យន្ដហោះបាត់ខ្លួន MH370 ត្រូវបានពង្រត់ទៅកាន់ទ្វីបទឹកកក អង់តាទីក?
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២៨ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 28, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកដល់ពេលនេះ ការបាត់ខ្លួនរបស់យន្ដហោះ ប៊ូអីង (Boeing 777) មានរយៈពេលជិត១ឆ្នាំហើយ ប៉ុន្តែនៅតែគ្មានពន្លឺណាមួយ បង្ហាញថាយន្ដហោះ នៅទីណា ធ្លាក់ ឬផ្ទុះនៅលើអាកាសនោះដែរ។ សំនួរសួរថា តើយន្ដហោះដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានី គូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ ជាមួយនឹងមនុស្ស២៣៩នាក់នោះ បានក្លាយជាអ្វីទៅហើយ?
បើតាមអ្នកជំនាញច្រើននាក់ ដែលបានធ្វើការវិភាគ ទៅលើទិន្និន័យផ្កាយរណប ថតពីដំណើរហោះហើរចុងក្រោយ របស់យន្ដហោះ MH370 ចំណុចជាច្រើន បានដាក់ការសង្ស័យកាន់តែខ្លាំងឡើងៗ ថាយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញមួយនេះ ប្រាកដជាត្រូវបាននរណាម្នាក់ នៅក្នុងបន្ទប់បើកយន្ដហោះ ចាប់ពង្រត់ទៅកាន់ទ្វីបទឹកកក អង់តាទីក។ ចំណុចសង្ស័យទាំងនេះ ត្រូវបានស្ថានីយទូរទស្សន៍ National Geographic របស់អាមេរិក យកមកលំអិត នៅក្នុងឯកសារមួយរបស់ខ្លួន ដែលនឹងត្រៀមបញ្ចាំងនាពេលខាងមុខ។
ដោយសារទិន្និន័យទាំងនោះ បានធ្វើឲ្យក្រុមអ្នកជំនាញខាងការស៊ើបអង្កេត ផ្នែកគ្រោះថ្នាក់យន្ដហោះ គិតថា យន្ដហោះបានបន្តផ្លូវហោះហើររបស់ខ្លួន ជាច្រើនម៉ោង បន្ទាប់ពីបានទាក់ទង លើកចុងក្រោយបង្អស់ មកការិយាល័យត្រួតពិនិត្យដែនអាកាស របស់ប្រទេសម៉ាឡេស៊ី។ ចេញពីចំណុចទាក់ទងចុងក្រោយនេះ យន្ដហោះបានបត់ឆ្វេងចំនួន៣ដង រហូតដល់ទិសដៅរបស់យន្ដហោះ ហោះឆ្ពោះទៅកាន់ទ្វីបទឹកកក អង់តាទីក។
ចលនាទាំងនេះ បានធ្វើឲ្យគេយល់ថា យន្ដហោះ MH370 ត្រូវបានចាប់ពង្រត់យ៉ាងច្បាស់ ដោយនរណាម្នាក់ ដែលនៅក្នុងបន្ទប់បើកយន្ដហោះ។ លោក ម៉ាលកូម ប្រឺន័រ (Malcolm Brenner) អ្នកជំនាញអាមេរិកាំងមួយរូប បានអះអាងថា យន្ដហោះនឹងមិនហោះរបៀបនេះទេ បើគ្មាននរណាម្នាក់បញ្ជា ឬប្រាប់ឲ្យអ្នកបើកយន្ដហោះ បញ្ជាវា។ រីឯទិសដៅចុងក្រោយ របស់យន្ដហោះ ត្រូវបានអ្នកជំនាញបញ្ជាក់ថា ជាការហោះហើរឆ្ពោះទៅកាន់ ទ្វីបទឹកកក អង់តាទីក បើទោះជាបរិមាណប្រេងសាំង នៅលើយន្ដហោះ មានលក្ខណៈប្រផិតប្រផើយក៏ដោយ។ សម្រាប់អ្នកជំនាញ ការសង្ស័យនេះ នឹងមានកាន់តែច្រើនទៀត រហូតលុះត្រាតួយន្ដហោះ ត្រូវបានរកឃើញ។
ឯកសាររបស់ទូរទស្សន៍ National Geographic ជុំវិញការបាត់ខ្លួន យ៉ាងអាថ៌កំបាំងរបស់យន្ដហោះ MH370 នឹងត្រូវចាក់ផ្សាយ នៅថ្ងៃទី៨ ខែមិនាខាងមុខ សម្រាប់ការផ្សាយរបស់ខ្លួន នៅក្នុងប្រទេសអង់គ្លេស។
កាលពីចុងខែមករាកន្លងទៅ ប្រទេសម៉ាឡេស៊ី បានប្រកាសជាផ្លូវការថា ករណីរបស់យន្ដហោះនេះ ជា«គ្រោះថ្នាក់» ហើយមនុស្សនៅលើយន្ដហោះ ទាំង២៣៩នាក់ ត្រូវបានចាត់ទុកថា បានស្លាប់ទាំងអស់។ តែការរុករកតួយន្ដហោះ នៅតែបន្តធ្វើនៅឡើយ ដោយនាវាសមុទ្រចំនួនបួន នៅលើផ្ទៃក្រឡារុករក ប្រមាណជាជាង២០០ ០០០គីឡូម៉ែត្រការ៉េ។ អាជ្ញាធរអូស្ត្រាលី ដែលទទួលបន្ទុកខាងរុករកនេះ បានថ្លែងថា ការរុករកនៅក្នុងសមុទ្រឥណ្ឌាខាងត្បូង នឹងបិទបញ្ចប់នៅខែឧសភាខាងមុខ ហើយរបាយការណ៍ជំហានដំបូងមួយ ពីការរុករុកកន្លងមក នឹងត្រូវផ្សាយឲ្យដឹង នៅថ្ងៃទី៧ ខែមិនា៕