ត្រូវមានច្បាប់គ្រប់គ្រង NGO ព្រោះកម្ពុជាជា«និតិរដ្ឋ» !
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 23, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបញ្ចប់សិក្ខាសាលា ដែលរៀបចំឡើង ដោយសង្គមស៊ីវិលជាង២០០ នាព្រឹកថ្ងៃទី២១ ខែឧសភានេះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធិសភា ដែលមានវត្តមានចូលរួមដែរនោះ បានលើកឡើងថា ក្នុងនាមលោកផ្ទាល់ លោកគាំទ្រនូវជំហររបស់រដ្ឋាភិបាល ដែលបង្កើត ឲ្យមាននូវច្បាប់គ្រប់គ្រង អង្គការ សមាគមនេះ។ លោកបានចាត់ទុកថា ច្បាប់នេះ នឹងមាន«ភាពវិជ្ជមាន»សម្រាប់ប្រទេស ដែលមានអង្គការសមាគមច្រើន។ លោកថា កម្ពុជាមិនត្រូវការពន្យាពេលវេលាឲ្យទៅមុខ ដោយឥតប្រយោជន៍ឡើយ ក្នុងនោះ រួមទាំងការអភិវឌ្ឍន៍នានា និងច្បាប់នានាផង។
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាសណ្ឋាគារកាំបូឌីយ៉ាណា មន្រ្តីនាំពាក្យព្រឹទ្ធិសភារូបនេះ បានពន្យល់ថា៖ «សង្គមជាតិយើង សំខាន់ណាស់ឲ្យឈានទៅនិតិរដ្ឋ។ អ្វីៗ គ្រប់គ្រងដោយច្បាប់ អនុវត្តដោយច្បាប់។ (...) ការអភិវឌ្ឍន៍ជាតិ ឈានទៅជាលំដាប់ ឫការកសាងច្បាប់ ក៏ឈានទៅជាលំដាប់ដែរ មិនអាចឈប់បានទេ។ (...) ពន្យាធ្វើអ្វីទៀត? សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ដំណាក់កាល ឈានឡើងទៅជាលំដាប់ ឯការកសាងច្បាប់ ក៏ឈានទៅជាលំដាប់ដែរ។»
ដោយឡែកអ្នកស្រី រស់ សុភាព នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GAD/C) ទទួលស្គាល់ ក្នុងការបង្កើតឲ្យមានច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបា លនេះ។ តែអ្វី ដែលជាការព្រួយបារម្ភ របស់សង្គមស៊ីវិលនោះ នៅត្រង់ថារដ្ឋាភិបាល កំពុងដាក់ច្បាប់ នៅឲ្យស្ថិតនៅឆ្ងាយ ពីភាគីពាក់ព័ន្ធ អាចរហូតដល់ច្បាប់នេះ ចូលក្នុងដៃរដ្ឋសភាតែម្តង។ យ៉ាងណា អ្នកស្រី សុភាព បានថ្លែងក្ដីសង្ឃឹមថា ច្បាប់នោះ នឹងមិនធ្វើឡើង ដើម្បីរិតត្បិតសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនោះទេ។
ភាពអាថ៌កំបាំង នៃច្បាប់មួយនេះ កំពុងកើតមាននៅឡើយ ដោយសារតែអង្គការ សង្គមស៊ីវិលទាំងនោះ ក៏ពុំទាន់ទទួលបានព័ត៌មាន ណាមួយជាក់លាក់ ឬផ្លូវការ ពីរដ្ឋាភិបាលនៅឡើយ ពាក់ព័ន្ធ នឹងសេចក្តីព្រាងច្បាប់នេះ បើគិតមកទល់បច្ចុប្បន្ន ដែលឈានមកដល់ ដំណាក់ការទី៤ និងមានរយៈកាល ជាងពីរឆ្នាំមកហើយនោះ។ អ្នកស្រី រស់ សុភាព បានថ្លែងទៀតថា៖ «សេចក្តីព្រាងច្បាប់នេះ មិនបានយកមកពិភាក្សា ឲ្យបានទូលំទូលាយ ជាមួយប្រជាពលរដ្ឋ និងសង្គមស៊ីវិលទេ។ អញ្ចឹង វាមានលក្ខណៈចង្អៀត សម្រាប់យើង ហើយយើងមិនដឹងថា ច្បាប់នេះមានលក្ខណៈ (...) និងការរៀបចំ វាមិនទាន់មានតម្លាភាព។ (...) ពេលច្បាប់នេះចេញ ខ្មែរជាង១៤ ១៥លាននាក់ ត្រូវទទួលផលប្រយោជន៍ ពីច្បាប់ហ្នឹង។ (...) ការមិនចូលរួម របស់ប្រជាពលរដ្ឋ ឲ្យទូលំទូលាយ ផលប្រយោជន៍ ដែលទទួលបាន ក៏មិនទូលាយដែរ។ (...) ភាពមិនទូលំទូលាយនេះ អាចបង្កឲ្យមានបញ្ហា។»
ជាមួយនឹងករណីនេះដែរ លោក ហេង ភក្តី នាយកប្រតិបត្តិស្តីទី របស់វេទិការនៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបន្ថែមថា អង្គការសង្គមស៊ីវិលដើរតួ និងចូលរួមយ៉ាងសកម្ម ក្នុងការអភិវវឌ្ឍន៍ប្រទេស។ ដូច្នេះបើច្បាប់មួយនេះ បានចងដោយរឹតត្បិតសិទ្ធិ និងសេរីភាពនោះ នោះហើយ ដែលជាការព្រួយបារម្ភ និងត្រូវស្វែងរកការដោះស្រាយ។ លោកបានបញ្ជាក់ដូច្នេះថា៖ «បើច្បាប់ដែលចេញមកនោះ វារិតត្បិតសិទ្ធិ និងសេរីភាព ក្នុងការធ្វើសកម្មភាព របស់សង្គមស៊ីវិល ក៏អាចប៉ះពាល់ ដល់ពលរដ្ឋដែលជាអ្នកទទួលផល ដោយផ្ទាល់ផង»។
ឆ្លើយតប ទៅនឹងការលើកឡើងខាងលើ លោក ម៉ម ប៊ុននាង មិនបានធ្វើការបកស្រាយអ្វី នោះឡើយ តែលោកគ្រាន់តែបញ្ជាក់ដូច្នេះថា៖ «ដើម្បីនីតិរដ្ឋ ការគ្រប់គ្រងជាតិមួយ តម្រូវឲ្យមានច្បាប់គ្រប់គ្រង។ (...) ដើម្បីមាននិតិរដ្ឋ ត្រូវតែបង្កើតច្បាប់។»៕