ម្នាក់ពីចំណោមជនបរទេស១០នាក់ ត្រូវបានផ្តន្ទាទោស១ឆ្នាំដោយព្យួរទោស
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២០ មីនា ២០១៨
- កែប្រែចុងក្រោយ: March 20, 2018
- ប្រធានបទ: សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនបរទេសទាំងនោះ បានរងការចោទ ថាបានប្រព្រឹត្តិ ការរាំរែកដោយស្លៀកពាក់ខ្លី បែបអាសអាភាស កណ្ដាលខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌ដ៏សំខាន់ របស់ប្រទេសកម្ពុជា។ លោក ដានីញៀល ចូណេស (Daniel Jones) អាយុ៣១ឆ្នាំ ជនជាតិអង់គ្លេសម្នាក់ ពីក្នុងចំណោមជនបរទេស ទាំង១០នាក់ ដែលត្រូវបានឃាត់ខ្លួន ទើបនឹងត្រូវតុលាការខេត្តសៀមរាប សម្រេចផ្ដន្ទាទោស នៅថ្ងៃអង្គារ ទី២០ ខែមីនានេះ ឲ្យជាប់ពន្ធនាគារ ចំនួន១ឆ្នាំ ដោយព្យួរទោស។
លោក ចូណេស ដែលបានជាប់ឃុំ តាំងពីពេលឃាត់ខ្លួន (ថ្ងៃទី២៥ ខែមករាកន្លងទៅ) នឹងត្រូវដោះលែង ឲ្យមានសេរីភាពវិញ ចាប់ពីថ្ងៃអង្គារនេះតទៅ។ នេះ បើតាមការថ្លែងអះអាង របស់លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ត នៅមុននេះបន្តិច។
អ្នកនាំពាក្យ បានបន្តថា ជនសង្ស័យ៩នាក់ផ្សេងទៀត ត្រូវបានជម្រះ ចេញពីការចោទប្រកាន់រួចអស់ហើយ តាំងពីក្រោយការឃាត់ខ្លួនភ្លាមៗ ដោយបន្សល់ទុក តែជនជាប់ចោទ លោក ដានីញៀល ចូណេស តែម្នាក់ប៉ុណ្ណោះ ដែលត្រូវស្ថិតក្នុងការស៊ើបអង្កេត រហូតដល់ថ្ងៃបើកសវនាការ។
នៅក្នុងសវនាការ បុរសជាតិអង់គ្លេស បានសំដែងការសោកស្ដាយ និងសុំអភ័យទោស ចំពោះទង្វើរបស់ខ្លួន ដែលអាចប៉ះពាល់ ទៅដល់ប្រជាជនកម្ពុជា។ ប៉ុន្តែលោកបានបដិសេធ ថាមិនមានការរួមភេទ និងការស្រាតអាសអាភាស នៅក្នុងកម្មវិធីរាំរែកនោះទេ។
តំណាងអយ្យការអមតុលាការ ខេត្តសៀមរាប បានអះអាងថា ក្រុមអ្នករៀបចំកម្មវិធី បានផ្សព្វផ្សាយរូបភាព ដែលបញ្ចេញដើមទ្រូង របស់អ្នកចូលរួម នៅតាមបណ្ដាញអ៊ិនធើណែត ហើយទង្វើនេះ បានប៉ះពាល់ ដល់«ប្រពៃណីខ្មែរ» និងជាពិសេស ទៅដល់រូបភាពនៃប្រាង្គប្រាសាទ«អង្គរ»ដ៏ល្បី និងគួរឲ្យគោរព របស់ប្រទេសកម្ពុជា។
រូបថតខាងលើ ដែលត្រូវបានផ្សព្វផ្សាយ ដោយគេហទំព័រនគរបាលជាតិកម្ពុជា ជាមួយនឹងអត្ថបទជូនដំណឹង ពីការឃាត់ខ្លួននោះ មិនមែនជាទិដ្ឋភាពផ្ទាល់ ឬភ្លាមៗ នៅពេលឃាត់ខ្លួនទេ ហើយជនបរទេសនៅក្នុងរូបថត ក៏មិនមែនជាជនសង្ស័យ ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួននោះដែរ។
ការប្រព្រឹត្តិទង្វើស្រើបស្រាល មិនមែនជាចំណូលចិត្ត របស់បណ្ដាជនខ្មែរទូទៅ ដែលនៅតែនិយមការអភិរក្សដ៏ខ្លាំងក្លា នោះឡើយ។ ជាពិសេស ទង្វើរបស់ជនបរទេស ដែលចូលមកថតរូប«ស្រាត» នៅក្នុងតំបន់អង្គរ បានបង្កឲ្យផ្ទុះជារឿងអាស្រូវ ដ៏ខ្លាំងក្លារួចហើយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ រហូតលុះត្រាអាជ្ញាធរ«អប្សារា» ដែលគ្រប់គ្រងតំបន់អង្គរ បានបង្កើនការយាមកាមយ៉ាងតឹងរ៉ឹង ហើយបានធ្វើការឃាត់ខ្លួនជនបរទេស ជាច្រើននាក់ថែមទៀត៕