ក្រសួងអប់រំ រឹតបន្ដឹងការបង្កើតគ្រឹះស្ថានឧត្ដមសិក្សាថ្មី ផ្នែកសង្គមវិជ្ជា
ក្រសួងអប់រំ យុវជននិងកីឡា នឹងចាប់ផ្តើមរឹតបន្តឹងការអនុញ្ញាត ឲ្យបង្កើតគ្រឹះស្ថានឧត្តមសិក្សាថ្មីលើមុខវិជ្ជាសង្គម ប៉ុន្តែជម្រុញឲ្យមានការបង្កើតថ្នាក់ មុខវិជ្ជាវិទ្យាសាស្ត្រ វិស្វកម្ម ដើម្បីពង្រឹងនូវសមត្ថភាពសិស្ស និងសាស្ត្រាចារ្យឲ្យមានការវិវឌ្ឍន៍ស្របតាមការរីកចម្រើនរបស់សង្គម ដែលទាមទារអ្នកចេះវិទ្យាសាស្ត្រពិតពីឆ្នាំនេះតទៅ។
ស្នាមញញឹមរបស់យុវតី ជានិស្សិតបញ្ចប់ការសិក្សាមួយរូប។ (រូបថត ឯកសារ)
អប់រំ - លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានថ្លែង ក្រសួងនឹងរឹតបន្តឹងលក្ខខណ្ឌមួយចំនួនក្នុងការបើកគ្រឺះស្ថានឧត្តមសិក្សាថ្មី ជាពិសេសសាលាឯកជនដោយសារមហាវិទ្យាល័យ សាកលវិទ្យាល័យមានសិស្សច្រើន ថ្នាក់ឧត្តមសិក្សាបន្តការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គឺពីទស្សវត្សទី៩០ មានត្រឹម១ម៉ឺននាក់ ក្នុងឆ្នាំ ២០០៣ មាន៥ម៉ឺននាក់ និងឆ្នាំសិក្សា២០១២ និង២០១៣ មានរហូតដល់២៥ម៉ឺននាក់ ប៉ុន្តែគ្រូឧត្តមសិក្សាមិនបានកើនឡើយ។ លោកបានថ្លែងថា ៖ «យើងត្រូវបណ្តុះបណ្តាលគ្រូ ឲ្យមានសមត្ថភាពសិន»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា នៅឆ្នាំ២០១៤នេះ គ្រឹះស្ថានឧត្តមសិក្សាចំនួន ១០៥ នៅកម្ពុជា សាធារណៈ៣៩ និងឯកជន៦៦ ដែលជាចំនួនច្រើនមួយរួចទៅហើយ។ លោកថា៖ «យើងមានគ្រឹះស្ថានឧត្តមសិក្សា ចំនួនសិស្សក៏ច្រើន ដូច្នេះបើគ្រូមិនមានគុណវុឌ្ឍ នោះធ្វើឲ្យការបណ្តុះបណ្តាលធ្លាក់ចុះ»។
លោកថា លោកមិនទាន់បានអនុញ្ញាត ឲ្យបើកសាកលវិទ្យាល័យណាមួយថ្មីឡើយ ក្នុងឆ្នាំថ្មីនេះ ទោះមានការស្នើសុំការបង្កើតថ្មីក៏ដោយ។ លោកបន្តថា ៖ «អញ្ចឹងហើយ បានយើងចង់ពង្រឹងគុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពគ្រូ ដែលត្រូវបណ្តុះបណ្តាលឲ្យដល់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ហើយក៏ដូចជាពង្រឹងកម្មវិធីសិក្សា។ បើសិនយើងនៅបណ្តោយគ្រឺះស្ថានឧត្តមសិក្សាកាន់តែច្រើនឡើងនោះ នឹងធ្វើឲ្យគុណភាពធ្លាក់ចុះ។»
ក្រសួងអប់រំ កំពុងរៀបចំនូវកំណែទម្រង់វិស័យអប់រំគ្រប់ជាន់ថ្នាក់ រួមបញ្ចូលថ្នាក់ធម្យមសិក្សាទុតិយភូមិ ដែលការប្រឡងសិស្សថ្នាក់ទី១២ ថ្នាក់ជាតិឆ្នាំនេះនឹងមានការចូលរួមត្រួតពិនិត្យពីសង្គមស៊ីវិល ចៀសវាងអំពើលួចចម្លង ស៊ីសំណូក ដែលគេអាចរំពឹងថា ភាគរយនៃការប្រឡងជាប់សិស្ស មានតិចជាងមុន។ លោករដ្ឋមន្ត្រីបានប្រាប់ពីការប្រឡងថា្នក់ទី១២ នាឆ្នាំនេះថា៖ «ឆ្នាំហ្នឹងអត់មានកំណត់សិស្សត្រូវជាប់ប៉ុន្មានភាគរយឡើយ ទៅរៀនឧត្តមសិក្សា។ យើងធ្វើខ្លាំងសិស្សត្រូវតែរៀន ដើម្បីជាប់។ យើងធ្វើនេះ ដើម្បីចង់បានគុណភាព មិនចង់ឲ្យសិស្សយល់ថាក្រដាស ឬសញ្ញាប័ត្រសំខាន់ទេ តែចំណេះដឹងជាសំខាន់»។
លោក សន ជ័យ អ្នកសម្របសម្រួលសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា ថ្លែងថា គុណភាពឧត្តមសិក្សានៅកម្ពុជា នៅមានកម្រិត ក៏ដោយសារមានការជ្រើសរើសបក្ខពួក មកបង្រៀនជាងការជ្រើសរើសអ្នកមានសមត្ថកភាព ។ លោកនិយាយថា ៖ «ជាបទពិសោធ៍ សាកលវិទ្យាល័យខ្លះយកបងប្អូនមកបង្រៀន ទាំងពួកមានលក្ខណៈសម្បត្តិទាប ឯអ្នកចូលរៀន(និស្សិត) សុទ្ធតែមន្ត្រីរាជការ មានចំណេះដឹង និងបទពិសោធន៍ខ្ពស់។ អ៊ីចឹងត្រូវថ្លឹងថ្លែង អ្នកផ្តល់ចំណេះ និងអ្នកទទួលចំណេះផង បើសាស្ត្រាចារ្យអន់ នោះសិស្សនឹងតាមនោះដែរ។»
លោកបន្តថា កម្ពុជាកំពុងប្រឈមនឹងសមាហរណកម្មអាស៊ាន ដែលភាសាទំនាក់ទំនងក៏នៅមានកម្រិត យុវជនមិនមានច្រើន សម្រាប់ហាត់ការក្នុងការងារស្ម័គ្រចិត្ត មុនចេញរកកាងារធ្វើ ដែលបញ្ហាទាំងនេះ ធ្វើឲ្យពួកគេមិនបានអភិវឌ្ឍន៍សមត្ថភាពឲ្យបានពេញលេញនៅឡើយ៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០១ មេសា ២០១៤