អ្នកវិភាគ៖ បើទំនាស់នយោបាយអូសបន្លាយ នឹងអាចចែកពណ៌សម្បុររវាងខ្មែរនិងខ្មែរ
ស្របពេលគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់មានការឯកភាពគ្នា អំពីបញ្ហាសេសសល់នៅក្រោយការបោះឆ្នោត ដ៏ចម្រូងចម្រាសនោះ បានជម្រុញឲ្យប្រជាពលរដ្ឋកម្ពុជាទូទៅ មានការព្រួយបារម្ភនិងមានចម្ងល់ថា តើការបន្តប្រកាន់គោលជំហរផ្ទុយគ្នារបស់គណបក្សនយោបាយធំទាំងពីរនេះ អាចឈានទៅដល់ការបែកបាក់ជាតិ ឬក៏សង្រ្គាមផ្ទៃក្នុងដែរឬទេ? ទាក់ទងបញ្ហានេះ បើតាមអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានអះអាងថា វិបត្តិនយោបាយ កម្ពុជាមិនអាចឈានដល់ការធ្វើសង្រ្គាមផ្ទៃក្នុងនោះទេ តែបើបញ្ហានេះនៅតែអូសបន្លាយ វាអាចនាំឲ្យមានការបែងចែកពណ៌សម្បុររវាងខ្មែរ និងខ្មែរ។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
រាជធានីភ្នំពេញ - លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី លើប្រធានបទ ដំណោះស្រាយនយោបាយកម្ពុជា នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ បានលើកឡើងថា អ្នកនយោបាយកម្ពុជាគួរបង្កើតវប្បធម៌ចរចា ក្នុងការដោះស្រាយបញ្ហា ជាជាងការបង្រ្កាប ជំនួសឲ្យការចរចា ដែលឥរិយាបថនេះ វាអាចបង្ហាញពីភាពចាស់ទុំរបស់អ្នកនយោបាយ។
អ្នកវិភាគរូបនេះ អះអាងថា អ្នកនយោបាយកម្ពុជាបច្ចុប្បន្ន ប្រាកដជាមានភាពវ័យឆ្លាត ក្នុងការដោះស្រាយការជាប់គាំងនយោបាយនេះ ដោយមិនអនុញ្ញាតឲ្យស្ថានការណ៍បច្ចុប្បន្ន បន្តអូសបន្លាយពេលវេលា ដែលជាការខាតបង់ខ្លាំងដល់សេដ្ឋកិច្ចជាតិ និងជីវភាពពលរដ្ឋក្រីក្រ ហើយក៏មិនអនុញ្ញាតឲ្យស្ថានការណ៍នេះ ក្លាយទៅជាការបែកបាក់ជាតិផងដែរ។
គួរម្លឹកថា នៅក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានធ្វើការបដិសេធលទ្ធផលបោះឆ្នោត ដោយលើកហេតុផលថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរក្នុងកំឡុងពេលបោះឆ្នោត និងទាមទារបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតរួមគ្នា ។ តែការលើកឡើងនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ ជ ប និងគណបក្សប្រជាជនកម្ពុជា ច្រានចោលដោយអះអាងថា វាជារឿងមិនពិត។
ទន្ទឹមនឹងការបដិសេធរបស់ គ ជ ប និងគណបក្សប្រជាជនកម្ពុជា គេសង្កេតឃើញថា រដ្ឋាភិបាលចាំផ្ទះរបស់ លោក ហ៊ុន សែន ពេលនោះ បានបញ្ជូនកងទ័ព និងសព្វាវុធធុនធ្ងន់ មានរថក្រោះ រថពាសដែក យ៉ាងច្រើនមកាន់រាជធានីភ្នំពេញ។ ការចល័តទ័ពក្នុងកាលៈទេសៈពេលនោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ចោទថាជាការគម្រាមកំហែងប្រជាពលរដ្ឋ តែការចោទប្រកាន់នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល បកស្រាយថា កងកម្លាំងទាំងនោះបញ្ជូនមកភ្នំពេញ ដើម្បីការពារប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។
ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរីដដែល លោក ឡៅ ម៉ុងហៃ ជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជាផងដែរនោះ បានពន្យល់ថា បើគេប្រៀបធៀបពីស្ថានការណ៍នយោបាយកម្ពុជា ក្នុងពេលបច្ចុប្បន្ន ជាមួយនឹងពេលវេលាដូចគ្នាកាលពីជាង២០ឆ្នាំមុន បានបង្ហាញថា ប្រទេសកម្ពុជាបច្ចុប្បន្នមានវប្បធម៌សន្តិភាព និងការដោះស្រាយបញ្ហាដោយ សន្តិវិធីច្រើនជាងមុន ។
អ្នកវិភាគដដែលនេះ លើកឡើងថា ក្រោយការបោះឆ្នោត ក្នុងរយៈពេលជាង៣ខែ ចុងក្រោយនេះ កម្ពុជាមានភាពតានតឹងនយោបាយ តែអាចជៀសវៀងការប្រើប្រាស់អំពើហិង្សាធ្ងន់ធ្ងរ ជាពិសេសកំឡុងពេល ធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ដែលមានការប្រឈមមុខដាក់គ្នារវាងបាតុករ និងកងកម្លាំងប្រដាប់អាវុធ។
តែលោក ឡៅ ម៉ុងហៃ សង្កត់ធ្ងន់ថា ប្រសិនបើវិបត្តិនយោបាយនេះ ឈានដល់ការធ្វើសង្រ្គាមមែននោះ គឺមានតែអ្នកដែលមានអាវុធទេ ដែលជាអ្នកចាប់ផ្តើម និងត្រូវទទួលខុសត្រូវ ខណៈមានការប៉ះទង្គិចខ្លះៗ កន្លងមកច្រើន តែងផ្តើមចេញពីភាគីកម្លាំងសមត្ថកិច្ច។
យ៉ាងណាក្តី ការជាប់គាំងនយោបាយរបស់កម្ពុជានៅពេលនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា សន្និដ្ឋានថា ទំនងជាអាចមានភាពធូរស្រាល និងដោះស្រាយរួច ព្រោះគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានបន្ទន់ឥរិយាបថដាក់គ្នា ដោយមានគម្រោងជួបចរចាគ្នាជាថ្មី ដើម្បីទម្លាយភាពទាល់ច្រកនយោបាយក្នុងពេលឆាប់ៗនេះ។
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ