យុទ្ធនាការ«លែងក្បាលសុដន់» នៅក្រុងសានឌីយ៉េហ្គូ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 23, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រមូលផ្ដុំគ្នា ដើម្បីបង្ហាញរូបរាង ពីចលនា«លែងក្បាលសុដន់ ឬ Free the nipple» ដែលកើតឡើងចុងក្រោយគេ គឺនៅក្នុងសាន ឌីយ៉េហ្គូ (San Diego) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែឧសភាកន្លងមក។ បណ្ដាជនប្រមាណជា២០០នាក់ បានមកជួបគ្នា នៅក្នុងឧទ្យានមួយកណ្ដាលក្រុង ដើម្បីធ្វើការបង្ហាញសុដន និងក្បាលសុដន់របស់ពួកគេ មិនថាប្រុសមិនថាស្រី។ សំនួរសួរថា ហេតុអ្វីក៏មានចលនានេះ?
ចលនា«លែងក្បាលសុដន់» បានកើតឡើង តាំងពី៣ឆ្នាំមកហើយ នៅសហរដ្ឋអាមេរិក ដើម្បីបុព្វហេតុសមញ្ញមួយ៖ «ហេតុអ្វីបុរសៗអាចដើរកំសាន្ដបាន ដោយព្រលែងខ្លួនទទេ ខណៈស្ត្រីចាំបាច់ ត្រូវតែស្លៀកពាក់ពេញខ្លួន ឬយ៉ាងហោចត្រូវបិទបាំងសុដន់ កុំឲ្យអ្នកផងមើលឃើញ»។
ខុសពីការយល់ឃើញ របស់មនុស្សមួយចំនួន ដែលគិតថា ឲ្យតែប្រទេសនៅលោកខាងលិច ពួកគេសុទ្ធតែមានវប្បធម៌ «អាសអាភាស» ចូលចិត្តបង្ហាញ«ប្រដាប់ប្រដាសម្ងាត់»របស់ខ្លួននោះ ប្រទេសនៅបស្ចឹមលោកភាគច្រើន បានហាមឃាត់យ៉ាងហ្មឺងម៉ាត់ ពីការបង្ហាញអវៈយវៈផ្លូវភេទ ជាសាធារណៈ។ ប៉ុន្តែបញ្ហាដែលសំខាន់ សម្រាប់ក្រុមស្ថាបនិក ចលនា«ព្រលែងក្បាលសុដន់»នោះ គឺពួកគេគិត ពីសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលបុរសនិងស្ត្រី ត្រូវតែមានស្មើគ្នា នៅគ្រប់ទីកន្លែង នៅគ្រប់កាយវិការ រាប់ទាំងការដើរហើរ និងការស្លៀកពាក់។
ចលនានេះ បានពង្រីកខ្លួនកាន់តែធំ បន្តិចម្ដងៗ ជាពិសេសនៅលើបណ្ដាញសង្គម។ ក្រុមអ្នកគាំទ្រ បានពន្យល់តៗគ្នា ពីវិធីដើម្បីធ្វើចលនារបស់ពួកគេ កាន់តែត្រូវបានចាប់អារម្មណ៍ និងដើម្បីឲ្យតំបន់ហាមឃាត់ នៅលើអ៊ិនធើណែតមួយចំនួន (ដូចយ៉ាងហ្វេសប៊ុកជាដើម) ផ្លាស់ប្ដូរគោលការណ៍ របស់ពួកគេ។ វិធីនោះ មានដូចជា «ថតរូបពីក្បាលដោះខ្លួនឯង ហើយបង្ហោះ នៅលើហ្វេសប៊ុក ទ្វីសធើរ ឬនៅលើអ៊ិនស្ថាក្រាម។ល។» ជាពិសេស ត្រូវតែធ្វើឲ្យបានច្រើនឡើង នៅលើហ្វេសប៊ុក ដោយហេតុថា បណ្ដាសង្គមមួយនេះ បានធ្វើការហាមឃាត់យ៉ាងតឹងរ៉ឹង ពីរូបភាពបង្ហាញសុដន់ នៅលើជញ្ជាំងនានា នៃអ្នកប្រើប្រាស់៕
» ខាងក្រោមនេះ ជាវីដេអូមួយទៀត នៃស្ពតពាណិជ្ជកម្ម របស់ចលនានេះ៖