កម្ពុជារងការចោទ ថាបានបន្លំលុយជំនួយ សម្រាប់ប្រឆាំងរោគឆ្លង
មូលិធិពិភពលោក សម្រាប់ប្រឆាំងនឹងរោគឆ្លង បានអះអាងថា ប្រទេសកម្ពុជា បានលួចបង្វិលទឹកប្រាក់ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មួយ ដែលទុកសម្រាប់ប្រើប្រាស់ក្នុងគម្រោងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងទាំងនេះ។ មូលិធិបានសន្យាថា នឹងបន្តការស្រាវជ្រាវរបស់ខ្លួន ទៅលើករណីនេះ នៅក្នុងប្រទេសកម្ពុជាដែលល្បីថា ជាប្រទេសមួយ មិនសូវមានរឿង ស្អាតស្អំស្រាប់ផងនោះ។
ប្រឆាំងនឹងជម្ងឺសីដាឬអេសដ៍ ក៏ជាគម្រោងមួយនៃមូលិធិពិភពលោកនេះដែរ។
ទីភ្នាក់ងារសាពត៌មានបារាំង បានដកស្រង់សេចក្ដីប្រកាស កាលពីថ្ងៃពុធទី ១៤វិច្ឆិកាកន្លងទៅ របស់មូលិធិពិភពលោក សម្រាប់ប្រឆាំងនឹងជម្ងឺឆ្លង ដែលមានជាអាថ៌ថា «ការស៊ើបអង្កេតមួយ ទៅលើប្រាក់ជំនួយ នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងធ្វើបច្ចុប្បន្នភាព ទៅលើភស្ដុតាងយកជាការបាន និងច្បាស់ការណ៍ ថាមានការក្លែងបង្វិលទឹកប្រាក់»។
មូលិធិថា «បានចាត់វិធានការភ្លាមៗ ដោយបានបង្កើតអោយមានជាភ្នាក់ងារឃ្លាំមើល ទៅលើរាល់ការទិញដូរទាំងឡាយ ប្រព័ន្ធហិរញ្ញវត្ថុ និងការគ្រប់គ្រង»។ ចំនួនទឹកប្រាក់ដែលត្រូវបានលួចបង្វិលនោះ ត្រូវបានប្រភពស្និតនឹងសំនុំរឿង បង្ហើបអោយដឹងថា មានចំនួនជិតមួយលានដុល្លាអាមេរិក។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលខ្មែរ បានប្រាប់អាអេហ្វប៉េថា«មិនបានដឹង» ពីការចោទប្រកាន់ទាំងនេះទេ។
របាយការណ៍ពេញ របស់នាយកដ្ឋានស៊ើបអង្កេត នៃមូលិធិនេះ កំពុងត្រូវបានរងចាំ ថានឹងត្រូវចេញផ្សាយក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ បើតាមប្រភពអ្នកការទូត និងខាងវេជ្ជសាស្រ្ត បានបង្ហើបអោយដឹងដែរថា ការស៊ើបអង្កេតមួយទៀត បានត្រូវគេបើកធ្វើដែរ ទៅលើសំនុំរឿងសង្ស័យមួយថា មាន«ចរាចរណ៍ថ្នាំគ្រាប់ក្លែងក្លាយ» នៅក្នុងគម្រោងជាច្រើន ដែលទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ដោយមូលិធិនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏អង្គការមូលិធិ ដែលមានទីតាំងនៅទីក្រុងហ្ស៊ឺណែវ នៃប្រទេសស្វីស បានបញ្ជាក់ថា ខ្លួននៅតែរក្សាសកម្មភាពមនុស្សធម៌របស់ខ្លួន នៅប្រទេសអាស៊ីមួយនេះដដែល តែថាខ្លួនត្រូវស្វែងរក«ដៃគូរណាផ្សេង»ទៀត ក្រៅពីមជ្ឈមណ្ឌលជាតិនៃជម្ងឺឆ្លង របស់ប្រទេសកម្ពុជា។
ប្រទេសកម្ពុជា ត្រូវប្រឈមមុខនឹង ជម្ងឺឆ្លងដ៏សំខាន់ៗជាច្រើន ដែលជម្ងឺទាំងនោះ មានភាពស៊ាំនឹងថ្នាំពេទ្យសព្វថ្ងៃ ហើយបានរីកឆ្លងរាលដាលខ្លាំង នៅតំបន់អាស៊ីផ្នែកអាគ្នេយ៍ និងអាចក្លាយជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ប្រសិនជាគេមិនអាចគ្រប់គ្រងវាបានទេនោះ។
សេចក្ដីប្រកាសនោះ បានពន្យល់ថា «អ្នកជំនាញបានគិតមុនហើយ ពីការបន្តផ្ដល់ជំនួយ ថាជារឿងសំខាន់ តែត្រូវធ្វើវាជាមួយនឹងហនិភ័យ នៅតំបន់អាស៊ី ប៉ាស៊ីភិក ដោយមិនមែនមានតែនៅកម្ពុជាមួយប៉ុណ្ណោះទេ។»
មូលិធិបានបង្ហាញពីតុល្យភាពមួយ កាលពីឆ្នាំទៅម៉ិញ ពីការបាត់បង់ទឹកប្រាក់ ប្រមាណជា ៣៤លានដុល្លាអាមេរិក នៅក្នុងប្រទេស៤ នៃទ្វីបអាហ្រ្វិក និងបានសន្យាត្រូវបង្កើនការត្រួតពិនិត្យរបស់ខ្លួន ទៅលើហិរញ្ញវត្ថុនេះ។ មូលិធិបានបង្ហាញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ទឹកប្រាក់ដែលបានផ្ដល់ទៅអោយប្រទេសកម្ពុជា មកដល់ថ្ងៃនេះ មានចំនួនប្រមាណជា ២៨០លានដុល្លារួចមកហើយ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ