ឈាង វុន៖ បម្រែបម្រួលអាកាសធាតុ មិនមែនមកពីកាប់បំផ្លាញព្រៃឈើ
ជាថ្មីម្ដងទៀត មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជកម្ពុជា បានចេញមុខអះអាងប្រាប់អ្នកសារព័ត៌មានថា បញ្ហាប្រែប្រួលអាកាសធាតុមិនមែនបណ្តាលមកពី ការកាប់បំផ្លាញព្រៃឈើនោះទេ។ តែសង្គមស៊ីវិល និងសកម្មជនដែលធ្វើការស្និត នឹងការការពារខាងព្រៃឈើ អះអាងថាបញ្ហាចម្បង ដែលជម្រុញឲ្យមានការប្រែប្រួលអាកាសធាតុ គឺការកាប់បំផ្លាញព្រៃឈើយ៉ាងដំណំនេះតែម្ដង។
សកម្មភាពជួញឈើ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ AFP)
រាជធានីភ្នំពេញ - លោក ឈាង វុន ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីមួយនៅរដ្ឋសភាកម្ពុជា ថ្ងៃទី៦ ខែវច្ឆិកា ឆ្នាំ២០១៣នេះ បានថ្លែងប្រាប់អ្នកការសែតថា បញ្ហាប្រែប្រួលអាកាសធាតុ បានកើតឡើងស្ទើរតែគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក មិនមែនកើតឡើងនៅតែកម្ពុជាមួយនោះទេ ពិសេសទាក់ទងនឹងករណីគ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ និងខ្យល់ព្យុះជាដើម។
តំណាងរាស្ត្ររបស់គណបក្សប្រជាជនដដែលនេះលើកឡើងថា អ្នកដែលរិះគន់ និងតស៊ូ ក្នុងវិស័យបរិស្ថានមួយចំនួនមិនបានគិតគូរ និងថ្លឹងថ្លែងអំពីផលចំណេញ និងការខាតបង់ពីការកាប់ព្រៃឈើនោះទេ ហើយពួកគេមើលឃើញតែមួយជ្រុង ដោយគិតតែការការពារបរិស្ថាន និងព្រៃឈើ គឺជាការចាំបាច់ ប៉ុន្តែពួកគេភ្លេចគិតថា ការអភិវឌ្ឍសេដ្ឋកិច្ច ក៏មានភាពចាំបាច់ដែរ ព្រោះអាចលើកកំពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រ។ លោក ឈាង វុន បញ្ជាក់ថា៖ «យើងកុំយកទឡ្ហីករណ៍របស់អ្នកលក់សំឡេង ការផ្លាស់ប្តូរអាកាសធាតុ មិនមែនមកពីរឿងកាប់ព្រៃឈើនៅកម្ពុជានោះទេ»។
ចំពោះករណីនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានអះអាងថា មូលហេតុចម្បង ដែលជម្រុញឲ្យមានការប្រែប្រួលអាកាសធាតុ គឺការកាប់បំផ្លាញព្រៃឈើ តែក៏មានកត្តារួមផ្សំផ្សេងៗផងដែរ ដូចជាការបង្កើតរោងចក្រ និងឧស្ម័នផ្ទះកញ្ចក់ជាដើម។ លោក យ៉ង គឹមអេង បន្ថែមថា ការបង្កើតរោងចក្រ បើទោះជាប៉ះពាល់ដល់បរិស្ថាន ក៏វាបានចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋផងដែរ តែការកាប់បំផ្លាញព្រៃឈើ ភាគច្រើនផ្តល់ផលប្រយោន៍ឲ្យបុគ្គល និងបក្សពួកប៉ុណ្ណោះ។
ថ្លែងក្នុងវេទិការ ថ្នាក់ជាតិលើកទី៣ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោមប្រធានបទ «ធ្វើសកម្មភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយចីរភាព ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុឥឡូវនេះ បានក្លាយជាបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ចំពោះការ អភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលតម្រួវឲ្យមានការយកចិត្តទុកដាក់ ជាបន្ទាន់ និងរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះ ខណៈវាកំពុងតែធ្វើឲ្យប៉ះពាល់ដល់យើងទាំងអស់គ្នា។
ទាក់ទងករណីនេះ លោក ឈិត សំអាត នាយកប្រតិបត្តិវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានពន្យល់ថា វាជាការចម្លែកដែលលោក ឈាង វុន អះអាងដូចច្នេះ ព្រោះនៅជុំវិញពិភពលោកគេទទួលស្គាល់ថាព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់ក្នុងការក្សាលំនឹងបរិស្ថាន។ លោក ឈិត សំអាត អះអាងថា នៅបរទេស បើទោះជាគេកាប់ព្រៃឈើ ក៏គេមានការសិក្សាមុននឹងកាប់ ហើយមានការដាំដុះឡើងវិញ ដើម្បីធានាតុល្យភាព និងលំនឹងបរិស្ថាន ដូច្នេះកម្ពុជា គួរសិក្សាឲ្យបានច្បាស់លាស់ពីផលប៉ះពាល់ មុនការសម្រេចធ្វើអភិវឌ្ឍន៍អ្វីមួយ ជៀសវាងគ្រោះមហន្តរាយធ្ងន់ធ្ងរក្នុងពេលអនាគត៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ