ការប្រឡងបាក់ឌុបទី២៖ ជាការចម្រាញ់ទឹក១០ យកទឹក១ ឬដើម្បីចំណេញនយោបាយ?
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០១ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 13, 2014
- ប្រធានបទ: ប្រព័ន្ធអប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីលទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិ ត្រូវបានប្រកាសរួចមក គេបានសង្កេតឃើញថា អត្រានៃចំនួនសិស្សធ្លាក់ មានច្រើនគួឲ្យកត់សម្គាល់។ នោះ គឺដោយសារការប្រឡងលើកទី១នាឆ្នាំនេះ មានការតឹងរឹងខុសពីឆ្នាំមុនៗ ហើយលទ្ធផលដែលទទួលបាននោះ មានគុណភាពពិតៗ ដោយសារកំណែរទម្រង់ថ្មីរបស់រដ្ឋាភិបាល។
សម្រាប់អ្នកដែលបានធ្លាក់ ពីការប្រលងលើកទីមួយនេះ នឹងត្រូវរងចាំឱកាស ដើម្បីប្រឡងជាថ្មីម្តងទៀត នាថ្ងៃទី១៣ ខែតុលាខាងមុខ។
កាលពីចុងខែសីហានេះដែរ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានអំពាវនាវឲ្យសិស្ស ដែលត្រូវប្រឡងបាក់ឌុបលើកទី២ ត្រូវប្រឹងប្រែងរៀនសូត្រ ឫត្រូវបំប៉នបន្ថែម ក្នុងរយៈពេលជាង ១ខែនេះ ដើម្បីការប្រឡងរបស់ពួកគេទទួលបានជោគជ័យ។ លោកបានសង្កត់ធ្ងន់ទៀតថា កំណែរទម្រង់នាឆ្នាំ ២០១៤នេះ ថាជាកំណែទម្រង់ចម្រាញ់ទឹក ១០យកទឹក១។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា សមាគមរបស់លោកមិនគាំទ្រ ឲ្យមានការប្រឡងជាលើកទី ២ទេ នៅពេលដែលការប្រលងលើកទីពីរនេះ បានធ្វើឡើងទៅតាមការនឹកឃើញ មិនមានគោលការណ៍ច្បាស់លាស់នោះ។
លោក រ៉ុង ឈុន បានបន្តទៀតថា លោកមើលឃើញពីមូលហេតុពីរចំនុច ដែលធ្វើឲ្យមានការប្រឡងលើកទី២នេះ ទីមួយ អាចកេងចំនេញពីផ្នែកនយោបាយ ដែលលោក ហ៊ុន សែន ប្រកាសឲ្យមានការប្រឡងឡើងវិញ ដើម្បីទទួលបានការគាំទ្រពីយុវជន និងទីពីរ ជាការផ្គាប់ចិត្តទៅ មហាវិទ្យាល័យ សាកលវិទ្យាល័យឯកជនផងដែរ។
គួរបញ្ជាក់ថា ដើម្បីពង្រឹងនូវសមត្ថភាពរបស់សិស្ស ដែលត្រូវប្រឡងលើកទីពីរនោះ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំមេរៀនចំនួនបួនមុខ សំរាប់ជំនួយស្មារតីនៃការប្រឡងមុខវិជ្ជាទាំងអស់នោះ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវៈវិជ្ជា។ មុខវិជ្ជាទាំងអស់នេះ សិស្សអាចរកបាននៅតាម បណ្តាញសង្គមដូចជាគេហទំព័រ ក្រសួងអប់រំយុវជន និងកីឡា និងតាមរយៈបណ្តាញហ្វេសប៊ុកជាផ្លូវការរបស់ ក្រសួង អប់រំយុវជន និងកីឡាជាដើម។
ចំពោះការប្រឡងជាថ្មីនេះ ក្រសួងអប់រំបានសហការ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យចូលសង្កេតការណ៍ដដែល ដើម្បីឲ្យការប្រឡងប្រព្រឹត្តទៅ តាមគោលការណ៍ច្បាប់ មានយុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕