គ្រឹស្ថានដេញថ្លៃសូធើបាយ នៅញ៉ូយក ជាប់​​ចោទ​​បាន​​បន្លំ​ក្នុង​​សំនុំ​រឿង​រូប​ចម្លាក់​ខ្មែរ

ប្រសិនជាគ្រឹស្ថានដេញថ្លៃ ការពារថា ខ្លួនមិនត្រូវបានគេផ្ដល់ពត៌មាន ពីប្រភពខុសច្បាប់ របស់រូបចំលាក់ខ្មែរ ហើយថានឹងត្រៀមខ្លួនរួចស្រេច ដើម្បីចូលរួមបញ្ជូនរូបនេះ ត្រឡប់ទៅស្រុកខ្មែរវិញនោះក៏ដោយ ក៏ប្រព័ន្ធតុលាការអាមេរិកាំង នៅតែបន្ថែមនូវភស្ដុតាងជាទម្ងន់ ដែលជាផលអវិជ្ជមាន ផ្ដល់ដល់គ្រឹស្ថាននេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងពីទីក្រុងញ៉ូយក បានអោយដឹងថា ប្រព័ន្ធយុត្តិធម៌អាមេរិកាំង បានចោទប្រកាន់គ្រឹស្ថានដេញថ្លៃ សូធើបាយ និង​ម្ចាស់​រូបចម្លាក់បូរាណខ្មែរ ថាមានបំណងចង់លាក់ពត៌មាន ដែលបញ្ជាក់ថាពីការលួចចេញពីទីតាំងដើមរបស់វា នៅតំបន់​កោះកែរ កាលពីឆ្នាំ១៩៧២កន្លងទៅ។

 
រូបចម្លាក់ខ្មែរ «Duryodhanna» ដែលកំពុងមានរឿងក្ដីចម្រូងចម្រាស នៅទីក្រុងញ៉ូយក។

ប្រសិនជាគ្រឹស្ថានដេញថ្លៃ ការពារថា ខ្លួនមិនត្រូវបានគេផ្ដល់ពត៌មាន ពីប្រភពខុសច្បាប់ របស់រូបចំលាក់ខ្មែរ ហើយថានឹង​ត្រៀមខ្លួនរួចស្រេច ដើម្បីចូលរួមបញ្ជូនរូបនេះ ត្រឡប់ទៅស្រុកខ្មែរវិញនោះក៏ដោយ ក៏ប្រព័ន្ធតុលាការអាមេរិកាំង នៅតែ​បន្ថែម​នូវភស្ដុតាងជាទម្ងន់ ដែលជាផលអវិជ្ជមាន ផ្ដល់ដល់គ្រឹស្ថាននេះ។

ពត៌មានចុងក្រោយ ដែលអោយដឹងមកទល់នឹងថ្ងៃនេះ៖ ម្ចាស់រូបចម្លាក់ ដែលគេនៅតែមិនដឹងពីអត្តសញ្ញាណនោះ បាន​ចេញលិខិតបញ្ជាក់មិនច្បាស់មួយ ទៅអោយសមត្ថកិច្ចគយអាមេរិកាំង (ពេលរូបចម្លាក់បានមកដល់ លើទឹកដីអាមេរិក នៅឆ្នាំ២០១០) តែបានបញ្ជាក់ថា មិនមែនជាកម្មសិទ្ធវប្បធម៌ផ្ទាល់ខ្លួនទេ ព្រោះរូបចម្លាក់នេះមានទីតាំងដើមរបស់វា។ ហើយ​​លិខិតបញ្ជាក់នេះ បានធ្វើទៅតាម ការស្នើសុំរបស់គ្រឹស្ថានសូធើបាយ (Sotheby’s)។

បណ្ដារដ្ឋអាជ្ញាសហព័ន្ធ បានបន្ថែមកាលពីថ្ងៃសុក្រទី០៩វិច្ឆិកាថា នៅពេលដែលកិច្ចព្រមព្រៀង បានធ្វើឡើងរវាង​គ្រឹស្ថាន​ដេញថ្លៃ និងម្ចាស់រូបចម្លាក់ ខណៈពេលមានការបញ្ជូនពីប្រទេសប៊ែលហ្សិក មកកាន់ទីក្រុងញ៉ូយកនោះ ភាគីទាំងសង​ខាង ទំនងជាបានដឹងយ៉ាងច្បាស់ជាមុនរួចហើយ ពីប្រភពរូបចម្លាក់ដែល ត្រូវគេលួចចេញពីប្រាសាទបូរាណខ្មែរ​មួយ​ឈ្មោះ ចិន។ ប៉ុន្តែសេចក្ដីសន្និដ្ឋានខាងលើ ត្រូវបានគ្រឹស្ថានដេញថ្លៃ បដិសេធនៅ៤ថ្ងៃក្រោយមក។

កម្ពុជាគ្មានអំណាចពិតប្រាកដ ជាម្ចាស់កម្មសិទ្ធិ

ទាក់ទងនឹងថ្ងៃខែ ដែលរូបចម្លាក់ត្រូវបាននាំចេញពីកម្ពុជា រដ្ឋាភិបាលអាមេរិកាំង បានចោទគ្រឹស្ថានសូធើបាយ ថាបាន​ផ្ដល់របាយការណ៍មិនពិត ទៅអោយអ្នកដែលមានបំណងចង់ទិញ ទោះជានៅកម្ពុជាឬនៅអាមេរិកក្ដី។ ខាងអ្នកការពារក្ដី របស់គ្រឹស្ថានដេញថ្លៃ បានឆ្លើយបញ្ច្រាសបកមកវិញ ចាត់ទុកថាថ្ងៃខែ មិនអាចមាននរណាដឹងបាន ដោយហេតុថា ព្រះរាជាណាចក្រកម្ពុជា បានធ្លាក់ខ្លួនក្នុងសង្គ្រាមរាំងជល់ នៅក្នុងទស្សវត្តឆ្នាំ៧០។

សូមបញ្ជាក់ថា កម្ពុជាក្នុងសម័យអាណនិគមនិយមបារាំង ធ្លាប់បានចុះសន្ធិសញ្ញាអន្តរជាតិ ស្ដីពីកម្មសិទ្ធបញ្ញានៃសម្បត្តិ​វប្បធម៌ក្នុងលោក។ ហើយជាមួយគ្នានេះ សូធើបាយ បានបកស្រាយថា «គ្មានច្បាប់ណាមួយ» អះអាងពីកម្មសិទ្ធិស្រប​ច្បាប់របស់កម្ពុជា បើនិយាយរាប់ពី៥០តំណរកូនចៅ និងរបបគ្រប់គ្រង គិតចាប់តាំងពីថ្ងៃខែឆ្នាំ ដែលរូបចម្លាក់ត្រូវបាន​ធ្វើ​មកនោះទេ។ អំណះអំណាងនេះ ក៏ត្រូវបានបញ្ជាក់ដោយ ចៅក្រមសហព័ន្ធមួយរូបដែរ ថាកម្ពុជាមិនមានអំណាច​ពិត​ប្រាកដ ជាម្ចាស់កម្មសិទ្ធិ នៃរូបចម្លាក់។

ការដាក់អោយដេញថ្លៃកាលពីខែមិនា ឆ្នាំ២០១១កន្លងទៅ នៃរូបចម្លាក់«Duryodhanna» ត្រូវបានសុំអោយផ្អាក ដោយមក​ពីការស្នើសុំរបស់អាជ្ញាធរខ្មែរ។ អាជ្ញាធរខ្មែរ ក៏បានធ្វើការស្នើសុំ នូវរូបចម្លាក់មួយផ្សេងទៀត មានរូបរាងជាអ្នកប្រយុទ្ធ​ឈ្មោះ ប៊ីមា ដែលសព្វថ្ងៃស្ថិតក្នុងសារមន្ទីន័រតុន ស៊ីម៉ុង (Norton Simon) នៃរដ្ឋកាលីផ័រនីញ៉ា។ ដើម្បីបញ្ជាក់ពី ទីកន្លែង​ដែលរូប​ចម្លាក់ទាំងនេះបានគាស់ចេញ អាជ្ញាធរកម្ពុជាត្រូវបង្ហាញពីសភាពទូទៅមួយ នៃស្លាកស្នាមទ្រនរជើងរូបចម្លាក់ ដែលត្រូវបាន​គេកាត់ផ្ដាច់រូបផ្នែកខាងលើចេញទៅ។

រូបចម្លាក់រាប់សិបពាន់ ត្រូវបានលួចគាស់

អ្នកស៊ើបអង្កេតសហព័ន្ធ បាននិយាយថា រូបចម្លាក់អស់ទាំងនេះ ជាផ្នែកមួយនៃរូបចម្លាក់រាប់ពាន់ផ្សេងទៀត ដែលត្រូវគេ​លួចគាស់នៅពេលកម្ពុជារងគ្រោះនឹងសង្គ្រាមក្នុងស្រុក រវាងពីឆ្នាំ ១៩៦៧ មកដល់ឆ្នាំ១៩៧៥។ សាក្សីខាងកម្ពុជាជាច្រើន បានស្គាល់ ពីប្រភពនៃរូបចម្លាក់នេះ ដោយភាគច្រើន បានលួចគាស់ចេញ ពីប្រាសាទខ្មែរ ដែលមានវ័យចំណាស់ជាង​ មួយពាន់ឆ្នាំរបស់កម្ពុជា។ រូបចម្លាក់ភាគច្រើនត្រូវបាន ឆ្លងកាត់តាមឈ្មួញកណ្ដាលជាជនជាតិថៃ មុននឹងធ្លាក់ទៅដល់​ដៃ​អ្នកប្រមូលទុកវត្ថុបូរាណផ្សេងៗ ដែលគេមិនអាចដឹងពីអត្តសញ្ញាណបាន។

រូបចម្លាក់ដែលមានបញ្ហានេះ ត្រូវបានដឹងថា បានលក់ទៅអោយ ឈ្មួញប្រមែប្រមូលទិញវត្ថុសិល្បៈជនជាតិអង់គ្លេសម្នាក់​ឈ្មោះ ស្ពីន្គ (Spink) ហើយត្រូវបានទិញយក ជាបន្តដោយស្វាមី (ស្លាប់) របស់ ម្ចាស់រូបចម្លាក់សព្វថ្ងៃ ដែលជាជនជាតិ​ប៊ែលហ្សិក មានឈ្មោះថា ដេស៊ីយ៉ា រូស្បូលី ឌី ប៉ូហ្សីយ៉ូ ស៊ុយហ្សា (Decia Ruspoli di Poggio Suasa)។ រូបចម្លាក់ បានលក់​បន្តតាមឈ្មួញកណ្ដាលម្នាក់ទៀត របស់គ្រឹស្ថានសូធើបាយ។

រដ្ឋាភិបាលអាមេរិកាំង បានចោទសូធើបាយ ថាមានបំណងចង់លាក់បិតបាំង ឈ្មោះអ្នកប្រមូលទិញ។ តែខាងគ្រឹស្ថាន​បាននិយាយការពារអ្នកប្រមូលទិញនោះ ថាគ្មានតួនាទីអ្វីនៅក្នុងសំនុំរឿងនេះទេ។ «អនាមិកភាព»នៃតួនាទីក្នុងសំនុំរឿង ដែលត្រូវបានទាត់ចោលទាំងស្រុង ដោយអ្នកមានឯកទេសប្រមូលទិញ វត្ថុបូរាណម្នាក់ នៅទីក្រុងបាងកក លោកឌូគ្លាស ឡាជហ្វ័រ្ដ (Douglas A.J. Latchford) និងជាទីប្រឹក្សាម្នាក់ផង របស់រដ្ឋាភិបាលកម្ពុជា។ លោកបានទាមទារអោយ​មាន​ការ​បង្ហាញពីអត្តសញ្ញាណ របស់អ្នកប្រមូលទិញនោះ ដោយអះអាងថា «ស្ពីន្គ» បានទិញរូបចម្លាក់នោះ នៅប្រទេសថៃ​នាចុង​ឆ្នាំ១៩៧១ ហើយបានទម្លាក់កំហុសបន្ថែមទៅលើរដ្ឋាភិបាលថៃ ដែលកាលនោះ ទាំងអស់គ្នាបានដឹងពីរូបចម្លាក់នេះ ដែល​ត្រូវ​​បានគេលួចគាស់ ចេញពីប្រាសាទខ្មែរ៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...