បេក្ខនារីចៅសង្កាត់ CNRP៖ «មិនយល់តុលាការស្រុុករំដួល»
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 17, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីទទួលបានដីកាកោះហៅ ជាលើកទីពីរ ឲ្យចូលខ្លួនទៅបំភ្លឺ នៅចំថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺនៅថ្ងៃទី២៣ ខែឧសភាខាងមុខនេះ បេក្ខនារីចៅសង្កាត់អូចារ លេខរៀងទី ១ សម្រាប់គណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានដង្ហោយរកការពន្យល់ ថាហតុអ្វីបានជាពាក្យសុំពន្យា ការចូលទៅបំភ្លឺ របស់កញ្ញា មិនត្រូវបានតុលាការយកចិត្តទុកដាក់ សម្រាប់សំនុំរឿងមួយ ដែលបានចប់សព្វគ្រប់ទៅហើយនោះ។
ព្រះរាជអាជ្ញារង តុលាការខេត្តបាត់ដំបង បានកោះហៅឲ្យនាងចូលបំភ្លឺម្តងរួចហើយ កាលពីថ្ងៃទី ១៤ ខែមីនា ដោយតម្រូវឲ្យនាងចូលខ្លួន ទៅបំភ្លឺ នៅថ្ងៃទី ២០ ខែមេសា។ ប៉ុន្តែបេក្ខនារីចៅសង្កាត់រូបនេះ បានធ្វើលិខិតស្នើសុំ ពន្យាការចូលខ្លួនទៅបំភ្លឺនោះ រហូតដល់ក្រោយថ្ងៃបោះឆ្នោតឃុំសង្កាត់ ក្រោមមូលហេតុថា កញ្ញាជាប់រវល់ នៅក្នុងការរៀបចំការបោះឆ្នោតមួយនេះ។
ផ្ទុយពីការស្នើសុំពន្យាខាងលើ ដីកាកោះលើកទីពីរ ចុះថ្ងៃទី៨ ខែឧសភា បានធ្លាក់មកដល់ នៅប៉ុន្មានថ្ងៃមុននេះ កំណត់ឲ្យកញ្ញាចូលទៅបំភ្លឺ នៅថ្ងៃទី២៣ ខែឧសភា ដោយនាំឯកសារផ្សេងៗ ដែលពាក់ព័ន្ធ ទៅជាមួយ។ ក្នុងដីកាទីពីរនោះ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្ត ថែមទាំងបានហៅរូបកញ្ញា ថាជា«ជនសង្ស័យ»នោះទៀត។
នៅគណនេយ្យហ្វេសប៊ុក របស់បេក្ខនារីចៅសង្កាត់ មកពីគណបក្សសង្គ្រោះជាតិ មានសរសេរផ្ទុះចម្ងល់ឡើងថា៖ «ពិតជាពិបាកយល់មែន តុលាការ នៅស្រុកយើង មិនដឹងជាគេធ្វើតាមវិជ្ជាជីវៈ ឬតាមបញ្ជាអ្នកនយោបាយ?»។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានឆ្លើយដោយខ្លួនឯងថា៖ «បើគេធ្វើតាមវិជ្ជាជីវៈ គឺតុលាការស្រុកយើងនេះ ពិតជាមិនមានចំណេះដឹងបន្តិចសោះ ព្រោះ (១) លិខិតសុំពន្យារបស់ខ្ញុំ បានចូលតាមរដ្ឋបាលតុលាការត្រឹមត្រូវ បែជាឆ្លើយថា "មិនបានទទួលពាក្យសុំពន្យាទេ" (២) ដើមបណ្តឹងមិនប្តឹងផង បែជាថា "គេប្តឹង"។ តែបើគេធ្វើតាមបញ្ជាអ្នកនយោបាយ មានន័យថា "គេជាបញ្ញាវ័ន្ត គ្មានឧត្តមគតិសោះ"»។
ការកោះហៅបេក្ខនារីរូបនេះ ពីសំណាក់សាលាដំបូង ខេត្តបាត់ដំបង ធ្វើឡើងនៅក្នុងសំនុំរឿង មិនគោរពតាមសេចក្តីសម្រេច និងការចុះអនុវត្តសាលក្រម របស់តុលាការ តាមពាក្យបណ្តឹងរបស់លោក សៅ ប៊ុនទិត មន្ត្រីនគរបាលម្នាក់ កាលពីថ្ងៃទី ២០ ខែមករា។ ប៉ុន្តែដើមបណ្ដឹង លោក សៅ ប៊ុនទិត ដែលជាអ្នកឈ្នះក្តី ក្នុងសំនុំរឿងដីធ្លី នៃសាលាមត្តេយ្យ ក្នុងសង្កាត់អូរចានេះ បានអះអាងថា លោកមិនបានប្តឹងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និងពលរដ្ឋណាម្នាក់ទេ គឺលោកប្តឹងឲ្យតុលាការអនុវត្តសាលដីកា ដែលបានសម្រេចប្រគល់ដីនោះ មកឲ្យលោកតែប៉ុណ្ណោះ។ ហើយការអនុវត្តសាលដីកានោះ ក៏ត្រូវបានធ្វើចប់សព្វគ្រប់ និងរួចរាល់ហើយដែរ។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោក ប៉ង់ ចាន់សុយុទ្ធារា មិនអាចទាក់ទង ដើម្បីធ្វើការស្រាយបំភ្លឺបានទេ តែលោកធ្លាប់បានថ្លែង ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីចុងខែមេសាកន្លងមក ថាលោកមិនបានទទួល ពាក្យសុំពន្យាររបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត នោះទេ។ ការអះអាងរបស់លោក ប៉ង់ ចាន់សុយុទ្ធារា មានលក្ខណៈផ្ទុយទៅនឹង លិខិតស្នើសុំពន្យារបស់កញ្ញា ដែលបានបង្ហាញ ពីការវាយត្រាទទួលយក របស់រដ្ឋបាលតុលាការខេត្ត កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ។
តបទៅនឹងការបង្ហោះ នៅលើបណ្ដាញសង្គម ដង្ហោយរកការពន្យល់ របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត មានប្រិយមិត្តជាច្រើន បានបង្ហាញការយល់ឃើញរបស់ពួកគេ សឹងតែដូចគ្នា ថាការចេញដីកាកោះហៅ ជាលើកទីពីរ ពីសំណាក់តុលាការនេះ មានលក្ខណៈនយោបាយ ដែលជាការរំខាន ទៅដល់កិច្ចការឃោសនា ស្វែងរកសម្លេងឆ្នោត របស់បេក្ខនារីរូបនេះ។ ប្រិយមិត្តខ្លះទៀត បានចង្អុលដោយចំៗ ថាតុលាការកំពុងប្រើល្បិច ដើម្បីចាប់ឃំខ្លួនកញ្ញា ដើម្បីកុំឲ្យឈឈ្មោះបោះឆ្នោតបាន។
យ៉ាងណាក៏ដោយ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថាកញ្ញានឹងចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី២៣ ខែឧសភាខាងមុខ បើទោះជាកញ្ញា អាចប្រឈមនឹងការឃាត់ខ្លួន នៅនឹងតុលាការក៏ដោយ៕