កម្ពុជាព្រួយបារម្ភ នៅចំពោះការកើនឡើង នៃជម្ងឺផ្ដាសាយបក្សី
រដ្ឋាភិបាលកម្ពុជា បានសារភាពពីកង្វល់របស់ខ្លួន នៅថ្ងៃអង្គារទី២៦កុម្ភះ នៅចំពោះកំណើនឡើងវិញ នៃជម្ងឺផ្ដាសាយបក្សីនៅក្នុងប្រទេស។ ជម្ងឺដ៏ប្រល័យបានសម្លាប់ ជនរងគ្រោះកម្ពុជា ចំនួន៨នាក់រួចហើយ រាប់ពីដើមឆ្នាំ២០១៣នេះមក ហើយបានបង្ហាញនូវកំរិតដ៏ខ្ពស់មួយ។
សត្វស្លាប នៅជនបទកម្ពុជា។
បញ្ហានេះ ត្រូវបានសារព័ត៌មានក្នុងស្រុកជាទូទៅ លែងយកចិត្តទុកដាក់ទៅហើយ តែផ្ទុយទៅវិញ ជម្ងឺផ្ដាសាយបក្សីនេះ ជាសត្រូវលាក់មុខ ដ៏ស្រួចស្រាវមួយ ដែលរស់នៅ«ជិតនឹងរូបអ្នក»គ្រប់ៗគ្នា អាចនឹងបង្កអោយរូបអ្នក «មានគ្រោះថ្នាក់»គ្រប់វិនាទីទាំងអស់។
បុរសអាយុ៣៥ឆ្នាំ បានស្លាប់ម្នាក់ទៀត នៅថ្ងៃអង្គារដដែលនេះ បន្ទាប់ពីបានឆ្លងជម្ងឺនេះ នៅក្នុងខេត្តប៉ែកពាយ័ព្យនៃប្រទេស ដែលធ្វើអោយតួរលេខជាផ្លូវការ បានឡើងដល់៩នាក់ ហើយ៨នាក់បានស្លាប់។ ប្រទេសកម្ពុជាដែលមានចំនួនអ្នកជម្ងឺបានឆ្លងជម្ងឺ ចំនួន៣០ករណី ហើយមានមនុស្សតែបីនាក់ប៉ុណ្ណោះ ដែលបានរួចរស់មានជីវិត រាប់ពីឆ្នាំ២០០៣ ឆ្នាំដែលជម្ងឺនេះបានកម្រើកខ្លាំងជាងគេ ក្នុងពិភពលោក។
លី សុវណ្ណ នាយករងការិយាល័យ ត្រួតពិនិត្យជម្ងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា «យើង ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ពីស្ថានភាពនេះ»។ «មានសត្វស្លាបជាច្រើន ដែលបានស្លាប់ តែបណ្ដាជនមិនបានដឹងពីគ្រោះថ្នាក់ ដែលកើតចេញពីសត្វស្លាប់ទាំងនេះទេ» ជាការពន្យល់របស់លោក ដោយបានបន្ថែម ព័ត៌មានខ្លះ មានរយះពេល«មួយខែ» ទើបបានទៅដល់ដៃអ្នកទទួលខុសត្រូវ និងមានសមត្ថភាពនៅប្រចាំតំបន់។
«នៅក្នុងភូមឃុំដែលខ្ញុំបានធ្វើដំណើរទៅដល់ សត្វស្លាបទាំងនោះ បានស្លាប់ទាំងអស់» លោកលី សុវណ្ណបានបន្ថែម។
អង្គការសុខភាពពិភពលោក (OMS) នៅតែមានសុទិដ្ឋិនិយមថា ស្ថានភាព នៅអាចគ្រប់គ្រងបាននៅឡើយ។ អ្នកនាំពាក្យរបស់ការិយាល័យរបស់អង្គការនេះ ប្រចាំនៅទីក្រុងភ្នំពេញ លោក សូនី គ្រីស្នា (Sonny Krishna) បាននិយាយថា «នៅមិនទាន់រកឃើញថា មានការចម្លងពីមនុស្សទៅមនុស្សនៅឡើយ» តែចាំបាច់ ត្រូវមានភាពប្រុងប្រយ័ត្ន នៅក្នុងខេត្តដែលករណីជម្ងឺនេះ បានកើតមានឡើង។
«មេរោគ H5N1 ជាការគម្រាមមួយ យ៉ាងខ្លាំង សម្រាប់សុខភាពរបស់ប្រជាជនកម្ពុជា ជាពិសេសទៅលើកុមារ» នេះជាការអោយដឹង របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយពីប៉ុន្មានថ្ងៃមុន។
ជម្ងឺបានសម្លាប់មនុស្សប្រមាណជា ៣៦០នាក់ តាំងពីឆ្នាំ២០០៣។ សូមបញ្ជាក់ថា នៅប្រទេសចិន ក្នុងខែកុម្ភះនេះដដែល បុរសម្នាក់អាយុ៣១ឆ្នាំ ក៏បានស្លាប់នឹងជម្ងឺនេះដែរ។ អាជ្ញាធរសុខភាព ប្រចាំខេត្តជឺហ្សាង (Guizhou) របស់ចិន បានរាយការណ៍ ពីករណីស្លាប់នេះ នៅក្នុងមន្ទីរពេទ្យជឺយ៉ាង (Guiyang) ៩ថ្ងៃក្រោយបន្ទាប់ ពីករណីមួយមុន បានសម្លាប់ស្ត្រីម្នាក់អាយុ ២១ឆ្នាំរួចមកហើយ។
នៅក្នុងពេលបច្ចុប្បន្ន ជម្ងឺនេះ ត្រូវបានគេរកឃើញថា បានចម្លងពីសត្វស្លាប មកមនុស្សតែប៉ុណ្ណោះ។ តែអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ បង្ហាញការព្រួយបារម្ភថា បើវាអាចចម្លងពីមនុស្សទៅមនុស្ស នៅពេលនោះ នឹងបើកយុគសម័យនៃ«ជម្ងឺឆ្លងយ៉ាងសាហាវមួយ»៕
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ