ឧត្ដមសេនីយចុងក្រោយរបស់ ហូ ជីម៉ិញ ស្លាប់ហើយ
ឧត្ដមសេនីយ៍មួយរូប ពីក្នុងចំណោមឧត្ដមសេនីយចុងក្រោយផ្សេងទៀត ដែលសេសសល់តាំងពីជំនាន់ អគ្គមគ្គុទេសដ៏ល្បីឈ្មោះ លោក ហូ ជីម៉ិញ បានលាចាកលោកហើយ នៅក្នុងមន្ទីរពេទ្យក្រុងហាណូយ នៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១៣នេះ។
លោក វ៉ូ ង្វៀនហ្គាប់ ឧត្ដមសេនីយចុងក្រោយ មួយរូបរបស់វៀតណាម សល់ពីសម័យហូ ជីម៉ិញ។ (រូបថត inbeijing.se)
រាជធានីភ្នំពេញ - ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) បានផ្សាយឲ្យដឹងថា ឧត្ដមសេនីយ វ៉ូ ង្វៀនហ្គាប់ (Vo Nguyen Giap) ដែលល្បីឈ្មោះខាងបានវាយប្រយុទ្ធបណ្ដេញទ័ពបារាំង នៅក្នុងទស្សវត្តន៍ឆ្នាំ៥០ និងអាមេរិក ចេញពីប្រទេសខ្លួន នៅក្នុងទស្សវត្តន៍ឆ្នាំ៧០ បានស្លាប់ហើយ នៅក្នុងអាយុ១០២ឆ្នាំ ដោយសារតែមានជំងឺរ៉ាំរ៉ៃ គ្រប់ជំពូក។ លោកបានចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យ នៃទីក្រុងហាណូយ តាំងពីជាង៤ឆ្នាំមកហើយ។
សម្រាប់ប្រទេសវៀតណាម ឧត្ដមសេនីយ៍ ហ្គាប ជាវីរះបុរសជាតិ ដែលត្រូវបានតែងតាំងក្រោយតែបន្តិច ពីលោកប្រធាន ហូ ជីម៉ិញ ដែលជាអគ្គមគ្គុទេសដ៏មហិមា នាំប្រទេសកុំម្មុយនីសមួយនេះ ដណ្ដើមបានឯករាជ្យភាពពីបារាំង។
ឧត្ដមសេនីយ៍ ហ្គាប បានបញ្ជាទ័ពវាយប្រយុទ្ធដណ្ដើមយក ឌៀន បៀនភូ (Dien Bien Phu) ទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានចារក្នុងប្រវត្តិសាស្ត្រ ពីអាណនិគមនិយមបារាំង នៅឆ្នាំ១៩៥៤។ ជ័យជំនះនេះ ដែលត្រូវបានលើកមកសិក្សានៅក្នុង បណ្ឌិតសភាយោធានៃប្រទេសវៀតណាមនោះ ជាជំហានដ៏ធំមួយនាំប្រទេសនេះឆ្ពោះទៅរកឯករាជ្យភាព និងបិទបញ្ចប់នូវរបបអាណានិគមនិយមមួយ ដែលមានអាយុច្រើនជាងមួយសតវត្សន៍មកហើយ នៅឥណ្ឌូចិន ក៏ដូចជានៅលើពិភពលោកទាំងមូលផង។
ឧត្ដមសេនីយ៍ ហ្គាប រូបនេះ ក៏ធ្វើបានសម្រេចដែរ នូវការដាក់រួមបញ្ចូលគ្នាវិញ រវាងវៀតណាមខាងជើង និងខាងត្បូង នៅឆ្នាំ១៩៧៥ ដោយបានវាយបណ្ដេញឲ្យ«រត់ខ្ចាត់ខ្ចាយ» នូវក្រុម«ចក្រពត្តិ»និយមអាមេរិកាំង។
បើរំលឹកឡើងវិញបន្ដិចពីប្រវត្តិសាស្ត្រ លោក វ៉ូ ង្វៀនហ្គាប់ បានជួបជាដំបូងជាមួយលោកប្រធាន ហូ ជីម៉ិញ នាឆ្នាំ១៩៤០ នៅក្នុងតំបន់មួយផ្នែកអាគ្នេយ៍នៃប្រទេសចិន។ បន្ទាប់មក នៅឆ្នាំ១៩៤៤ អគ្គមគ្គុទេស ហូ បានស្នើសុំឲ្យលោក វ៉ូ ជ្រើសរើស និងដឹកនាំទ័ពព្រៃមួយ ដែលបានធ្វើការប្រយុទ្ធប្រឆាំងទៅនឹងកងទ័ពជប៉ុន ដែលចូលមកលុកលុយកាន់កាប់ប្រទេសវៀតណាម នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ៕
------------------------------------------------
ដោយ ៖ កេសរកូល - ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ