កងទ័ពភូមាសន្យាគាំទ្រ ការផ្លាស់ប្ដូរតាមបែបលិទ្ធិប្រជាធិបតេយ្យ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មីនា ២០១៦
- កែប្រែចុងក្រោយ: March 30, 2016
- ប្រធានបទ: ភូមា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាលើកទីមួយហើយ ដែលមេទ័ពដ៏មានអំណាច របស់ប្រទេសភូមា លោកឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង (Min Aung Hlaing) បានថ្លែងឡើងច្បាស់ៗ បន្ទាប់ពីប្រទេសនេះ បានស្ថិតក្រោយឥទ្ធិពលរបស់កងទ័ព អស់រយៈពេលជាច្រើនទសវត្សន៍ ហើយនៅចំពេល ដែលរដ្ឋាភិបាលដឹកនាំប្រទេស កំពុងត្រូវបានផ្លាស់ប្ដូរ ពីគណបក្សដែលស្និតនឹងក្រុមយោធា មកជារដ្ឋាភិបាល ដែលបង្កើតឡើង ដោយគណបក្សប្រឆាំង របស់អ្នកស្រី អ៊ុងសាន ស៊ូជី។
ថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់នាយទាហាន និងទាហាន ដែលបានចូលរួម ក្នុងទិវាដង្ហែព្យុហយាត្រាមួយ ក្នុងរដ្ឋធានី «Naypyidaw» កាលពីថ្ងៃអាទិត្យ លោក មីន អ៊ុងហ្លាំង បានឲ្យដឹងថា៖ «ខ្ញុំសូមស្នើសុំ ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ ឲ្យកងទ័ពភូមា (ឬតាមភាសាភូមា ហៅ «Tatmadaw») ចូលរួមសហការ ដើម្បីភាពរីកចម្រើន ដល់ការបង្រួបបង្រួមជាតិ និងដល់ពលរដ្ឋភូមា របស់ខ្លួន»។
លោកបានបន្តទៀតថា៖ «ឧបសគ្គដ៏សំខាន់ចំនួនពីរ សម្រាប់ដំណើរឈានទៅមុខ នៃលិទ្ធិប្រជាធិបតេយ្យ គឺការមិនគោរពនីតិរដ្ឋ និងការបះបោរផ្នែកប្រដាប់អាវុធ។ រឿងនេះ អាចធ្វើឲ្យលិទ្ធិប្រជាធិបតេយ្យ ដួលរលំ។ (...) ដំណើរឈានទៅមុខ នៅលើវិថីនៃលិទ្ធិប្រជាធិបតេយ្យ អាចធ្វើទៅបាន លុះត្រាតែបំបាត់ចោល នូវឧបសគ្គទាំងពីរនេះ។»
ការថ្លែងរបស់លោកឧត្តមសេនីយ៍ បានធ្វើឡើង នៅបីថ្ងៃមុន ការចូលមកកាន់តំណែង ជាប្រធានាធិបតី របស់លោក ហ្ទីង ឃីយ៉ាវ (Htin Kyaw) ដែលចេញមកពីគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃពុធនេះ ជំនួសលោក ថេន សេន (Thein Sein) ប្រធានាធិបតីផុតអណត្តិ ដែលចេញ ពីគណបក្ស ដែលស្និតនឹងក្រុមយោធា។ លោក ហ្ទីង ឃីយ៉ាវ ត្រូវបានគេស្គាល់ថា ជាមនុស្សដ៏ស្មោះស្ម័គ្រម្នាក់ របស់គណបក្ស «NLD»។
» លោក ហ្ទីង ឃីយ៉ាវ ៖
ចំណែកឯម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ្នកស្រី អ៊ុងសាន ស៊ូជី វិញ ដែលមិនអាចឡើងជាប្រធានាធិបតី របស់ប្រទេសភូមាបាន ដោយសាររដ្ឋធម្មនុញ្ញ បានធ្វើការហាមឃាត់នោះ ទំនងជាក្លាយជារដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលថ្មី។ តែបើទោះជាអ្នកស្រី មិនមែនជាប្រធានាធិបតីក៏ដោយ ក៏អ្នកស្រីនៅតែដឹកនាំប្រទេស ពីខាងក្រោយលោក ហ្ទីង ឃីយ៉ាវ (ប្រធានាធិបតីក្នុងតំណែង) ដដែល។
យ៉ាងណាក៏ដោយ ក៏ព្យុហយាត្រារបស់កងទ័ព កាលពីថ្ងៃអាទិត្យ ដូចជាបានរំលឹកយ៉ាងច្បាស់ឡើងវិញ ពីកម្លាំង អំណាច និងភាពសម្បូរបែប នៃកងទ័ពភូមា តាមរយៈការបញ្ចេញ ក្នុងឱកាសនោះ នូវរថក្រោះ កាំជ្រួចបាញ់ពីដី រថពាសដែក និងឧទ្ធម្ភាគចក្រជាច្រើន។ យោធាភូមា ដែលនៅតែកាន់កាប់ ក្រសួងសំខាន់ៗដដែល ដូចយ៉ាងក្រសួងមហាផ្ទៃ ការពារជាតិ និងក្រសួងព្រំដែនជាដើម៕