កូនខ្ញុំជាប់គុក ដោយ«គ្រាន់តែគេសង្ស័យ»ថា បានគប់កញ្ចក់ឡាន!
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ឲ្យកូនខ្ញុំមកវិញម៉ោ!ៗ» នេះជាសម្រែកយំរបស់ម្តាយជនត្រូវចោទ អ្នកស្រី ញ៉ាវ សំណាង នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលដែលតុលាការមួយនេះបានយកកូនអ្នកស្រី ដែលគ្រាន់តែជាប់សង្ស័យថា បានគប់កញ្ចក់រថយន្ដបែក មកកាត់ក្តីឲ្យជាប់ពន្ធនាគារ។ នេះជាបទយកការណ៍ខ្លីមួយ ដែលអាចជារឿង«តូច»សម្រាប់មនុស្សមួយចំនួន តែវាជាទុក្ខធំ«ជាងភ្នំ»សម្រាប់គ្រួសារដ៏ក្រីក្រនេះមកពីខេត្តកំពត និងជារឿង«ហួសចិត្ត»សម្រាប់ប្រព័ន្ធអនុវត្តន៍ច្បាប់នៅកម្ពុជា។
ម្ដាយជនត្រូវចោទ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - លោក ប្រាក់ ប្រេញ ឪពុកមារនៃជនត្រូវចោទឈ្មោះ វ៉ន លី បានរៀបរាប់រឿងរ៉ាវប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថាក្មួយរបស់លោកធ្វើការនៅក្នុងហាង ហេងហេងពីរ ក៏ត្រូវបានម្ចាស់ហាងមួយទៀតឈ្មោះ គឹម ឡុង ដែលនៅក្បែគ្នានោះ ចោទប្រកាន់ថា បានគប់កញ្ចក់ឡានគេ។ លោកបានបន្តរថា ហេតុការណ៍នោះកើតឡើងនៅម៉ោងជាងមួយយប់ ក្មួយរបស់លោក និងសាក្សីដែលកំពុងគេងជាមួយគ្នា ត្រូវបានប៉ូលីសខណ្ឌទួលគោកចាប់ និងបញ្ជូនទៅដាក់ពន្ធនាគារតែម្តង ដោយគ្មានក្រុមគ្រួសារណាបានដឹងឡើយ ហើយជាប់ឃុំនៅក្នុងខណ្ឌទួលគោករហូតមួយសប្តាហ៍ពេញ និងត្រូវបានយកមកតុលាការពីលើករួចមកហើយ។ នេះជាលើកទីបី ដែលតុលាការហៅមកសួរនាំ តែទើបតែជាលើកទីមួយប៉ុណ្ណោះ ដែលក្រុមគ្រួសារទទួលបានព័ត៌មានក្នុងការចាប់ខ្លួននេះ។
លោក ប្រាក់ ប្រេញ បាននិយាយទៀតថា ពេលនេះក្មួយរបស់លោក នៅមិនទាន់មានមេធាវីការពារនៅឡើយ៖ «គេចោទតែខាងគេ មេធាវីក៏មានតឬខាងគេម្ខាង ខាងខ្ញុំមិនមានទេ»។
មានអាយុ១៧ឆ្នាំ ជាកូនទីពីរក្នុងចំណោមបងប្អូនប្រាំមួយនាក់ មានស្រុកកំណើតនៅភូមិទន្លេនាង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត យុវជនឈ្មោះ វ៉ន លី ត្រូវបានប៉ូលីសខណ្ឌទួលគោកចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅហាងហេងហេង២ ក្នុងសង្កាត់បឹងកក់ពីរ ខណ្ឌទួលគោក ក្នុងបទចោទប្រកាន់បង្ករបួសស្នាម មានស្ថានទម្ងន់ទោស ក្នុងនោះ មានការ«គប់កញ្ចក់ឡាន»។
កុមារីជាប្អូនជនត្រូវចោទ ដែលមានអាយុទើបតែជាងដប់ឆ្នាំ បានស្រែកយំទួញសោក ជាមួយម្តាយនិងបងៗពីរនាក់ផ្សេងទៀតនៅទីនោះថា៖ «បងខ្ញុំមិនមានខុសអីទេ ម្តេចយកបងខ្ញុំទៅអញ្ចឹង។ បងខ្ញុំនៅគេងសោះ គេទៅចាប់បងខ្ញុំ។ (...) ខ្ញុំអាណិតបងខ្ញុំខ្លាំងណាស់ មុនធាត់ឥឡូវប្រែជាស្គមសល់តែឆ្អឹង បងខ្ញុំសល់តែឆ្អឹងៗ។»
លោក ប្រាក់ ឌាង ជាឪពុក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនបានជួបមុខកូនឡើយ តាំងពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ព្រោះសាលាខណ្ឌទួលគោកមិនអនុញ្ញាត។ លុះព្រឹកឡើង ទើបគេឲ្យជួបមួយភ្លែត។ ឥឡួវនេះគេយកកូនមកតុលាការ ហើយគេក៏យកបន្តទៅដាក់នៅពន្ធនាគារព្រៃសរ សូម្បីតែមុខក៏គេមិនបានឃើញដែរ។ ជាមួយនឹងទឹកភ្នែករលីងរលោង និងទ្រហោរម្តងៗ ឪពុកជនត្រូវចោទរូបនេះ បានបញ្ជាក់ថា «កូនខ្ញុំមានសាក្សី តែមិនត្រូវបានតុលាការហៅមកសួរនាំទេ ឯភាគីម្ខាងទៀត ក៏មិនបានមកតុលាការដែរ។ អយុត្តិធម៌ណាស់ៗ។»
ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក ហួត ចាន់យ៉ារ៉ាន់ អធិការប៉ូលិសខណ្ឌទួលគោកបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ក្រោយពីតុលាការធ្វើការសាកសួរចប់ ក្រុមអនុរក្សពន្ធនាគារក៏បានបញ្ជូនជនជាប់ចោទនោះ ទៅកាន់ពន្ធនាគារព្រៃសរវិញតែម្តង បើសូម្បីឪពុកម្តាយបងប្អូនក៏មិនអនុញាតិឲ្យជួប ជាចុងក្រោយដែរ។
គ្រួសារនេះ ក៏បានសម្រេចចិត្តទៅកាន់ស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យមេដឹកនាំគណបក្សនេះ ជួយរកយុត្តិធម៌ឲ្យ។ ពួកគាត់បានបញ្ជាក់ថា នេះជាជម្រើសចុងក្រោយហើយ ដែលគ្រួសារលោកអាចពឹងពាក់បាន ព្រោះគ្រួសារលោកក្រីក្រណាស់ និងបានជំពាក់លុយធានាគារទៀតផង។
នេះជាប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលពិបាកនឹងធ្វើឲ្យគេយល់បានថា «គប់»បែកកញ្ចក់ឡាន គ្រាន់តែជាបទល្មើសតូចតាចមួយប៉ុណ្ណោះ ប៉ុន្តែជនត្រូវចោទ (ដែលមិនទាន់ដឹងថាមានទោស ឬយ៉ាងណានៅឡើយ) ត្រូវបានគេអនុវត្តច្បាប់ដាក់ទោសធ្ងន់ធ្ងរ ជាងឧក្រិដ្ឋជនធំៗទៅទៀត។ ប្រព័ន្ធយុត្តិធម៌ ដែលរងការរិះគន់មិនឈប់ឈរ ថាជា«ម៉ាស៊ីនកាត់ក្ដី»របស់ក្រុមអ្នកអំណាចមានលុយនៅកម្ពុជា៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤