បុរសជាតិបារាំងម្នាក់ឆ្លងមហាសាគរ អាត្លង់ទិក ដោយចែវទូក
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១១ មេសា ២០១៦
- កែប្រែចុងក្រោយ: April 12, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនជាតិបារាំងអាយុ៣៨ឆ្នាំមួយរូប លោក នីកូឡា ហ្សារ៉ូសៃ (Nicolas Jarossay) បានចាប់ផ្ដើមធ្វើដំណើរ ចេញពីកំពង់ផៃក្រុងប្រារីយ៉ា (Praia) នៃកោះ «Cap Vert (ខាងលិចទ្វីបអាហ្វ្រិក)» ដើម្បីឆ្លងមហាសមុទ្រអាត្លង់ទិក តាមទូកចែវមួយ ដោយគ្មានត្រូវការជំនួយ អ្វីផ្សេងទាំងអស់។ នេះបើតាមការអះអាងឲ្យដឹង របស់ក្រុមអ្នករៀបចំដំណើរផ្សងព្រេង ដែលកម្រកើតមានមួយនេះ។ ក្រុមអ្នករៀបចំបានឲ្យដឹងទៀតថា វាជាការប៉ុនប៉ងមុនគេ និងលើកដំបូងបង្អស់ ក្នុងការឆ្លងកាត់មហាសាគរ អាត្លង់ទិក ជាមួយនឹងមធ្យោបាយ ត្រឹមតែ«ទូកចែវ» និងតាមលក្ខណៈ«ធម្មជាតិ»សុទ្ធសាធ។
លោក នីកូឡា ហ្សារ៉ូសៃ ដែលជាអ្នកជំនាញខាងជួយសង្គ្រោះ (Pompier professionnel) មានកំពស់១ម៉ែត្រ៩០ និងដែលមានទំងន់៩០គីឡូក្រាម បានអនុវត្តវិញ្ញាសារ ចែវទូក របៀបនេះ តាំងពី៨ឆ្នាំមកហើយ។ លោកតែងធ្វើការចែវគាស់ទឹក ដោយឈរនៅលើក្ដារាបស្មើមួយ។ អ្នកធ្វើដំណើរផ្សងព្រេងរូបនេះ បានចាកចេញពីកំពង់ផែក្រុង ប្រារីយ៉ា នៅម៉ោង៣រសៀល ដើម្បីត្រៀមខ្លួន ឆ្លងកាត់មហាសមុទ្រ ដែលមានចំងាយ៥ពាន់គីឡូម៉ែត្រ។
ទូកចែវរបស់លោក ត្រូវបានបង្កើតឡើង ចេញពីសម្ភារៈម្យ៉ាង ដែលមិនលិចទឹក (អណ្ដែតរហូត) មានបណ្ដោយប្រវែង ៧ម៉ែត្រ និងទទឺងប្រវែង ៨៣សង់ទីម៉ែត្រ។ នៅផ្នែកខាងមុខ ដែលមានប្រវែងប្រមាណជា ២,២ម៉ែត្រ និងមានដំបូលកំពស់ ៤៥សង់ទីម៉ែត្រ ជាកន្លែងដែលអាចធ្វើការសម្រាកបាន។ រីឯនៅផ្នែកខាងក្រោយវិញ ជាកន្លែងសម្រាប់ផ្ទុកសម្ភារៈសំខាន់ៗ និងចំណីអាហារ។
ប៉ុន្តែទូកចែវមួយនេះ នៅមានបំពាក់ដោយសម្ភារៈ «Hi-Tech» ខ្លះដែរ ដូចជានៅលើដំបូល នៃផ្នែកខាងមុខ (មើលរូបខាងក្រោម) មានដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលអនុញ្ញាតឲ្យអ្នកផ្សងព្រេង អាចមានភ្លើងអគ្គិសនីប្រើប្រាស់ នៅក្នុងរយៈពេល នៃដំណើរឆ្លងមហាសមុទ្ររបស់ខ្លួន៕
» វីដេអូស្ដីពីការចែវទូកដ៏ពិសេស របស់លោក ហ្សារ៉ូសៃ កាលពីខែសីហា ឆ្នាំ២០១៥កន្លងមក៖