គ្រោះយន្ដហោះ MH17៖ ក្រុមហ៊ុននឹងផ្ដល់សំណងឲ្យគ្រួសាររងគ្រោះ
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២០ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 22, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះជាគ្រោះថ្នាក់យន្ដហោះ កើតឡើងនៅក្នុងមូលហេតុ ឬកាលៈទេសៈបែបណាក៏ដោយ តែក្រុមហ៊ុនអាកាសចរណ៍ ត្រូវតែជាអ្នកទទួលខុសត្រូវ ទៅលើការចេញសំណង ទៅឲ្យគ្រួសាររបស់អ្នកដំណើរ ដែលជាជនរងគ្រោះ។ នេះ បើគេរំលឹកឡើងវិញ ពីអនុសញ្ញាក្រុងម៉ុងរ៉េអាល់ (Montréal) ឆ្នាំ១៩៩៩។
ហើយវាជាអ្វី ដែលក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) បានសម្រេចចិត្បង់សំណងនេះ ទៅឲ្យក្រុមគ្រួសារភាគច្រើន នៃអ្នកដំណើរ ដែលបានរងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះ ព្រោះកាំជ្រួចមួយដើម បាញ់ចេញពីតំបន់មួយ ក្នុងភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។
ទូរទស្សន៍របស់ប្រទេសហូឡង់ ឈ្មោះ «NOS» បានបង្ហើបឲ្យបានដឹងថា ក្រុមហ៊ុនបានរកឃើញការយល់ព្រម «សង និងទទួលសំណង» ជាមួយក្រុមគ្រួសារ នៃជនរងគ្រោះភាគច្រើន ពីក្នុងចំណោមជនរងគ្រោះ ចំនួន២៩៨នាក់ ដែលបានអស់ជីវិត នៅក្នុងការបាញ់បំផ្ទុះយន្ដហោះ បន្ទាប់ពីយន្ដហោះបានហោះ ពីលើតំបន់ប្រទាញប្រទង់ រវាងកងទ័ពនៃប្រទេសអ៊ុយក្រែន និងក្រុមនិយមបំបែកទឹកដី ដែលស្និតនឹងប្រទេសរ៉ូស្ស៊ី។ អ្នកដំណើរមួយចំនួនធំ នៅលើយន្ដហោះនោះ ជាជនជាតិហូឡង់។
បើតាមអនុសញ្ញាក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ ដោយប្រទេសជាច្រើន (ជាពិសេសប្រទេស ដែលមានប្រព័ន្ធអាកាសចរណ៍ ជាលក្ខណៈអន្តរជាតិ) បានចែងថា ក្រុមហ៊ុនអាកាសចរណ៍ ត្រូវផ្ដល់ការលើកទឹកចិត្ត (ឬសំណង) ជាទឹកប្រាក់ដែលមានចំនួនរហូតដល់ ១៥០ ០០០ដុល្លារអាមេរិក (ឬ១៣០ ០០០អ៊ឺរ៉ូ) ទៅឲ្យគ្រួសារនៃអ្នកដំណើរ ដែលបានរងគ្រោះបាត់បង់ជីវិត នៅពេលមានគ្រោះថ្នាក់ធ្លាក់យន្ដហោះ ទោះជាគ្រោះថ្នាក់នោះបណ្ដាលមកពីមូលហេតុ ឬកាលៈទេសៈអ្វីក៏ដោយ។
របាយការណ៍ស៊ើបអង្កេតមួយរបស់ប្រទេសហូឡង់ បានអះអាងថា យន្ដហោះស៊ីវិលដឹកអ្នកដំណើរមួយនេះ ត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួចបាញ់ចេញពីតំបន់មួយ ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមនិយមបំបែកទឹកដីអ៊ុយក្រែន។ ប៉ុន្តែរបាយការណ៍នោះ នៅមិនទាន់អះអាង ថានរណាម្នាក់ ឬក្រុមណាមួយ ជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់កាំជ្រួចនេះនៅឡើយ។ យ៉ាងណា សម្រាប់ប្រទេសរ៉ូស្ស៊ីវិញ បានប្រកាសច្រានចោលការរកឃើញនោះ និងបានចាត់ទុករបាយការណ៍ ថាត្រូវបានសរសេរឡើង ដើម្បីបង្កាច់បង្ខូចប្រទេសរ៉ូស្ស៊ី៕
--------------
» អានរបាយការណ៍នោះឡើងវិញ៖ MH17៖ «កាំជ្រួចរ៉ូស្សី» ជាមូលហេតុដែលធ្វើឲ្យយន្ដហោះធ្លាក់