បក្ស​ប្រឆាំង​ថា​រដ្ឋាភិបាល​ខុស​ច្បាប់ តែ​ភាគី​បរទេស​នៅ​តែ​សហការ​ជា​មួយ

បើទោះជាគណបក្សសង្រ្គោះជាតិ បានធ្វើការចោទប្រកាន់យ៉ាងជាក់លាក់ថា រដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលដែលបានបង្កើតឡើង ដោយខុសច្បាប់ និងបានអំពាវនាវម្តងហើយម្តងទៀត ស្នើសហគមអន្តរជាតិ កុំឲ្យទទួលស្គាល់ និងសហការជាមួយរដ្ឋាភិបាលយ៉ាងក្តី ក៏ភាគីបរទេសទាំងនោះ ភាគច្រើន មានទាំងម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត នៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលដដែល។ កិច្ចសហប្រតិបត្តិការណ៍ពីភាគីបរទេសនេះ ត្រូវបានគណបក្សសង្រ្គោះជាតិ ចាត់ទុកថា វាជាការចូលរួមរំលោភឆន្ទះប្រជាពលរដ្ឋកម្ពុជា ជាងពាក់កណ្តាលប្រទេស ដែលនៅតែមិនទាន់ទទួលស្គាល់ ពីភាពស្របច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: October 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាគណបក្សសង្រ្គោះជាតិ បានធ្វើការចោទប្រកាន់យ៉ាងជាក់លាក់ថា រដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលដែលបាន​បង្កើតឡើង ដោយខុសច្បាប់ និងបានអំពាវនាវម្តងហើយម្តងទៀត ស្នើសហគមអន្តរជាតិ កុំឲ្យទទួលស្គាល់ និងសហការ​ជាមួយរដ្ឋាភិបាលយ៉ាងក្តី ក៏ភាគីបរទេសទាំងនោះ ភាគច្រើន មានទាំងម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត នៅ​តែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលដដែល។ កិច្ចសហប្រតិបត្តិការណ៍ពីភាគីបរទេសនេះ ត្រូវបាន​គណបក្ស​សង្រ្គោះជាតិ ចាត់ទុកថា វាជាការចូលរួមរំលោភឆន្ទះប្រជាពលរដ្ឋកម្ពុជា ជាងពាក់កណ្តាលប្រទេស ដែលនៅតែមិនទាន់​ទទួលស្គាល់ ពីភាពស្របច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - បន្ទាប់ពីរដ្ឋសភា និងរដ្ឋាភិបាលបានបង្កើតឡើង ក្រោយការបោះឆ្នោត ក្នុងស្ថានភាពប្រទាំងប្រទើស និងស្ថិតនៅក្រោមរូបភាពឯកបក្សផងដែរនោះ បានជម្រុញឲ្យគណបក្សសង្រោះជាតិ នៅតែមិនទាន់ទទួល​ស្គាល់ពី​ភាព​ស្របច្បាប់របស់ រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន នៅឡើយទេ បើទោះជាលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈសន្និសីតសារពត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នេះបានបង្ហាញគោលជំហរថា នឹងចូលជួបចរចាជាមួយ​គណបក្សប្រជាជនកម្ពុជា ដោយភ្ជាប់លក្ខខណ្ឌមួយចំនួន ដើម្បីទម្លាយភាពទាល់ច្រកនយោបាយ​ក្រោយការបោះឆ្នោត​ក៏​ដោយ។

ជុំវិញករណីនេះ បើយោងលើអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានកត់សម្គាល់ថា គណបក្សសង្រ្គោះជាតិ បានព្យាយាមប្រើច្រើនមធ្យោបាយ ទាំងមហាបាតុកម្មអហិង្សាក្នុងប្រទេស ទាំងប្រើនយោបាយការទូត ដើម្បីបញ្ចុះបញ្ចូល​ឲ្យភាគីអន្តរជាតិ បដិសេធពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាល និងកុំធ្វើកិច្ចសហការជាមួយ។ យ៉ាងណាក្តី ក៏​ភាគីអន្តរជាតិភាគច្រើន លើកលែងតែសហរដ្ឋអាមេរិក និងបណ្តាប្រទេសសមាជិក សហគមអ៊ឺរ៉ុបមួយចំនួន បាន​សម្រេច​ទទួលស្គាល់ជាផ្លូវការចំពោះរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា។ លើសពីនេះ បណ្តាប្រទេស​ទាំងនោះ មិនត្រឹមតែបានសម្តែងការទទួលស្គាល់ជាផ្លូវការចំពោះរដ្ឋាភិបាលបច្ចុប្បន្ននោះទេ គឺថែមទាំងបន្តកិច្ច​សហ​ប្រតិបត្តិការ និងផ្តល់ជំនួយជាបន្តបន្ទាប់ស្ទើរគ្រប់វិស័យ។

ទាក់បញ្ហានេះលោក ជាម យៀប ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានពន្យល់ថា ភាគីបរទេសទាំងអស់ រួមទាំងអង្គការសហប្រជាជាតិផងដែរនោះ គេមាន​ស្នាក់ការ ឬស្ថានទូត ក៏ដូចជាមន្រ្តីរបស់គេប្រចាំនៅកម្ពុជា ដូច្នេះពួកគេស្គាល់​ច្បាស់ពីស្ថានភាពនយោបាយ​ពិតប្រាកដ​នៅកម្ពុជា ដោយមិនចេះតែជឿលើការបំភ្លើសរបស់គណបក្សជំទាស់នោះទេ។

លោក ជាម យៀប បញ្ជាក់ថា៖ «តំណាងស្ថានទូតជាង៦០ប្រទេស ប្រចាំនៅកម្ពុជា ពួកគេមិនមែនល្ងង់ទេ គេមើលឃើញ​ថាគណបក្សប្រជាជនកម្ពុជា បានឆ្នះឆ្នោត៦៨លើ៥៥ គឺថារដ្ឋសភា និងរដ្ឋាភិបាលបានបង្កើត​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែរ អ្វីៗគឺស្របតាមច្បាប់របស់ប្រទេសកម្ពុជា»។

បើទោះជាលោក ជាម យៀប បានថ្លែងការពារពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាល យ៉ាងនេះក្តី ក៏លោក សុខ ទូច ជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា ថ្មីៗនេះបានលើកឡើងថា ប្រាកដណាស់ ដែលមានបណ្តាប្រទេសជាច្រើន បានសម្តែងការអបអរសាទរ ចំពោះរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ប៉ុន្តែការទទួលស្គាល់ទាំងនោះ ក្នុងករណីខ្លះវាមាន​លក្ខណៈការទូតតែប៉ុណ្ណោះ ព្រោះប្រទេសខ្លះ ទន្ទឹមនឹងការអបអសាទរ គេក៏បានស្មើឲ្យគណបក្សនយោបាយទាំងពីរមាន ការឯកភាពគ្នា ដើម្បីដោះស្រាយភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោត។ ដូច្នេះក្នុងករណីគណបក្សទាំងពីរ បន្តមិនមានការឯកភាពគ្នា នោះវាជាការពិបាកក្នុងការទទួលបានតម្លៃ ដែលទទួលស្គាល់ពិតប្រាកដ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...