រឿងនិទាន ហារី ផតទ័ ក្នុងកម្មវិធីសិក្សាវិទ្យាសាស្ត្រនយោបាយ នៅប៉ារីស
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វិទ្យាស្ថានឯកទេសខាងវិទ្យាសាស្ត្រនយោបាយដ៏សំខាន់មួយ នៃទីក្រុងប៉ារីសប្រទេសបារាំង បានជ្រើសរើស ដាក់ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន នូវរឿងនិទានមួយដ៏ល្បីមានចំណងជើងថា ហារី ផតទ័រ (Harry Potter)។ នេះបើតាមការលើកឡើង របស់ការសែតបារាំងមួយ ឈ្មោះថា ឡិចស្ព្រេស (l'Express)។
តួអង្គហារី ផតទ័រ នៅក្នុងភាពយន្ដអាមេរិក។ (រូបថត ភាពយន្ដ)
ទីក្រុងប៉ារីស - កម្មវិធីសិក្សាមួយ ដែលដាក់ឈ្មោះឲ្យថា «ហារី ផតទ័រ ស្វែងយល់ពីអក្សសាស្ត្រ វិភាគតាមបែបចិត្តសាស្ត្រ និងនយោបាយ» ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាននេះ ដើម្បីដាក់ឲ្យមាន នូវការអានសៀវភៅនៃរឿងព្រងនិទានចំនួន៧ក្បាលធំៗ ទៅកាន់និស្សិតរបស់ខ្លួន ឲ្យធ្វើការសិក្សាវិភាគ។ ប៉ុន្តែវិទ្យាស្ថានបានហាមឃាត់ដាក់ខាត ពីការទស្សនាភាពយន្ដស្ដីពីរឿងនិទាននេះ មកជំនួសការអាន។ ផ្ទុយទៅវិញ និស្សិតត្រូវបានជម្រុញ ឲ្យជ្រើសរើសការអានសៀវភៅផ្សេងៗបន្ថែមទៀត នូវឯកសារណាដែលមានដំណើររឿង ទាក់ទងនឹងភាគនិទានដ៏ល្បីនេះ។
រឿងព្រេងនិទាន«ហារី ផតទ័រ» ត្រូវបានផលិតកម្មភាពយន្ដហូលីវូដ របស់អាមេរិកយកមកកែសម្រួល ថតជាភាពយន្ដហើយបានបញ្ចាំងនៅតាមរោងនានាក្នុងពិភពលោក ដោយទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងមួយ។ រឿងព្រេងមានសិល្ប៍ចេះហោះ និងចេះក្រឡាខ្លួនផង ជាស្នាដៃនិពន្ធដោយ លោក រ៉ូវលីង (J.K Rowling) រវាងពីឆ្នាំ១៩៩៧ មកដល់ ២០០៧។
សាស្ត្រាចារ្យមួយរូប លោក ហ្វ្រង់ស៊័រ កុំបា (François Comba) ទទួលបន្ទុកបង្រៀននូវកម្មវិធីសិក្សា«ហារី ផតទ័រ» បានអះអាងថាជម្រើសសៀវភៅ ដែលនិយាយពីផ្ទះគ្រូធ្មប់ ផូល័រ (Poudlard)នេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ដើម្បីពន្យល់ពីការណែនាំតាមបែបចិត្តសាស្ត្រ និងជាពិសេសពីភាពគួរឲ្យ«ស្រងេះស្រងោច»របស់វា។ សាស្ត្រាចារ្យរូបនេះ ក៏បានណែនាំឲ្យនិស្សិតរបស់លោក ឲ្យជ្រើសរើសប្រធានបទពិសេសជាច្រើន ដូចជា«ឥទ្ធិពលគ្រឹស្ទ៍សាសនាក្នុងរឿងនិទាននេះ» ឬ«ហេតុអ្វីសូក្រាត (ទស្សនវិទូក្រិច) ព្រះយេស៊ូ និងហារី សម្រេចចិត្តថាស្លាប់?»នោះជាដើម។
នេះមិនមែនជាលើកទីមួយទេ ដែលស្នាដៃរបស់អ្នកនិពន្ធ រ៉ូវលីង ត្រូវបានសាលាជាន់ខ្ពស់ ឬសកលវិទ្យាល័យនានា លើកយកមកវិភាគនិងសិក្សា។ នៅឆ្នាំ២០១២ សកលវិទ្យាល័យមួយ ឈ្មោះហៅថា ស៊ាំង អេនដ្រូវ (St Andrews) នៅប្រទេសអៀឡង់ ក៏បានរៀបចំជាសិក្ខាសាលាមួយដែរ ដែលនិយាយពីទស្សនវិជ្ជានៅលើប្រធានបទនេះ ដែលនៅពេលនោះ មានអ្នកសិក្សាស្រាវជ្រាវមកចូលរួម ប្រមាណជា៦០នាក់៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ