ព្រីមែលីក៖ ខាឌីហ្វ បំបាក់ជើងឯករង ម៉ែនស៊ីធី ៣-២ (VDO)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមដែលទើបតែឡើងមកកាន់ក្របខ័ណ្ឌព្រីមែលីក (Premier League) លើកដំបូង បន្ទាប់ពីអវត្តមានអស់រយះពេល ៥១ឆ្នាំ ខាឌីហ្វស៊ីធី (Cardiff City) បានបំបាក់ក្រុមជើងឯករង ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ដោយលទ្ធផល ៣-២ កាលពីយប់ថ្ងៃអាទិត្យ។
ក្រុមខាឌីហ្វស៊ីធី កំពុងសប្បាយរីករាយ បន្ទាប់ពីបានទាត់បញ្ចូលទីរបស់ម៉ែនឆេស្ទើ ស៊ីធី។ (រូបថត
បន្ទាប់ពីឈ្នះពានរង្វាន់លីកលំដាប់ទី២ ឆែមពានស្សីប (Championship) កាលពីរដូវកាលមុនរួចមក ក្រុមដែលមានមូលដ្ឋាននៅក្នុងប្រទេសវ៊ែលមួយនេះ ពិតជាធ្វើឲ្យអ្នកទស្សនា ឬប្រិយមិត្តស្នេហាវិស័យបាល់ទាត់ភ្ញាក់ផ្អើលមិនស្ទើរទេ នៅពេលដែលឃើញពួកគេអាចទទួលជ័យជំនះលើក្រុមម្ចាស់ជើងឯកកាលពីឆ្នាំ២០១២ ដែលមានកីឡាករតម្លៃថ្លៃៗបំផុត។
ខ្សែប្រយុទ្ធ ហ្វ្រៃហ្សឺ ខាំប៊ែល (Fraizer Campbell) បានប្រើក្បាលតែតបញ្ចូលទីបាន២គ្រាប់ នៅ១១នាទីចុងក្រោយ ហើយបានជួយឲ្យក្រុមរបស់លោក ម៉ាល់គី ម័កឃេ (Malky Mackay) ទទួលបានជ័យជំនះនៅរាត្រីនោះ បន្ទាប់ពីកីឡាករអារ៉ុន ហ្គាន់ណាសិន (Aron Gunnarsson) រកគ្រាប់បាល់តាមបានស្មើ ១-១ លុបចោលគ្រាប់បាល់នាំមុខរបស់ខ្សែប្រយុទ្ធ អេឌីន ឌីហ្សេកូ ដែលកើតឡើងនៅនាទីទី៥២។ ខ្សែប្រយុទ្ធ អាល់វ៉ារ៉ូ ណេហ្គ្រេដូ (Alvaro Negredo) បានតែតបញ្ចូលទីគ្រាប់ទី២ ឲ្យម៉ែនស៊ីធីបន្តទៀតនៅចុងម៉ោងបន្ថែម ប៉ុន្តែទោះជាយ៉ាងណាមិនអាចតាមបានស្មើនោះទេ។
វាការប្រកួតក្នុងផ្ទះលើកដំបូងបំផុតសម្រាប់ក្រុមខាឌីហ្វ នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បើគិតចាប់ពីឆ្នាំ១៩៦២មក ខណៈដែលកីឡាដ្ឋានខាឌីហ្វស៊ីធី (Cardiff City Stadium) ដែលមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសវ៊ែលនោះ មានអ្នកចូលរួមទស្សនាផ្ទាល់ពេញពហុកីឡាដ្ឋានតែម្តង។
ម៉ែនស៊ីធី គ្រប់គ្រង់បាល់បានល្អនៅវគ្គទី១ ប៉ុន្តែខាឌីហ្វ បានខិតខំដេញតាមនិងព្យាយាមបិទយ៉ាងល្អ ដែលធ្វើឲ្យការប្រកួតបញ្ចប់វគ្គទី១ គ្មានការទាត់បញ្ចូលទីគ្នាសោះ។ ខ្សែបម្រើ ដេវីដ ស៊ីលវ៉ា (David Silva) មានឱកាសទាត់បញ្ចូលទីយ៉ាងល្អមួយគ្រាប់ដែរ ប៉ុន្តែត្រូវបានអ្នកចាំទីដៃស្អិត ដេវីដ ម៉ាស្សល (David Marshall) ជួយសង្គ្រោះបានយ៉ាងងាយស្រួល។
ខណៈដែលកីឡាករខ្សែការពារ និងជាប្រធានក្រុម វិនសិន ខមផែនី (Vincent Kompany) កំពុងតែសម្រាកព្យាបាលរបួស មានន័យថាក្រុមភ្ញៀវត្រូវបង្ខំចិត្តដាក់ខ្សែបម្រើ ចាវី ហ្គាស្សៀ (Javi Garcia) ធ្វើជាខ្សែការពារកណ្តាលវិញ ហើយខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ មិនអាចការពារពីការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធខាំប៊ែលបាននោះទេ ទើបធ្វើឲ្យស្ថានការណ៏ប្រែប្រួលយ៉ាងធ្ងន់ធ្ងរដូចនោះ។
ដូច្នេះបញ្ចប់ការប្រកួតក្រុមដែលមានបំណងលើកពានព្រីមែលីកនៅរដូវកាលនេះ ម៉ែនស៊ីធី ពុំអាចទទួលបានពិន្ទុទេកាលពីយប់ថ្ងៃអាទិត្យ ខណៈដែល២ប្រកួតកន្លងមកពួកគេឈ្នះ១ ចាញ់១ មាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៧។ ឯក្រុមឆែលស៊ី (Chelsea) ស្ថិតនៅលើកំពូលតារាង និងក្រុមហង្សក្រហម លីវើភូល (Liverpool) កំពុងតែឈរនៅចំណាត់ថ្នាក់លេខ២។
ប្រកួតបន្ទាប់របស់ក្រុមមេឃខៀវ ម៉ែនស៊ីធី នឹងត្រូវប៉ះក្រុមដែលទើបតែឡើងមកព្រីមែលីកមួយទៀត ពោលគឺត្រូវស្វាគមន៏ក្រុមខ្លាធំ ហ៊ុលស៊ីធី (Hull City) នៅថ្ងៃសៅរ៏ ទី៣១ ខែសីហាខាងមុខ៕
សូមទស្សនាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុមទាំងពីរ និងប្រតិកម្មមួយចំនួន៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ