ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

តុលាការបានផ្ដន្ទាទោសឪពុក ឲ្យជាប់ពន្ធនាគារ៣០ឆ្នាំ និងម្ដាយ ឲ្យជាប់ពន្ធនាគារ១២ឆ្នាំ នៅក្នុង​សំណុំ​រឿង យក​កូន​តូច​អាយុ​៣ឆ្នាំ ដាក់​ចូល​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ រហូតស្លាប់ កាលពីឆ្នាំ២០១១កន្លងទៅ។ សំណុំ​រឿង​នេះ បាន​ធ្វើ​ឲ្យ​រង្គើ ទូទាំង​ប្រទេស​បារាំង​ រកថ្លែងមិនត្រូវ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 13, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងនាមជាឧក្រិដ្ឋជន សម្រាប់ឪពុក និង១២ឆ្នាំ សម្រាប់ម្ដាយ ត្រូវបានសាលាដំបូង នៃ​តំបន់ «Seine-et-Marne» ជាយរដ្ឋធានីប៉ារីស ប្រកាសកាលពីថ្ងៃសុក្រ ប្រឆាំងជនជាប់ចោទ បុរសឈ្មោះ គ្រីស្តូហ្វ ឆំប៉ើណ័រ (Christophe Champenois) និងស្ត្រីឈ្មោះ ឆារឡែន កុត (Charlène Cotte)។ ឪពុក​ត្រូវ​បាន​តុលាការរកឃើញ ថាបានសម្លាប់កូនប្រុស អាយុ៣ឆ្នាំកន្លះរបស់ខ្លួន ដោយយកទៅដាក់ ក្នុង​ម៉ាស៊ីន​បោក​​គក់ (របស់គ្រួសារ) ខណៈស្ត្រីជាម្ដាយ ត្រូវបានតុលាការរកឃើញថា បាន«ផ្សំគំនិត» ក្នុងអំពើមនុស្សឃាត​នេះ។

រដ្ឋអាជ្ញាបារាំង បានទាមទារឲ្យតុលាការផ្តន្ទាទោស លោក គ្រីស្តូហ្វ ដាក់ពន្ធនាគារអស់មួយជីវិត ដែលជា​ទោសដ៏ខ្ពស់ សម្រាប់ឧក្រិដ្ឋជន និងបានស្នើរសុំឲ្យតុលាការ ផ្តន្ទាទោសអ្នកស្រី ឆារឡែន ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទបង្កឲ្យមានអំពើ «ហិង្សា» (មិនមែនទោស«ផ្សំគំនិត»ទេ)។

នៅមុនការប្រកាសសាលក្រម ជនជាប់ចោទ ត្រូវបានអនុញ្ញាតឲ្យថ្លែង ជាលើកចុងក្រោយ នៅក្នុងសវនាការ ដោយបានអះអាងថា ពួកគេទាំងពីរបានស្រឡាញ់​យ៉ាងជ្រាលជ្រៅ កូនប្រុសរបស់ខ្លួន កុមារ បាស្យៀង (Bastien)។ អ្នកស្រី ឆារឡែន ដែលមានអាយុ២៩ឆ្នាំ បានថ្លែងឡើងថា៖ «ខ្ញុំស្រឡាញ់ កូនប្រុសរបស់ខ្ញុំ ខ្ញុំ​មិន​ចង់ឲ្យកូនស្លាប់ទេ។ ខ្ញុំបានធ្វើ នូវអ្វីដែលខ្ញុំអាចធ្វើបាន។ កន្លងមក ខ្ញុំអាចរំងាប់កំហឹងរបស់លោកនោះ​បាន។ តែនៅថ្ងៃនោះ ការក្ដៅក្រហាយ និងការស្អប់ខ្ពើម របស់គាត់ មានកម្លាំងខ្លាំងណាស់។»

ចំណែកលោក គ្រីស្តូហ្វ អាយុ៣៦ឆ្នាំ បានប្រកាស​ជាចុងក្រោយដែរថា៖ «បើសិនជារឿងអាច​ត្រឡប់ក្រោយ​វិញបាន ខ្ញុំដឹងពីអ្វីដែលខ្ញុំត្រូវនិយាយ ទៅកាន់ផ្នែកសង្គមកិច្ច ព្រោះពេលនេះ ខ្ញុំលែងមានអារម្មណ៍ភ័យ​ខ្លាច​អ្វីហើយ»។ ជាមួយនឹងការបង្ហូរទឹកភ្នែក ជាច្រើនដំណក់នៅចំពោះចៅក្រម ឪពុកដៃដល់រូបនេះ បានធ្វើការ​សុំ​ខមាលទោស មុននឹងបញ្ចេញវាចារថា៖ «ខ្ញុំពិតជាស្រឡាញ់ កូនប្រុសរបស់ខ្ញុំ»។

បាត់ស្មារតីនៅ៤ឬ៥នាទីដំបូង...

កុមារ បាស្យៀង ត្រូវបានសម្លាប់ នៅក្នុងទិដ្ឋភាពដ៏រន្ធត់មួយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ នៅក្រុង ហ្សែមីញី ឡេវែក (Germigny-l'Evêque) ក្នុងតំបន់ «Seine-et-Marne» ជាយរដ្ឋធានីប៉ារីស។ ឪពុកកុមារ បាន​យកកុមារ ដាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ ប្រចាំគ្រួសារ ហើយបានចុចម៉ាស៊ីនឲ្យដំណើរ សម្រាប់​កម្មវិធី «ពូត (កម្មវិធីនេះ ជាទូទៅ តម្រូវឲ្យម៉ាស៊ីនវិលច្រើនពាន់ជុំ ក្នុងមួយនាទី ដើម្បីពូតខោអាវដែលបោកហើយ និង​មាន​រយៈ​ពេល យ៉ាងហោច១៥នាទី»។

បើតាមកុមារី ដែលជាបងស្រីរបស់កុមារ បាស្យៀង បាននិយាយថា ម្ដាយនាងនៅពេលនោះ កំពុងរវល់ជាប់​លេងល្បែង ជាមួយនាងនៅបន្ទប់មួយទៀត ខណៈប្អូនប្រុសនាង ស្រែកអង្វរឲ្យគេយកខ្លួនចេញ ពីម៉ាស៊ីន​បោក​គក់។ គឹកូន​ស្រីច្បងនេះហើយ ដែលបាននិយាយប្រាប់ អ្នកស៊ើបអង្កេត ថា៖ «ប៉ាប៉ា បានដាក់ បាស្យៀង នៅ​ក្នុង​ម៉ាស៊ីន ព្រោះ បាស្យៀង បានធ្វើខុស នៅសាលាមតេយ្យ»។ គ្រូពេទ្យជំនាញ​ខាងពិនិត្យសាកសព សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​បារាំង បានអះអាង​នៅក្នុងរបាយការណ៍ខ្លួនថា កុមារ បាស្យៀង បានបាត់បង់ស្មារតី នៅ៤ឬ៥​នាទី​​ក្រោយ និងបានស្លាប់នៅពេលបន្ទាប់មកទៀត ដោយសារកម្លាំងបង្វិលដ៏ខ្លាំង រាប់ពាន់ជុំ ឈប់​ហើយ​វិលៗ​ជា​ច្រើនដង របស់ម៉ាស៊ីន។

កុមារតូចដ៏កំសត់ បានជាប់គាំងខ្លួន រហូតដល់កន្លះម៉ោងក្រោយ ទើបឪពុកកុមារ លោក គ្រីស្តូហ្វ ទៅស្រង់​យក​ចេញពីម៉ាស៊ីន។ តែលោក គ្រីស្តូហ្វ មិនបានស្រង់កូនប្រុសខ្លួន ដែលនៅមានជីវិតនោះទេ ព្រោះកុមារ បាស្យៀង បានដាច់ខ្យល់បាត់ទៅហើយ។ ឪពុកចិត្តអាក្រក់ បានសម្រេចចិត្តជាចុងក្រោយ ហៅរកការជួយ​សង្គ្រោះ ដោយ​បានកុហក ប្រាប់ភ្នាក់ងារជួយសង្គ្រោះថា កូនប្រុសអាយុ ៣ឆ្នាំកន្លះរបស់ខ្លួន បានធ្លាក់​ជណ្ដើរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...