ជា មុនី៖ ខ្ញុំ​ហៅ​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​ជា​មួយ​បក្ស​ប្រឆំាង ដើម្បី​រក​យុត្តិធម៌​ឲ្យ​ម្ចាស់​ឆ្នោត

ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី នៅថ្ងៃទី៥ខែកញ្ញានេះ បានចេញលិខិតអំពាវនាវ ឲ្យកម្មករ- កម្មការិនី ដែលជាសមាជិកសហជីពរបស់ខ្លួន ប្រមាណជាជាង ១០ ម៉ឺន នាក់ ឲ្យធ្វើពហិការមិនចូលធ្វើការនៅថ្ងៃអាទិត្យទី ០៧ ខែ កញ្ញា ខាងមុខ ដើម្បីចូលរួមធ្វើបាតុកម្មអហិង្សា ជាមួយនឹងគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: September 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី នៅថ្ងៃទី៥ខែកញ្ញានេះ បានចេញលិខិតអំពាវនាវ ឲ្យកម្មករ- កម្មការិនី ដែលជាសមាជិកសហជីពរបស់ខ្លួន ប្រមាណជាជាង ១០ ម៉ឺន នាក់ ឲ្យធ្វើពហិការមិនចូល​ធ្វើការ​នៅ​ថ្ងៃសៅរ៍ទី ០៧ ខែ កញ្ញា ខាងមុខ ដើម្បីចូលរួមធ្វើបាតុកម្មអហិង្សា ជាមួយនឹងគណបក្សសង្គ្រោះជាតិ។


លោក​ ជា មុនី ប្រធានសហជីបសេរីកម្មកកម្ពុជា អោបរូបសំណាកលោក ជា វិជ្ជា បងប្រុសរបស់លោក។ (រូបថត MONOROOM.info)

ខណៈពេលដែលថ្ងៃកំណត់ធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ កាន់តែខិតជិតមកដល់ ពោលគឺនៅថ្ងៃទី ០៧ ខែ កញ្ញាខាងមុខ មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី នៅថ្ងៃនេះបានចេញលិខិត​ប្រកាស​ជាសាធារណៈ ប្រកាសគាំទ្រចំពោះមហាបាតុកម្មអហិង្សា របស់គណបក្សប្រឆាំង និងបានអំពាវនាវឲ្យកម្មករ​-កម្មការិនី​ប្រមាណ ជាជាង ១០ ម៉ឺននាក់ឲ្យចូលរួមធ្វើមហាបាតុកម្មនេះផងដែរ។ នៅក្នុងលិខិតចុះថ្ងៃទី ០៥ ខែ កញ្ញា នេះ លោក ជា មុនី ក៏បានអំពាវនាវ ឲ្យកម្មករធ្វើពហិការកុំចូលធ្វើការថែមម៉ោង នៅថ្ងៃធ្វើមហាបាតុកម្មនោះ។

ប្រធានសហជីពដ៏ល្បីរូបនេះ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃនេះថា «ការណ៍ដែលលោក សម្រេចធ្វើការ​អំពាវនាវឲ្យកម្មករ ចូលរួមធ្វើមហាបាតុកម្មជាមួយ នឹងគណបក្សសង្រ្គោះជាតិបែបនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បី​ទាមទារឲ្យគណៈកកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។» លោក​បន្តថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៥ កន្លងទៅត្រូវបានគេរកឃើញថា មានភាពមិនប្រក្រតី ច្រើន ដែលវាជារឿងអយុត្តិធម៌ណាស់សម្រាប់ម្ចាស់ឆ្នោត។  ប្រធានសហជីពរូបនេះ បានអះអាងថា ការអំពាវនាវរបស់លោកនេះ នឹងមានកម្មករ-កម្មការិនីភាគច្រើននាំគ្នាទៅធ្វើមហាបាតុកម្មដូចតាមការអំពាវ នាវរបស់លោក។

ការអំពាវនាវរបស់លោក ជា មុនី ខាងលើ បានធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋខ្មែរដែល ជាអ្នកគាំទ្រគណបក្ស​សង្រ្គោះជាតិរាប់ម៉ឺននាក់ កំពុងត្រៀមខ្លួនចូលរូមធ្វើមហាបាតុកម្មអហិង្សា ជាមួយគណបក្សនេះផងដែរ។ មហាបាតុកម្ម​អហិង្សារបស់បក្សប្រឆាំង ដែលនឹងគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យ នាថ្ងៃ អាទិត្យ ទី ០៧ ខែកញ្ញាខាងមុខនេះ ត្រូវ​បាន​គេអះអាងថា ជាមហាបាតុកម្ម ដែលមានលក្ខណៈស្មិងស្មាធ អង្គុយធ្វើសមាធិ បួងសួងដើម្បីសុំសន្តិភាព។

យ៉ាងណាក៏ដោយជាមួយនឹងការអំពាវនាវរបស់ លោក ជា មុនី នេះ លោក សោម អូន ជាប្រ ធានក្រុមប្រឹក្សាសហជីព​ជាតិ​កម្ពុជា ដែលគេដឹងជាទូទៅថា ជាសហជីពមាននិន្នាការគាំទ្ររដ្ឋាភិបាលនោះ បានថ្លែងថា ក្នុងនាមជាសហជីពកម្មករ គេ​មិនគួរឲ្យជាប់ពាក់ព័ន្ធជាមួយនឹងមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិនេះទេ។ លោក បានហៅការអំពាវនាវរបស់​លោក ជា មុនី ថា “ជាការអំពាវនាវមានចរិតនយោបាសុទ្ធសាធ” ដោយ មិនបានយល់ពីតម្លៃការងាររបស់កម្មករ ដែលជា​ហេតុធ្វើឲ្យបាត់បង់ផលប្រយោជ ន៍របស់ពួកគេ។ លោកបន្តថា មេដឹកនាំសហជីពមុននឹងធ្វើអ្វីមួយ ​ត្រូវគិតដល់ផល​ប្រយោជន៍របស់កម្មកផង ប្រសិនបើកម្មករចូលរួមធ្វើមហាបាតុកម្មដោយការអំពាវនាវរបស់ លោក ជា មុនី នេះ ហើយ​រោងចក្រត្រូវបិទទ្វារ កម្មករអត់មានការងារធ្វើតើអ្នកណាជាអ្នកទទួលខុសត្រូវ។ មេសហជីពគាំទ្របក្សកាន់អំណាចរូបនេះ ជឿជាក់ថា កម្មករ-កម្មការិនីនឹង មិនចូលរួមធ្វើមហាបាតុកម្មនោះទេ ពីព្រោះវាមិនអ្វីពាក់ព័ន្ធនឹងបងប្អូនកម្មករឡើយ។

សូមបញ្ជាក់ថា ការអំពាវនាវរបស់របស់លោក ជា មុនី មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកម្មករ​ចូលរួមធ្វើមហាបាតុកម្ម ជាមួយគណបក្សសង្រ្គោះជាតិនៅពេលនេះ មិនមែនជាជំហរ គាំទ្រគណបក្សប្រឆាំងលើកទី ១ ទេ។ នាពេលកន្លងមកគេសង្កេតឃើញថា លោក ជា មុនី តែងតែប្រកាសជំហរគាំទ្របក្សប្រឆំាងជាញឹកញាប់ ជាពិសេស​កាលពីមុនពេលបោះឆ្នោតកន្លងទៅ ប្រធានសហជីពរូបនេះ ក៏ធ្លាប់បានអំពាវនាវឲ្យកម្មករ-កម្មការិនីទាំងអស់ នាំគ្នា​បោះ​ឆ្នោតឲ្យគណបក្សសង្រ្គោះជាតិផងដែរ។ កាលណោះ ក៏មានសហជីពរបស់ លោក រ៉ុង ឈុន មួយដែរ ដែលបានប្រកាស​គាំទ្រគណបក្សសង្រ្គោះជាតិដូចគ្នា ដោយបានអំពាវនាវឲ្យកម្មករបោះឆ្នោតឲ្យគណបក្សនេះ ។

គណបក្សសង្រ្គោះជាតិនៅក្នុងអាណត្តិនេះ ត្រូវគេសង្កេតឃើញថា មានការគាំទ្រខ្លាំងខ្លាជាងអាណត្តិមុនៗ​ពីសំណាក់​កម្មករ-កម្មការិនី។ គាំទ្រដោយហេតុថា ក្នុងគោលនយោបាយទាំង៧ ចំណុចរបស់បក្ស ប្រឆាំងមួយនេះ ឆ្លើយតបទៅ​នឹង​តម្រូវការរបស់កម្មករ ពោលគឺប្រសិនបើគណបក្សនេះ ឈ្នះឆ្នោតតនឹងតម្លើងប្រាក់ខែយ៉ាងតិចជូនកម្មករ ៦០ ម៉ឺនរៀល ស្របពេលដែលប្រាក់ខែគោល របស់កម្មករបច្ចុប្បន្នទទួលបានតែ ជាង៣២ ម៉ឺនរៀល ដែលស្មើនឹង ៨០ ដុល្លារអាមេរិក​ប៉ុណ្ណោះ។ ៣២ ម៉ឺន សម្រាប់បរិបទប្រទេសកម្ពុជាបច្ចុប្បន្ន ដែលទំនិញឡើងថ្លៃគ្រប់បែបយ៉ាង វាពិតជាមានការលំបាក​ណាស់ចំពោះពួកគេ៕

---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...