សម្រេចជាស្ថាពរ ថាសព កែម ឡី នឹងត្រូវបញ្ចុះនៅថ្ងៃទី២៤នេះ
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 18, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានរារែក និងបានផ្លាស់ប្ដូរ ការសម្រេចដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ នៅភូមិដ្ឋានស្រុកកំណើតលោក ជាច្រើនដងកន្លងមក នៅរសៀលថ្ងៃចន្ទទី១៨ ខែកក្កដានេះ សេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ បានប្រកាសឲ្យដឹងថា ការដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី២៤ ខែកក្កដាខាងមុខ។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការបុណ្យសព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានមានថេរដីការថា ការសម្រេចដង្ហែនេះ ដោយសារ«គ្មានជម្រើស» ដែលបណ្ដាលមកពី ការបង្ខំរបស់អាជ្ញាធរ និងស្ថានភាពរបស់សព ដែលមិនអាចទុកយូរបានតទៅទៀត។
សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការបុណ្យសព បានឲ្យដឹងទៀតថា ពិធីដង្ហែសព ចាប់ផ្តើមនៅម៉ោង៧ព្រឹក ចេញពីវត្ត ពោធិយារាម ហៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៣។
ចំពោះការប្រកាសដង្ហែលើកមុន ដែលកំណត់ធ្វើ នៅថ្ងៃទី១៧ ខែកក្កដាមកនេះ ត្រូវបានអាជ្ញាធរសាលារាជធានីទទួលយល់ព្រម និងថែមទាំងជួយជាមធ្យោបាយ សម្រាប់ការដង្ហែនោះទៀតផង។ ប៉ុន្តែការប្រកាសដង្ហែបុណ្យសពជាថ្មីនេះ នៅមិនទាន់ទទួលដឹងឮ ពីសំណាក់អាជ្ញាធរ ឬយ៉ាងណានៅឡើយ។
លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើងពីរគ្រាប់ ឲ្យស្លាប់នៅនឹងកន្លែង កាលពីថ្ងៃអាទិត្យទី១០ ខែកក្កដា ចុងសប្ដាហ៍ទៅមួយ។ មកដល់ថ្ងៃទី១៨ ខែកក្កដានេះ ការរក្សាសព ដើម្បីជូនដល់បណ្ដាជនខ្មែររាប់សិបម៉ឺននាក់ ឲ្យចូលទៅគោរពវិញ្ញាណក្ខន្ធនោះ មានរយៈពេល៩ថ្ងៃហើយ៕
---------
» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង របស់គណៈកម្មការបុណ្យសព៖