កូដកម្ម​កម្មករ​ដើរ​ជាង​១០​គីឡូមែត្រ មក​ទាមទារ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ

កម្មករកម្មការិនីប្រមាណពី ៥០០០ ទៅ ៦០០០នាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ ក្នុងប្រទេសកម្ពុជា បានដើរជាក្បួននៅ​ថ្ងៃព្រហស្បត្តិ៍ទី០៥ខែកញ្ញានេះ នៅតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញ ដើម្បីប្រឆាំងទៅនឹងការបញ្ឈប់ពីការងារ នូវកម្មករ​កម្មការិនីរាប់រយនាក់ ដោយរោងចក្រមួយដែលផលិតសម្លៀកបំពាក់ឲ្យយីហោធំៗ របស់បស្ចឹមលោក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: September 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មករកម្មការិនីប្រមាណពី ៥០០០ ទៅ ៦០០០នាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ ក្នុងប្រទេសកម្ពុជា បានដើរជាក្បួននៅ​ថ្ងៃព្រហស្បត្តិ៍ទី០៥ខែកញ្ញានេះ នៅតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញ ដើម្បីប្រឆាំងទៅនឹងការបញ្ឈប់ពីការងារ នូវកម្មករ​កម្មការិនីរាប់រយនាក់ ដោយរោងចក្រមួយដែលផលិតសម្លៀកបំពាក់ឲ្យយីហោធំៗ របស់បស្ចឹមលោក។


ការធ្វើកូដកម្មរបស់កម្មករនៃរោងចក្រ អេសអិល ហ្គាមេន ប្រូសេស៊ីង។ (រូបថត Nicolas Axelrod/Getty Images)

បើតាមមន្ត្រីសហជីពបានឲ្យដឹងថា រោងចក្រអេសអិល ហ្គាមេន ប្រូសេស៊ីង (SL Garment Processing) ដែលស្ថិត​ក្រោម​ការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយ នៅប្រទេសសាំងហ្គាពួរ ឈ្មោះ អេសអិល អាំងទែណាស៊ីយ៉ូណាល់ ហូឌីង (SL International Holdings) បានបញ្ឈប់បុគ្គលិកកម្មករនយោជិក ប្រមាណជា៧២០នាក់ កាលពីថ្ងៃពុធ។ រោងចក្រនេះ​ផលិត​សម្លៀកបំពាក់ឲ្យ យីហោធំៗ ល្បីៗ របស់បស្ចឹមលោក ដូចយ៉ាង Gap ឬ H&M នោះជាដើម។

ធ្វើអធិការកិច្ច ដោយមានអមពីនគរបាលប្រដាប់ដោយអាវុធ

មន្ត្រីសហជីពបាននិយាយបន្តថា ក្រុមកម្មករបាននាំគ្នាឈប់ធ្វើការ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីមានអធិការកិច្ច​មួយត្រូវបានធ្វើក្នុងរោងចក្រ ដឹកនាំដោយអ្នកទទួលខុសត្រូវម្នាក់របស់ក្រុមហ៊ុន អមជាមួយនឹងកងកម្លាំង​នគរបាល​«ប្រដាប់ដោយអាវុធ»ផង។

ក្រុមកម្មករទាំងនោះបានប្រមូលគ្នាដើរ ក្នុងចម្ងាយជាងដប់គីឡូមែត្រ ពីរោងចក្ររបស់ពួកគេដើរសំដៅទៅសាលារាជធានី​ភ្នំពេញ ដើម្បីស្នើសុំឲ្យអាជ្ញាធរធ្វើអន្តរាគមន៍ ក្នុងបញ្ហាសង្គមដែល«មិនចេះចប់មិនចេះហើយ»នេះ។ លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា«ស៊ីខៅឌូ»បានថ្លែងឲ្យដឹងថា «យើងចង់ឲ្យ​រោង​ចក្រអនុញ្ញាតិឲ្យកម្មករទាំងអស់ ត្រូវបានទទួលឲ្យចូលធ្វើការវិញ។ ប្រសិនបើពួកគេចង់បិតរោងចក្រ គេត្រូវបង់ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ទៅឲ្យកម្មករ សមស្របទៅតាមច្បាប់។»

ដោយឡែក លោក មាស សុត្ថា ជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋាភិបាល ដែលមានភាគហ៊ុននៅក្នុងរោងចក្រនោះ បានប្រតិកម្ម​តបវិញថា «កូដកម្មនេះខុសច្បាប់»។ លោក មាស សុត្ថា ដែលកម្មករមិនសូវចូលចិត្តរូបនេះ បានបន្តថា ការធ្វើអធិការកិច្ច​នៅក្នុងរោងចក្រ ដោយមានអមពីកងកម្លាំងនគរបាល មិនមានបំណងចង់បង្កឲ្យមានការភ័យខ្លាចនោះទេ ហើយថា ក្រុម​ហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភ និងសំណងទៅឲ្យកម្មករ ដែលត្រូវបានបញ្ឈប់ទាំងនោះរួចហើយ។ លោកបញ្ជាក់ថា ការងារ​នឹងចាប់ផ្ដើមជាធម្មតាវិញ នៅថ្ងៃច័ន្ទខាងមុខ។

ស្ថានភាពការងារនៃកម្មករនយោជិកកម្ពុជា បានធ្លាក់ចុះដុនដាបសារជាថ្មី

វិស័យកាត់ដេរ បានផ្ដល់ការងារឲ្យពលរដ្ឋកម្ពុជា ប្រមាណណាំ៦៥០ពាន់នាក់ ក្នុងនោះ ៤០០ពាន់នាក់ ធ្វើឲ្យក្រុមហ៊ុន ឬរោងចក្រដែលផលិតសម្លៀកបំពាក់ដើម្បីនាំចេញ។ ការធ្វើបាតុកម្ម និងកូដកម្ម បានកើនឡើងខ្លាំងក្នុងរយៈពេល​ចុង​ក្រោយនេះ ដើម្បីបរិហាពីស្ថានភាពការងារដ៏អាក្រក់ នៅក្នុងប្រទេសនេះ។ ក្រុមសហជីព បានត្អូញត្អែរពីបញ្ហាសុខភាព​របស់កម្មករ ដែលជាញឹកញាប់បានបង្កឲ្យមានការដួលសន្លប់ ឬការក្អួតចង្អោរជាក្រុម និងបង្កឲ្យមានសភាពតឹងតែងខ្លាំង សម្រាប់កម្មករទៀតផង។

នៅក្នុងការសិក្សាវាយតម្លៃមួយរបស់ អង្គការពលកម្មអន្តរជាតិ កាលពីខែកក្កដាកន្លងទៅនេះ បានគូសបញ្ជាក់ថា ស្ថានភាពការងារនៃកម្មករនយោជិកកម្ពុជា បានធ្លាក់ចុះដុនដាបសារជាថ្មីទៀត គួរឲ្យព្រួយបារម្ភ។ របាយការណ៍នោះ បាននិយាយថា ព្រះរាជាណាចក្របានទទួល«បរាជ័យ» នៅក្នុងការធ្វើឲ្យចម្រើនទៅមុខ ក្នុងផ្នែកសុវត្ថិភាពសន្តិសុខ​ការងាររបស់កម្មករនយោជិក សុវត្ថិភាពទាក់ទងនឹងអគ្គិភ័យ ហើយមានករណីកុមារមិនទាន់គ្រប់អាយុ ចូលធ្វើការធ្ងន់ៗ​នោះផង។ ការសិក្សារស្រាវជ្រាវរបស់អង្គការអន្តរជាតិ ខាងការងារមួយនេះ បានអះអាងឲ្យដឹងទៀតថា «ទិន្នន័យរបស់​យើង បានបង្ហាញថា បន្ទាប់ពីមានភាពរីកចម្រើនជាប្រចាំរវាងឆ្នាំ២០០៥ មកទល់នឹងឆ្នាំ២០១១នោះមក ស្ថានភាពក្នុង​ពេលបច្ចុប្បន្ននេះ បានធ្លាក់ចុះដុនដាបវិញ»៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...