គំនូរគ្មានចំណងជើងមានតែពណ៌ លក់បាន៧៦លានដុល្លារ នៅអាមេរិក
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១២ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 12, 2014
- ប្រធានបទ: វិចិត្រកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំណងជើងរបស់ផ្ទាំងគំនូរទាំងពីរនេះ គឺ«គ្មានចំណងជើង» និង«គ្មានចំណងជើង (ពណ៌លឿង ទឹកក្រូច លឿង ទឹកក្រូចភ្លឺ)»។ បើគេមើលពីចំងាយ គេនឹងឃើញគំនូរនេះ បានពន្លេចនូវពណ៌យ៉ាងចែងចាំង និងរស់រវើក។ ផ្ទាំងគំនូរទីមួយ ដែលត្រូវបានគូរនៅឆ្នាំ១៩៧០ បានលក់ដាច់ក្នុងតម្លៃ ៣៩,៩លានដុល្លារ ខណៈពេលដែលផ្ទាំងគំនូរមួយទៀត បានលក់ដាច់ក្នុងតម្លៃ ៣៦,៦លានដុល្លារ។
លោក ម៉ាក រ៉ូតខូ ជាវិចិត្រករជាតិអាមេរិកាំង ដែលមានដើមកំណើត ឡេតូនី។ លោកត្រូវបានគេចាត់ទុកថា ជាកំពូលវិចិត្រករដៃទិព្វ ផ្នែកសិល្បៈទំនើប។ ស្នាដៃរបស់លោកជាច្រើន នឹងផ្ដល់ឲ្យអ្នកផងទាំងឡាយ មើលឃើញក្នុងរយៈពេលមួយភ្លែតដំបូង យល់ថាគ្រាន់តែជាបណ្ដុំ នៃពណ៌ច្រើនរួមបញ្ចូលគ្នាប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកស្នេហាផ្ទាំងគំនូរ និងអ្នកវិភាគសិល្បៈ មិនបានមើលឃើញផ្ទាំងគំនូរទាំងនោះ គ្រាន់តែជាបណ្ដុំពណ៌នោះទេ។
បន្ទាប់ពីមរណភាពរបស់លោកនៅឆ្នាំ១៩៧០នោះមក ស្នាដៃរបស់លោកត្រូវបានគេឲ្យតម្លៃដល់កំពូល។ កាលពីឆ្នាំ២០១២ ផ្ទាំងគំនូរមួយដែលប្រជុំទៅដោយពណ៌ ទឹកក្រូច ក្រហម លឿង ដែលត្រូវបានលោកគូរក្នុងឆ្នាំ១៩៦១នោះ បានលក់ដាច់ក្នុងតម្លៃប្រមាណជា ៨៧លានដុល្លារ។
ប៉ុន្តែមិនមែនមានតែគំនូរតែពីរនេះទេ ព្រោះក្នុងសប្ដាហ៍នេះដដែល ផ្ទាំងគំនូរដ៏ចម្លែកពីរទៀត របស់លោក រ៉ូតខូ ក៏ត្រូវបានដាក់ឲ្យដេញថ្លៃដែរ។ ហើយផ្ទាំងគំនូរទាំងនេះ ជាការប្រមូលចងក្រងជាឯកជន ដោយលោកស្រីត្រកូល មើឡុន ឈ្មោះ Rachel "Bunny" Mellon ដែលល្បីឈ្មោះខាងដើរទិញ យកវត្ថុសិល្បៈពិសេសៗទាំងឡាយ ដើម្បីជាការកំសាន្ដរបស់ខ្លួន។ លោកស្រី ប៊ុននី មើឡុន បានធ្វើមរណភាពទៅហើយ កាលពីខែមិនាកន្លងទៅ ហើយវត្ថុសិល្បៈដែលគាត់បានប្រមូលទុកនោះ កំពុងដាក់ចេញលក់ដេញថ្លៃបណ្ដើរៗ។ វត្ថុសិល្បៈមួយចំនួនទៀត ត្រូវបានបញ្ជូនទៅធ្វើជាអំណោយ សម្រាប់សារមន្ទីរជាតិមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន៕