CNRP ថ្កោលទោសការចាប់ខ្លួនមេឃុំនៅកំពង់សៀម ថាដូច«ខ្មែរក្រហម»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មេសា ២០១៦
- កែប្រែចុងក្រោយ: April 24, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្ដៅនយោបាយនៅកម្ពុជា បានបន្តកើនឡើង នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅចំពោះសំនុំរឿង «កឹម សុខា-ធី សុវណ្ណថា-ស្រី ចំរើន-ស្រីមុំ»។ កំដៅបានបន្តកើនឡើង រហូតមកដល់ការចាប់ចងជាថ្មីទៀត នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ។
មេឃុំមួយរូប មកពីគណបក្ស សម រង្ស៊ី នៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរចាប់ខ្លួន ទាក់ទងនឹងករណីចោទប្រកាន់ ក្នុងលិខិតចំហររបស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលបានសរសេរផ្សាយ កាលពីថ្ងៃសុក្រទី២២ ខែមេសា។
លោកមេឃុំរូបនោះ មានឈ្មោះ ស៊ាង ចែត និងត្រូវបានចាប់ខ្លួន នាវេលាម៉ោង ១០ និង៣០នាទីព្រឹក ខណៈដែលលោក បានទៅធ្វើការរដ្ឋបាល នៅនឹងសាលាស្រុក កំពង់សៀម។ នេះបើតាមការបញ្ជាក់ របស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ នៅលើទំព័រហ្វេសប៊ុករបស់លោក។
គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួមគ្នា រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃទី២៤ ខែមេសា ថ្កោលទោសការចាប់ចង់នោះ និងបានហៅសកម្មភាពរបស់អាជ្ញាធរ ថាជា«ទង្វើរំលោភច្បាប់ ដែលមានចរិក ដូចកាលរបបខ្មែរក្រហម» ព្រោះសំអាងទៅលើ «ការឆ្លើយដាក់ពី (សំណាក់) បុគ្គលម្នាក់»។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ គណបក្សសម្លេងភាគតិច នៅក្នុងរដ្ឋសភា បានអំពាវនាវទៅអាជ្ញាធរ ដែលស្ថិតក្រោមការគ្រប់គ្រង ពីគណបក្សប្រជាជនកម្ពុជា ឲ្យធ្វើការដោះលែងលោក ស៊ាង ចែត ដើម្បី«បន្ធូរបន្ថយបរិហាកាសតានតឹង ដែលកំពុងកើតមាន នៅពេលនេះ»។
គេនៅមិនទាន់ឃើញប្រតិកម្មជាផ្លូវការ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ឬពីលោក ឱម យិនទៀង ប្រធានអង្គភាពនេះនៅឡើយ រហូតមកដល់ពេលនេះ។
លោក ស៊ាង ចែត ជាមនុស្សម្នាក់ ស្ថិតក្នុងចំណោមមនុស្ស ប្រមាណជា ៧នាក់ ដែលត្រូវបាននាង ខុម ចាន់តារាទី ហៅ ស្រីមុំ សរសេរដាក់បន្ទុក នៅក្នុងលិខិតចំហរមួយរបស់នាង ចោទមនុស្សទាំងនេះ ថាបានលួងលោមបញ្ចុះបញ្ចូល ឲ្យនាងនិយាយកុហកពីការពិត«ស៊ីជម្រៅ» ជុំវិញទំនាក់ទំនងរបស់នាង ជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ មនុស្សទាំងនោះ ដែលគេអាចអានឃើញ នៅក្នុងលិខិតចំហររួមមាន មន្ត្រីសមាគមអាដហុក (ADHOC) ចំនួនបួននាក់ (លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី) - ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ - មន្ត្រីអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស លោក ស៊ឺន សាលី និងមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺលោក ស៊ាង ចែត នេះតែម្ដង។
កាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ចេញសេចក្ដីថ្លែងការណ៍«ពិសេស»មួយ ថ្កោលទោស និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឲ្យស្រាវជ្រាវ និងចាត់វិធានការម៉ឺងម៉ាត់ ចំពោះក្រុមមនុស្សទាំង៧នាក់ខាងលើ។ ចំពោះករណី របស់លោក ស៊ាង ចែត ត្រូវមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ អះអាងនៅក្នុងសេចក្ដីថ្លែងការណ៍ ថាបានបញ្ចុះបញ្ចូលលួងលោមឲ្យនាង ខុម ចាន់តារាទី និយាយកុហក ខុសពីការពិតប្រាប់មហាជន សារព័ត៌មាន និងសមត្ថកិច្ច ដោយសន្យាថា នឹងជួយឲ្យបានទៅរស់នៅក្រៅប្រទេស៕