ប្រធានាធិបតីភូមាថ្មី លើកលែងទោសឲ្យអ្នកទោសនយោបាយ ៨៣នាក់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មេសា ២០១៦
- កែប្រែចុងក្រោយ: April 18, 2016
- ប្រធានបទ: នយោបាយភូមា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាសេចក្ដីសម្រេចចិត្តលើកដំបូង ដែលមានលក្ខណៈនយោបាយ តាំងពីលោក ហ្ទីង ឃីយ៉ាវ (Htin Kyaw) បានស្បថឡើងកាន់តំណែង ជាប្រធានាធិបតី កាលពីខែមីនាកន្លងមក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានផ្សាយ នៅលើទំព័រហ្វេសប៊ុក បានឲ្យដឹងថា លោកប្រធានាធិបតី បានប្រកាសពីការដោះលែងអ្នកទោស ចំនួន៨៣នាក់។
សេចក្ដីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា ការដោះលែងមានគោលបំណង ផ្ដល់ទៅឲ្យ«ពលរដ្ឋទាំងអស់គ្នា នូវអារម្មណ៍សុខសន្តិភាព សុភមង្គល» និងជាពិសេសដើម្បី «លើកស្ទួយការបម្រួបបម្រួមជាតិ»។
នៅសល់រាប់សិបនាក់ទៀត...
បើតាមអ្នកទទួលខុសត្រូវពន្ធនាគារមួយរូប ដែលថ្លែងក្នុលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកទោសទាំងនោះ ដែលនឹងត្រូវលើកលែងទោសនោះ មានអ្នកសារព័ត៌មានបួននាក់ និងមេដឹកនាំស្ថាប័នព័ត៌មានម្នាក់ នឹងត្រូវទទួលបានការលើកលែងទោសដែរ។ អ្នកទាំងប្រាំត្រូវបានផ្តន្ទាទោស កាលពីឆ្នាំ២០១៤កន្លងមក ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ ១០ឆ្នាំ ព្រោះពួកគេបានសរសេរអត្ថបទ ពីរោងចក្រមួយ ដែលសង្ស័យថាមានអាវុធគីមី។
យ៉ាងណាក៏ដោយ ការលើកលែងទោសនេះ អាចជាជំហានទីមួយ ដោយសារតែនៅសល់អ្នកទោសនយោបាយ រាប់សិបនាក់ទៀត កំពុងជាប់ឃុំនៅឡើយ។ ហើយនេះ គេនៅមិនទាន់និយាយដល់ មនុស្សរាប់រយនាក់ទៀត ដែលកំពុងរងបណ្ដឹងទៅកាន់តុលាការ ក្រោយការចោទប្រកាន់ របស់អាជ្ញាធរដែលគ្រប់គ្រង ដោយរដ្ឋាភិបាលមុននោះផង៕