ប្រតិកម្ម៖ កីឡាកររៀលម៉ាឌ្រីដ ខកចិត្តខ្លាំងនឹងការលក់«មេស៊ូត អូស្ស៊ីល»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតមិត្តរួមក្រុមនៅរៀលម៉ាឌ្រីដ (Real Madrid) របស់កីឡាករ មេស៊ូត អូស្ស៊ីល (Mesut Ozil) ជាច្រើននាក់ សុទ្ធតែមានការភ្ញាក់ផ្អើល និងខកចិត្ត បន្ទាប់ពីឃើញខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ ផ្ទេរទៅកាន់ក្រុមអាសឺណល (Arsenal) នៅថ្ងៃចុងក្រោយ នៃការបិទទ្វារទិញដូរកីឡាករ។
កីឡាករ មេស៊ូត អូស្ស៊ីល ពេលមកដល់ និងបានស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមអាសឺណល។ (រូបថត ក្រុមអាសឺណល)
ទោះជាយ៉ាងណា កីឡាករវ័យ២៤ឆ្នាំ អូស្ស៊ីល បានផ្តល់កិច្ចសម្ភាស៏ដល់គេហទំព័របាល់ទាត់អាឡឺម៉ង់ (www.dfb.de) ថា៖ «គាត់សម្រេចចិត្តចាកចេញ ព្រោះតែគាត់គ្មានជំនឿទៅលើគ្រូបង្វឹក លោកកាឡូ អេនសេឡូទី (Carlo Ancelotti) និងមិនពេញចំពោះឋានានុក្រមរបស់ក្លិប។»
ដំណឹងនៃការចាកចេញរបស់កីឡាករ អូស៊្សីល បានធ្វើឲ្យកីឡាកររៀលម៉ាឌ្រីដមួយចំនួន មានការមិនពេញចិត្ត ខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង។
តារាឆ្នើម គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាននិយាយ ខណៈដែលគាត់កំពុងតែហ្វឹកហាត់ ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ថា៖ «ការលក់អូស្ស៊ីល ជាដំណឹងដ៏អាក្រក់សម្រាប់ខ្ញុំ។ គាត់ជាកីឡាករ ដែលដឹងពីការផ្លាស់ទីរបស់ខ្ញុំយ៉ាងល្អបំផុតនៅមុខទីគូប្រកួត។ ខ្ញុំពិតជាខឹង និងឈឺចាប់យ៉ាងខ្លាំង ពេលដឹងថាគាត់ចាកចេញ។»
ខ្សែការពារ សឺជីអូ រ៉ាម៉ូស (Sergio Ramos) បាននិយាយថា៖ «ម៉េស៊ូត ជាកីឡាករដែលខុសប្លែកពីគេ។ បើការសម្រេចចិត្តនៅលើខ្ញុំ គាត់ត្រូវតែជាជម្រើសចុងក្រោយបង្អស់ ដែលត្រូវចាកចេញ។ ប៉ុន្តែគាត់ និងក្លិបសុទ្ធតែបានសម្រេចចិត្តរៀងៗខ្លួន ដូច្នេះខ្ញុំជូនពរឲ្យគាត់ទទួលបានអ្វី ដែលល្អបំផុត។»
កីឡាករអេស្ប៉ាញ វ័យ២៧ឆ្នាំ បានបន្ថែមថា៖ «ខ្ញុំមានការជិតស្និតជាមួយគាត់ខ្លាំងណាស់។ គាត់ជាកីឡាករម្នាក់គត់ខុសពីគេ ហើយពេលនេះខ្ញុំពិតជាខកចិត្ត។ មានរឿងផ្ទាល់ខ្លួនខ្លះៗ ដែលគាត់ត្រូវសម្រេចចិត្តពីអនាគតរបស់គាត់។ គ្រប់គ្នា តែងតែចង់បានអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង ហើយគាត់ក៏មានសិទ្ធធ្វើដូចនោះដែរ។»
ខ្សែបម្រើថ្មី វ័យក្មេង២១ឆ្នាំ អ៊ីស្កូ (Isco) បាននិយាយថា៖ «និយាយតាមត្រង់ វាពិតជាធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ខណៈដែលកាលពីសប្តាហ៏មុន គាត់បាននិយាយថាគាត់នឹងនៅបន្ត។ យើងទាំងអស់គ្នាបានស្គាល់អូស្ស៊ីលហើយ គាត់មានសមត្ថភាពយ៉ាងច្រើន ហើយគាត់ជាកីឡាករម្នាក់ ដែលអាចកែប្រែស្ថានការណ៏នៅលើទីលានប្រកួតបាន។»
កីឡាករ អាល់វ៉ារ៉ូ អាបេឡរ (Alvaro Arbeloa) ក៏បានបញ្ចេញប្រតិកម្មមិនខុសពី រ៉ូណាល់ដូ, រ៉ាម៉ូស និងអ៊ីស្កូដែរ។
ខណៈដែលកំពុងតែជាប់ភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ អតីតកីឡាករលីវើភូល (Liverpool) រូបនេះ បាននិយាយប្រាប់ដល់កាសែតអេអេស (AS) ថា៖ «ខ្ញុំមានការភ្ញាក់ផ្អើល និងមានការសោកស្តាយ ហើយវាជាការបាត់បង់ដ៏ធំសម្រាប់ខ្ញុំ ទាំងនៅលើទីលានប្រកួត និងនៅក្រៅទីលាន (មិត្តភក្តិ)។»
ខ្សែការពារស្លាបស្តាំ បានបន្តថា៖ «គាត់បាននិយាយលារយើង កាលពីថ្ងៃអាទិត្យ ប៉ុន្តែខ្ញុំគិតថា ប្រហែលជាគាត់កំពុងតែកំប្លែងលេង។ គាត់ជាកីឡាករដែលប្លែកពីគេ ហើយប្រហែលជាគ្មានកីឡាករណាដូចទេ នៅលើពិភពលោក។ គាត់ពិតជាអាចធ្វើឲ្យការប្រកួតមានភាពខុសប្លែក។»
កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ៣០ រូបនេះដដែលបានបន្ថែមថា៖ «គាត់ប្រហែលជាមានហេតុផលរបស់គាត់ សម្រាប់ការផ្ទេរមួយនេះ។ ខ្ញុំយល់ថា អ្នកគាំទ្រក៏មានការសោកស្តាយ និងសោកសៅដូចជាខ្ញុំដែរ ព្រោះតែពួកគេស្រលាញ់គាត់ខ្លាំង។ គាត់តែងតែធ្វើអ្វីល្អៗ ជាមួយអ្នកគ្រប់គ្នា។ ហើយនេះជាការបាត់បង់មនុស្សដ៏សំខាន់ម្នាក់ពិតៗ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ