កម្ពុជា៖ ជំងឺមិនស្គាល់មួយ បានសំលាប់កុមារ៦០នាក់​​ ក្នុងរវាងបីខែ

អង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃអង្គារទី៣កន្លងមកនេះថា ជំងឺមួយដែលក្រុមគ្រូពេទ្យ មិនទាន់ស្គាល់ថាជាជំងឺអ្វីនៅឡើយ បានសំលាប់កុមារក្នុងប្រទេសកម្ពុជា ប្រមាណជា៦០នាក់រួចមកហើយ នៅត្រឹមតែរយះពេល៣ខែកន្លងមកនេះតែប៉ុណ្ណោះ។ អង្គការសុខភាពពិភពលោកនេះ បានកំពុងនឹងធ្វើការរួមជាមួយនឹង អាជ្ញាធរផ្នែកសុខាភិបាលខ្មែរ នៅលើសំនុំរឿង ដ៏គួរអោយព្រួយបារម្ភនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 05, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃអង្គារទី៣កក្កដា កន្លងមកនេះថា ជំងឺមួយដែលក្រុមគ្រូពេទ្យ មិនទាន់ ស្គាល់ថាជាជំងឺអ្វីនៅឡើយ បានសំលាប់កុមារក្នុងប្រទេសកម្ពុជា ប្រមាណជា៦០នាក់រួចមកហើយ នៅត្រឹមតែរយះពេល ៣ខែកន្លងមកនេះតែប៉ុណ្ណោះ។ អង្គការសុខភាពពិភពលោកនេះ បានកំពុងនឹងធ្វើការរួមជាមួយនឹង អាជ្ញាធរខ្មែរផ្នែក សុខាភិបាល នៅលើសំនុំរឿង ដ៏គួរអោយព្រួយបារម្ភនេះ។


ការត្រួតពិនិត្យជំងឺ របស់ក្រុមគ្រួពេទ្យស្ម័គ្រចិត្ត នៅតំបន់ដាច់ស្រយ៉ាលខ្មែរ។ Photo: freuderic.canalblog.com

ទីភ្នាក់ងារពត៌មានបារាំង AFP បានលើកឡើងពីតួលេខមួយផ្សាយដោយ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី (Dr. Nima Asgari) អោយដឹងថា  «កុមារដែលស្លាប់នឹងជំងឺនេះ ហើយបានប្រកាសអោយអង្គការសុខភាពពិភពលោក បានដឹងនោះ គឺមាន ចំនួន៦០នាក់។» លោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី ជាអ្នកឯកទេសខាង សុខភាពសារធារណៈ របស់ការិយាល័យអង្គការ សហប្រជាជាតិ ប្រចាំនៅទីក្រុងភ្នំពេញ។ លោកបានបន្តថា «ករណីទីមួយត្រូវបានគេរកឃើញ នៅខែមេសាកន្លងមក ហើយមកទល់នឹងថ្ងៃនេះ មានកុមារតែម្នាក់គត់ ដែលបានរួចរស់រានមានជីវិត។» លោកបានបញ្ជាក់ថា  «អង្គការសុខភាព ពិភពលោក និងក្រសួងសុខាភិបាលខ្មែរ កំពុងសហការប្រឹងប្រែង ដើម្បីកំណត់អោយបាន នូវអត្តសញ្ញាណរបស់ជំងឺនេះ និងដំណើររីករាលដាលរបស់វា។»

ការព្រួយបារម្ភ របស់អង្គការសុខភាពពិភពលោក

មានភាពមិនច្បាស់លាស់ ក្នុងការសិក្សាស្រាវជ្រាវពីជំងឺនេះ ដែលបាននិយាយពីរោគសញ្ញាមានលក្ខណៈ គ្រុនធំ ស្ទះចុក ចាប់នៅត្រង់ដើមទ្រូង និងអាការៈឈឺក្បាលខ្លាំង ទៅលើកុមាមួយចំនួន។ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី បានបង្ហាញពី «ការព្រួយបារម្ភរបស់ អង្គការសុខភាពពិភពលោក ក្នុងខណៈដែលជំងឺដ៏ចម្លែក បានបង្កអោយមានការស្លាប់ ដល់កុមារ យ៉ាងច្រើនយ៉ាងដូច្នេះ។»

លោកវេជ្ជបណ្ឌិត ភីទើ វ៉ាន់ ម៉ាអារ៉េន (Pieter van Maaren) ជាអ្នកតំណាងអោយ អង្គការសុខភាពពិភពលោក នៅ ប្រទេសកម្ពុជា បាននិយាយប្រាប់ ទីភ្នាក់ងារពត៌មានចិនស៊ីនហ៊ួរ ថា «អង្គការសុខភាពពិភពលោក កំពុងដឹកនាំការសិក្សា ស្រាវជ្រាវនេះ ដោយសហការជាមួយនឹងក្រសួងសុខាភិបាលខ្មែរ។ នៅម៉ោងនេះ មានទិន្នន័យតិចតួចណាស់ ដែលយើង ទទួលបាន ហើយការសិក្សាស្រាវជ្រាវ កំពុងតែដំណើរការទៅមុខ។»

ទីភ្នាក់ងារពត៌មានចិនស៊ីនហ៊ួរដដែល ក៏បានលើកពីសំដី របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលខ្មែរ ដែលបានបញ្ជាក់អះអាងដែរពី កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតមួយ រវាងអង្គការសុខភាពពិភពលោក និងក្រសួងរបស់ លោក ដើម្បីស្វែងរកអត្តសញ្ញាណរបស់ជំងឺនេះ។

ការិយាល័យប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក ដែលមានទីតាំងនៅទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន  បាន លើកពី ជំនួយខាងបច្ចេកទេស មករដ្ឋាភិបាលខ្មែរ នៅក្នុងការប្រមូលយក ទិន្នន័យនៃការសិក្សាស្រាវជ្រាវ ក៏ដូចជារបៀប គ្រប់គ្រង ថែរក្សាអ្នកជំងឺ។ កុមារដែលបានស្លាប់ មានអាយុ ៧ឆ្នាំនិងតិចជាងនេះ ហើយមានទីលំនៅនៅ ទីក្រុងភ្នំពេញ និងខេត្តទេសចរណ៍ សៀមរាបអង្គរ។

នៅក្នុងខណៈនេះមិនមានករណីចម្លងណាមួយ ត្រូវបានគេរកឃើញនៅឡើយ ទៅលើក្រុមគ្រួសាររបស់អ្នកជំងឺ និងក្រុម គ្រូពេទ្យ ដែលបានប៉ះពាល់អ្នកជំងឺនោះ៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP) និង ចិនស៊ីនហ៊ួរ (Xinhua)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...