក់ បានមកជួបជុំគ្នានៅស្ថានីយ៍សាំងបូកគោ ដោយបន្តធ្វើកូដកម្ម និងទាំមទាឲ្យក្រុមហ៊ុនកាល់តិច បញ្ជាក់ពីគោលជំហររបស់ខ្លួន ឲ្យបានច្បាស់លាស់​ក្នុងការឆ្លើយ​តបទៅនឹងអ្វីដែលពួកគេទាមទារ ពិសេសសម្រាប់ប្រាក់ខែគោល១៦០ដុល្លាក្នុងមួយខែ និងប្រាក់សម្រាប់ខែទី១៣។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាព្រឹកថ្ងៃទី១៤ ខែឧសភានេះ កម្មករ និយោជិក ប្រមាណជាងមួយរយនាក់ បានមកជួបជុំគ្នានៅស្ថានីយ៍សាំងបូកគោ ដោយបន្តធ្វើកូដកម្ម និងទាំមទាឲ្យក្រុមហ៊ុនកាល់តិច បញ្ជាក់ពីគោលជំហររបស់ខ្លួន ឲ្យបានច្បាស់លាស់​ក្នុងការឆ្លើយ​តបទៅនឹងអ្វីដែលពួកគេទាមទារ ពិសេសសម្រាប់ប្រាក់ខែគោល១៦០ដុល្លាក្នុងមួយខែ និងប្រាក់សម្រាប់ខែទី១៣។


កូដកម្មរបស់បុគ្គលិកកាលតិច នៅស្ថានីយចាក់ស៊ាំងបូកគោ រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ S.Tith)

--------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ ឧសភា ២០១៤
--------------------------------

ប្រាក់ឈ្នួល - បុគ្គលិកប្រេងឥន្ធនៈកាល់តិចទាំងអស់ បានប្រកាសជាថ្មី បន្តធ្វើកូដកម្ម ដោយមិនទទួលយកការ​សម្រេចរបស់តំណាងក្រុមហ៊ុន ដែលស្នើសុំពេលសិក្សាស្រាវជ្រាវយូរ និងការតម្លើងប្រាក់បន្ថែមត្រឹមតែ១០ដុល្លា​សម្រាប់តែផ្នែកបេឡានោះ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក យឿន រ៉េត តំណាងកម្មករ បុគ្គលិកស្ថានីយ៍សាំងកាល់តិច​បូកគោក្រោយពីបរាជ័យនៃកិច្ចចចារម្សិលម៉ិញនេះ លោកក៏ដូចជាកម្មករ និយោជិកដទៃទៀត របស់ក្រុមហ៊ុនកាល់តិច នឹងបន្តធ្វើកូដកម្ម រហូតមាន ដំណោះស្រាយដ៏សមហេតុផល។ លោកបានបន្តយ៉ាងដូច្នេះថា «ដំណោះស្រាយនេះ ពួកយើងមិនអាចទទួលយកបានទេ។ (...) ព្រោះតែបន្ថែមប្រាក់ត្រឹមតែ១០ដុល្លានោះ និងភាពមិនច្បាស់លាស់របស់​ក្រុមហ៊ុន​ទាក់ទងនឹងចំនួនដែលត្រូវតម្លើង ឯសម្រាប់រយៈពេល នៃការដោះស្រាយនោះមិនជាបញ្ហាទេ។ (...) យើង​ចង់​បានប្រាក់គោល១៦០ ដុល្លា រួមនិងប្រាក់ខែទី១៣ ដែលនេះជាចំណុចសំខាន់ ឈានមកដល់ការធ្វើកូដកម្មនេះ។ (...) យើងនឹងបន្តធ្វើកូដកម្មរហូត ដល់មានដំណោះស្រាយ។ បើថ្ងៃទី២០ ឧសភា ខាងមុខនេះ ដំណោះស្រាយនៅតែ​មិនអាចទទួលយកបានទេ យើងនឹងបន្តធ្វើកូដកម្មទៀត ធ្វើរហូតដល់មានដំណោះស្រាយពិតប្រាកដ។»

ដោយឡែកលោក សេង តារាសោម ជាបុគ្គលិកចាក់សាំង ប្រចាំនៅស្ថានីកាល់តិចបឹងកេងកង បានលើកឡើងថាក្នុង​នាមរូបលោក ក៏ដូចជាក្រុមការងាររបស់លោក ថាលោកនៅតែមិនអាចទទួលយកបាន នូវភាពមិនច្បាស់លាស់របស់​ក្រុមហ៊ុនក្នុងការតម្លើងប្រាក់ខែនេះ។ លោកបន្តថា ក្នុងពេលបណ្តោះអាសន្នសម្រាប់ខាងបេឡាបន្ថែម១០ដុល្លា ឯ​ផ្នែក​ផ្សេងទៀតនៅដដែល ដោយរង់ចាំការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន ក្នុងរយៈពេលពីរខែទៅបីខែ​ខាងមុខនេះ​សិន។ «យើងចង់បាន​ទិន្នន័យ​មួយច្បាស់លាស់ថា ដូចអ្នកចាក់សាំងដែលមានប្រាក់ខែ១១០ ដុល្លា តើក្រុមហ៊ុនអាច​តម្លើងឲ្យប៉ុន្មានទៀតក្នុងពេលបណ្តោះអាសន្ននេះ? (...) ក្រោយពីស្រាវជ្រាវចប់នោះលទ្ធផលអាចទទួល​យកបាន​ឬអត់។»

សូមបញ្ជាក់ថា ក្នុងស្ថាននីយ៍ប្រេងសាំងកាល់តិចនីមួយៗមានច្រើនផ្នែក ដែលក្នុងនោះរួមមានផ្នែកគ្រប់គ្រង ផ្នែក​បេឡា ផ្នែកចាក់សាំង ផ្នែកសំអាត និងផ្នែកការហ្វេ។ លោក សេង តារាសោម ក្នុងនាមជាអ្នកគ្រប់គ្រងស្ថានីមួយ​ បាន​បន្តថា ផ្នែកដែលទទួលបានប្រាក់ខែទាបជាងគេ គឺផ្នែកចាក់សាំង និងអនាម័យ។ ហើយពួកគាត់ត្រូវការទាមទារ នូវ​ប្រាក់ខែ​គោល១៦០ដុល្លាក្នុងមួយខែ។ «យើងបានដាក់សំណើរហើយ តែពួកគាត់ (តំណាងក្រុមហ៊ុន) នៅមិនទាន់​មានការឆ្លើយតបទេ។»

ឆ្លើយតបមកទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមរយៈសារអេឡិចត្រូនិច អ្នកនាំពាក្យក្រុមហ៊ុនឈេហ្វរ៉ុន (Chevron) អ្នកស្រី ចាន់លេក ថាន (Chanlek Than) បានលើក​ឡើង​ថា ឈេហ្វរ៉ុន(កម្ពុជា) លីមីតធីត បានជួបប្រជុំ ពិភាគ្សាគ្នា ជាមួយនឹងសហជីព និងតំណាងរដ្ឋាភិបាលហើយ។

ក្នុងសារដ៏ខ្លីនេះ អ្នកស្រីមិនបានបញ្ជាក់ពីបញ្ហា ដែលនឹងត្រូវបន្តការដោះស្រាយនោះទេ។ តែអ្នកស្រីបានបង្ហាញ​នូវ​ការខកចិត្តយ៉ាងខ្លាំងថា «យើងមានការខកចិត្ត នៅពេលដែលសហជីពបន្តបដិសេធសំណើរបស់យើង។ យើង​សង្ឃឹម​ថា បុគ្គលិករបស់យើងនឹងរួបរួម យល់ព្រម ដើម្បីដោះស្រាយបញ្ហានេះអាជីវកម្ម និងដើម្បីបោះបង់ការធ្វើ​កូដកម្ម​ដោយខុសច្បាប់របស់ពួកគេ។»

ក្នុងកិច្ច​សម្ភាសជាមួយអ្នកសារព័ត៌មាន នៅស្ថានីសាំងបូកគោ នាព្រឹកថ្ងៃទី១៤ ខែឧសភានេះ លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា បានបញ្ជាក់ថាការបន្តធ្វើកូដកម្មនេះ ព្រោះតែក្រុមហ៊ុនបាន​លើកឡើងពីពេលវេលា តែសមម្រាប់កម្មករ និយោជិកវិញ ពេលវេលាមិនមេនជាបញ្ហាទេ។ តែអ្វីដែលសំខាន់​នោះ​គឺចំនួន ដែលនឹងត្រូវផ្តល់ឲ្យ។ «ប្រសិនបើក្រុមហ៊ុន នៅតែប្រកាន់ជំហរ មិនបញ្ជាក់ពីចំនួនប៉ុន្មានដែលត្រូវតម្លើងឲ្យ បងប្អូនកម្មករ និយោជិកទេ ចឹងកូដកម្មនៅតែបន្តដដែល។ (...) ចំណុចដែលខុសគ្នា ក្រុមហ៊ុនមិនព្រមឆ្លើយ ហើយ​កម្មករ និយោជិក ចង់ឲ្យក្រុមហ៊ុនឆ្លើយ។ (...) ក្រុមហ៊ុនមិនចាំចាច់ឆ្លើយតប តាមការទាមទារទេ តែក្រុមហ៊ុន​អាច​ឆ្លើយ​តប​ ទៅតាមអ្វីដែលអាចឲ្យកម្មករ និយោជិកទទួលយកបាន។»

ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា ក្រុមការងាររបស់លោក នឹងដាក់ពាក្យទៅស្ថានទូតអាមេរិក ដើម្បីឲ្យជួយដោះស្រាយនូវបញ្ហាប្រទាំងប្រទើសទាំងនេះ បើសិនដំណោះ​ស្រាយ​នោះនៅតែបន្តមាន។ «ល្ងាចនេះ ឬថ្ងៃស្អែក យើងនឹងដាក់ពាក្យទៅស្ថានទូតអាមេរិក ប្រសិនជាបញ្ហានឹងនៅ​តែមិន​បានដោះស្រាយ។»

ក្រុមហ៊ុនកាល់តិចប្រមាណជិត ៣០ សាខា នៅតាមបណ្តាខេត្ត ក្រុង រាជធានី មានកម្មករ និងនិយោជិកប្រមាណជាង​៣០០នាក់ នាំគ្នាតវ៉ាទាមទារប្រាក់ខែគោល១៦០ដុល្លាក្នុងមួយខែ និងប្រាក់ខែទី១៣។ ការទាមទារនេះ ស្របពេល​ដែលតម្លៃទំនិញលើទីផ្សារចេះតែឡើងថ្លៃ ហើយប្រាក់ខែរបស់ពួកគេ នៅតែទទួលបានតិចតួចមិនអាចឆ្លើយតប ទៅ​នឹងការដោះស្រាយបញ្ហាជីវភាពរស់នៅសព្វថ្ងៃ ដូចជាថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃចំណីអាហារ និងថ្លៃសេវាប្រចាំថ្ងៃ​សម្រាប់​កូនរៀននៅសាលារដ្ឋជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...