ខ្លីៗពីព្រះជីវប្រវត្តិអង្គព្រះបរមរតនកោដ្ឋ និងការយាងចូលទីវង្គត
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៤
- កែប្រែចុងក្រោយ: October 15, 2014
- ប្រធានបទ: សម្ដេចឪ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះអង្គទ្រង់ប្រសូត្រថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ពុទ្ធសករាជ ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នារាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ ជាព្រះរាជបុត្រទោល នៃព្រះបាទ នរោត្តម សុរាម្រិត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ។
ព្រះអង្គឡើងគ្រងរាជសម្បត្តិលើកទីមួយនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ បន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ។ បន្ទាប់ពីទទួលបានជោគជ័យដ៏លើសលប់ ក្នុងការបោះឆ្នោតសភានៅខែកញ្ញា ១៩៥៥ ព្រះអង្គបានបង្កើតនូវ សង្គមរាស្ត្រនិយម និងបានកាន់តំណែងនាយករដ្ឋមន្ត្រី។ ព្រះអង្គជាអ្នកគ្រប់គ្រង និងជាអ្នកបង្កើតច្បាប់ ដ៏មានប្រសិទ្ធិភាពបំផុត នៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៦៣ ព្រះអង្គបានធ្វើឱ្យមានការផ្លាស់ប្ដូរ ក្នុងរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យព្រះអង្គ ក្លាយជាប្រមុខរដ្ឋអស់មួយជីវិត។
ក្រោយកិច្ចចរចាសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១ ព្រះអង្គ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ បន្ទាប់ពីបាននិរទេសព្រះកាយ១៣ឆ្នាំ។ ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទីពីរ នៅ ថ្ងៃទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា «ព្រះមហាវីរក្សត្រ» ។
ចាប់ពីឆ្នាំ១៩៩៣ ដល់ ២០០៤ ក្នុងតំណែងជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។ ក្រោយឆ្នាំ២០០៤ បន្ទាប់ពីការដាក់រាជ្យលើកទីពីរ ព្រះអង្គត្រូវបានទទួល គោរម្យងារជាកិត្តិយស ជាព្រះបិតាឯករាជ្យជាតិខ្មែរ ក្រោយពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹក ដី និងឯកភាពជាតិខ្មែរ។ ជាមួយនឹងព្រះបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យដែរ។
ខែមករា ឆ្នាំ២០០៤ ព្រះអង្គយាងគង់នៅរាជដំណាក់នៅព្យុងយ៉ាង កូរ៉េខាងជើង និងក្រោយមកនៅរដ្ឋធានី ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ព្រះអង្គត្រូវបានក្រុមគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យជាមួយលសិការោគកោសិកា-ថ. ក្នុងប្រូស្តាតព្រះអង្គក្នុងឆ្នាំ១៩៩៣ ជំងឺនេះ បានត្រឡប់មកនៅក្នុងព្រះឧទរ របស់ព្រះអង្គនៅឆ្នាំ២០០៥ ហើយនិងព្រះរោគមហារីកថ្មី ត្រូវបានគេរកឃើញនៅខែធ្នូ ២០០៨។ ព្រះសីហនុក៏បានរងទុក្ខ ពីមធុមេហរោគ និងការឡើងព្រះលោហិត។
ទោះបីជាមានព្រះរោគបែបនេះក៏ដោយ ក៏ព្រះអង្គនៅបានបង្ហាញព្រះកាយជាលើកចុងក្រោយ និងជាសាធារណៈ នៅរាជធានីភ្នំពេញ ថ្ងៃទី៣០ តុលា ២០១១ ដើម្បីប្រារព្ធពិធីចម្រើនព្រះជន្មព្រះអង្គលើកទី៨៩។
ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ទ្រង់បានសោយព្រះទីវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសពរបស់ទ្រង់ ត្រូវបានដង្ហែពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ ដោយព្រះករុណា ព្រះបាទ សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។
ការដង្ហែព្រះបរមសព ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំង កាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រ ប្រមាណជាងមួយលាន មកចាំដង្ហែ មានទាំងបព្វជិត និងគ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់ បានតម្កល់នៅព្រះបរមរាជវាំងយ៉ាងតិចបីខែ។ ក្រោយរយ:ពេលបីខែ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម-សីហនុ ត្រូវបានប្រារព្ធពិធីដង្ហែ ចេញពីព្រះបរមរាជវាំង ទៅកាន់វាលព្រះមេរុ និងបានបូជាព្រះសព ដោយថ្វាយព្រះភ្លើងនៅថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០១៣។ ព្រះអដ្ឋិធាតុរបស់ព្រះសីហនុ ក្រោយមកត្រូវបានពន្លិចចូលទៅក្នុងទន្លេមេគង្គ។
នៅថ្ងៃ២៨ វិច្ឆិកា នៃឆ្នាំ២០១២ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានប្រសិទ្ធិនាមជាផ្លូវការ ដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហមុនី ជាមួយគោរម្យងារ ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
សូមបញ្ជាក់ដែរថា នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភ័ក្ដ្ររបស់ ព្រះអតីតព្រះបាទ នរោត្ដម សីហនុ នៅក្នុងព្រះចន្ទ។ នៅថ្ងៃបូជាព្រះសព ឃើញមានផ្សែងមានរាងដូចជាមនុស្សទៀតផង។ ប៉ុន្តែបាតុភូតទាំងនេះ មិនមានការបញ្ជាក់អះអាងតាមបែបវិទ្យាសាស្ត្រណាផ្សេង មកបញ្ជាក់បាននៅឡើយ រហូតមកដល់ថ្ងៃនេះ។