អង្គរក្ស ថោង សារ៉ាត់ អាច​ជា​ឃាតករ​«សិប្បនិមិត្ត»?

ករណីការចោទប្រកាន់ ទៅលើអង្គរក្សទាំងបួន និងក្រុមគ្រួសាររបស់លោក ថោង សារ៉ាត នៅមិនទាន់បង្ហាញ​ភស្តុតាង​​ជាក់​ស្តែង ជាផ្លូវការ និងជាសាធារណៈ ដោយសមត្ថកិច្ចនៅឡើយ។ បែបនេះបង្កឲ្យមានមន្ទិលថា ការចាប់​ខ្លួន​អង្គរក្ស​ទាំង​ប៉ុន្មាន​នាក់​នេះ អាចជាជនសង្ស័យសិប្បនិមិត្ត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 06, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោមការចោទប្រកាន់ និង​ចាប់​ខ្លួន​ក្រុម​គ្រួសារ និង​អង្គរក្ស​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​មតិ​មួយ​ចំនួន​ធ្វើការ​បង្ហាញ និង​នឹក​ឃើញ​ដល់​ករណី ប៊ន សំណាង និង​សុខ សំអឿន ដ៏​អាស្រូវ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ថា​ជា​«ឃាតក ឬ​ជន​ដៃដល់» សម្លាប់​លោក​ ជា វិជ្ជា នា​ពេល​កន្លង​មក។

ចំពោះករណីរបស់លោក ថោង សារ៉ាត់ នេះ ដោយ​សារ​អវត្តមាន​នៃ​ការ​បង្ហាញ​ភស្តុតាង​«រឹង» ពី​សំណាក់​សមត្ថកិច្ច បាន​ធ្វើ​ឲ្យ​អ្នក​ផង​យល់​ថា វា​បាន​ស៊ី​ចង្វាក់​ទៅ​នឹង​រឿង​ក្តី​របស់ ប៊ន សំណាង និង​សុខ សំអឿន រហូត​ដល់​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។ តែ​ទម្រាំ​មាន​សេរីភាព​វិញ ជន​ទាំង​ពីរ​បាន​ជាប់​ក្នុង​ពន្ធនាគារ ដោយ​គ្មាន​កំហុស​និង​គ្មាន​សំណង​ជំងឺ​ចិត្ត អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ។

រីឯការចាប់ខ្លួនអង្គរក្ស របស់លោក ថោង សារ៉ាត ក្រៅពីការបញ្ជាក់ថា ជនទាំងបួនសារភាពនោះ សមត្ថកិច្ច​នៅមិនទាន់បង្ហាញភស្តុតាងណាមួយ ស៊ីចង្វាក់នឹងសាច់រឿងនោះឡើយ។ មតិជាច្រើន ជាពិសេសក្រុមអ្នក​ប្រើ​ប្រាស់បណ្ដាញសង្គម បានដាក់សង្ស័យជាថ្មីថា នោះជាករណី «ស្វាស៊ីបាយរួចលាបមាត់ពពែ»។ ហើយនេះ មិនមែនជារឿងចម្លែកប៉ុន្មានទេ ព្រោះប្រព័ន្ធយុត្តិធម៌របស់កម្ពុជា (ទាំងសមត្ថកិច្ច និងតុលាការ) តែងរង​ការ​រិះ​គន់ថា ស្ថិតក្រោយខ្សែញ៉ាក់នយោបាយ ឬពីអ្នកមានអំណាច និងគ្មានជំនាញពិតប្រាកដ។

តែយ៉ាងណាក៏ដោយ ក៏ការចោទប្រកាន់ និងការសម្រេចឃុំខ្លួនជនសង្ស័យទាំងបួននាក់នោះ កំពុងស្ថិត​ក្នុង​ការ​តាមដាន និងស្រាវជ្រាវសាកសួរ ពីសំណាក់សមត្ថកិច្ច និងតុលាការនៅឡើយដែរ។ លោក អំ សំអាត ប្រធាន​ផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ​ថា ករណីដែលស្ថិតក្នុងការស៊ើបអង្កេតនៅឡើយនោះ សមត្ថកិច្ចនៅមានសិទ្ធិ ក្នុងការមិនបង្ហាញភស្តុតាង មកជា​សាធារណៈ។ លោកបន្តថា តែសមត្ថកិច្ចត្រូវតែបង្ហាញភស្តុតាង ដែលខ្លួនមាន ក្នុងពេលណាមួយនៃ​សំណុំ​រឿង​នេះ ដើម្បីបង្ហាញការទុកចិត្តដល់ជនសង្ស័យ និងក្រុមគ្រួសាររបស់គេ។

ដោយឡែកមេធាវីការពារជនសង្ស័យទាំងបួនលោក ចុង អៀវហេង បានបញ្ជាក់ប្រាប់អ្នក​សារព័ត៌មាន​កាលពី​រសៀលថ្ងៃទី៥ ខែធ្នូ នៅមុខសាលាដំបូងរាជធានីភ្នំពេញថា កូនក្តីរបស់លោក ត្រូវបានតុលាការចោទ​ប្រកាន់​ពី​បទ«ហិង្សាដោយចេតនា សមគំនិត» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ លោកបញ្ជាក់ថាមិនមានអ្វីត្រូវ​ធ្វើការ​អត្ថាធិប្បាយនោះទេ ព្រោះកូនក្តីលោកបានសារភាព ដោយស្ម័គ្រចិត្តរួចរាល់ហើយ។ លោកមេធាវី បាន​ថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ខ្ញុំមកដើម្បីកុំឲ្យគេបង្ខំកូនក្តីខ្ញុំ សួរតាមសម្រួល។ (តុលាការ)គ្មានបង្ខំនោះទេ សួរតាមសម្រួលទាំងអស់។ គេ(កូនក្តីលោក ជាអង្គរក្សទាំងបួន) សារភាពអស់ហើយ។ អស់លោកដឹងហើយ មិនបាច់សួរអីទៀត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...