កម្ពុជា៖ លក់កេសាដើម្បីដូរ បាយមួយចាន

ការលក់ដោះដូរ កេសាធម្មជាតិនេះ មិនមែនជាជារឿង ដែលទើបតែកើតឡើង ពីម្សិលមិញនោះទេ។ វាជារបរមួយ ដែល វត្ថុធាតុដើម ត្រូវគេយកចេញពីក្បាលរបស់មនុស្សស្រ្តី ជាពិសេស ពីស្ត្រីដែលចេះថែរក្សាទុកវាបានវែងល្អ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 08, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសំរេចចិត្ត កើតចេញពីភាពអស់សង្ឃឹម។ តែនៅពេលដែលក្រពះ យំទារអាហារ ស្រ្តីទាំងនោះគ្មានជំរើសអ្វី ក្រៅតែពី កាត់បន្ដាច់សក់របស់ពួកនាង ដើម្បីយកទៅដោះស្រាយ បញ្ហាអោយក្រពះសិននោះទេ។


នារីខ្មែរ ដែលមានគ្រួសាររស់ក្នុង សភាពស្រេកឃ្លាន ត្រូវបង្ខំចិត្តលក់សក់ក្បាលធម្មជាតិរបស់ខ្លួន។

ការលក់ដោះដូរ កេសាធម្មជាតិនេះ មិនមែនជាជារឿង ដែលទើបតែកើតឡើង ពីម្សិលមិញនោះទេ។ វាជារបរមួយ ដែល វត្ថុធាតុដើម ត្រូវគេយកចេញពីក្បាលរបស់មនុស្សស្រ្តី ជាពិសេស ពីស្ត្រីដែលចេះថែរក្សាទុកវាបានវែងល្អ។ ពីមុនមក របរលក់ដោះដូរកេសានេះ មានប្រទេសពីរក្នុងលោកគឺ ឥណ្ឌា និងចិន ជាអ្នកប្រកបធ្វើ បានច្រើនជាងគេ។ តែនៅថ្ងៃនេះ ប្រទេសកម្ពុជាកំពុងតែចង់ ប្រជ្រៀតយកទីកន្លែងនេះ ពីប្រទេសទាំងពីរខាងលើ។

អ្នកស្រី ចានីស វីលសុន (Janice Wilson) នាយិការក្រុមហ៊ុន អាជូនី (Arjuni) ដែលបានប្រកបរបរនេះ នៅទីក្រុងភ្នំពេញ បានលើកឡើងថា «សក់របស់ស្រ្តីខ្មែរ ដូចច្រើនទៅនឹងសក់របស់ស្រ្តីជនជាតិឥណ្ឌា។ [...] ប្រទេសឥណ្ឌា មានទីផ្សារ ប្រហែលជា ៩៩% នៃពាណិជ្ជកម្មសក់ក្បាល ក្នុងពិភពលោក។​ ហើយរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់នឹកឃើញ ពីប្រទេសកម្ពុជានោះទេ។»

នារីខ្មែរ ដែលគ្មានជំរើសអ្វីផ្សេងក្នុងជីវិត ត្រូវបានគេអញ្ជើញអោយ បូជាកេសារបស់ខ្លួន ដូរជាមួយនឹងទឹកប្រាក់ ប្រមាណជា ៨ដុល្លាអាមេរិក (ប្រមាណជា៦,៥០អ៊ឺរ៉ូ)។ ជាការពិតហើយ ដែលគេនិយាយថា ជាការបូជាដ៏សំខាន់មួយ សំរាប់នារីភាគច្រើន នោះ។ កេសារបស់ស្រ្តី ត្រូវបានចាត់ទុកថាជាផ្នែកមួយ នៃភាពជានារីភេទ។ តែរវាង សោភ័ណភាព និងការស្រេកឃ្លាន គឺការទាមទាររបស់ក្រពះ មានទំងន់ធ្ងន់ជាង។ នោះដោយសារតែដឹងថា កេសាអាចនឹងដុះមកទៀតបាន តែអ្វីដែលត្រូវ ជ្រើសរើសជាមុន គឺត្រូវចិញ្ចឹមក្រពះ ឬក៏ចិញ្ចឹមគ្រួសារ អោយបានរស់ជាបន្តសិន។

ចេន ខេង បានកោរបន្ដាច់សក់របស់នាងដើម្បីលក់ នៅខែមករាកន្លងមកនេះ ជាមួយនឹងតំលៃ មិនទាំងដល់ទាំង ៨ដុល្លា អាមេរិកផង។ រហូតមកទល់នឹងថ្ងៃនេះ នាងមិនដែលមានអារម្មណ៍ថា បានសប្បាយចិត្ត ជាមួយនឹងក្បាលទទេឥតសក់ បែបនេះទេ ព្រោះនាងចេះតែយល់ថា វាបានធ្វើអោយនាងចាស់ ជាងអាយុ ៤៨ឆ្នាំរបស់នាង។ ហើយអ្វីដែលនាង គិតថា នឹងធ្វើដូច្នេះទៀត គឺនៅពេលដែលសក់របស់នាង នឹងដុះឡើងវិញទៀត នៅប៉ុន្មានខែខាងមុខ។ នាងបាននិយាយបក ស្រាយថា «ស្រ្តីគ្រប់គ្នា នរណាក៏ស្រឡាញ់សក់ខ្លួនឯង និងចង់អោយខ្លួនឯងស្អាតដែរ។ តែរវាងសម្រស់ និងការស្រេក ឃ្លាន តើខ្ញុំត្រូវរើសយកមួយណា?»

ចេន ខេង សព្វថ្ងៃរស់នៅក្នុង ភូមិស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ក្នុងខេត្រកណ្ដាល ជាភូមិដែល ដែលអាជ្ញាធរបាន ប្រមួលយកទៅអោយរស់នៅ នូវបណ្ដាជនទាំងឡាយ ដែលត្រូវគេបណ្ដេញចេញទាំងបង្ខំ ពីបូរីកីឡានៅកណ្ដាល ទីក្រុង ភ្នំពេញ កាលពីខែមករា ឆ្នាំ២០១២។ នាង ចេន ខេង និងស្រ្តីប្រមាណជា ៣០នាក់ទៀត បានសំរេចចិត្ត លក់សក់ក្បាល របស់ខ្លួន ដូរនឹងប្រាក់។ ការសំរេចចិត្តនេះ បានបង្ខំអោយពួកនាងរស់នៅទាំងក្ដីខ្មាសអៀន នៅចំពោះមុខបុរសៗទាំងឡាយ ដោយត្រូវយកក្រមារ មកបាំងទទូរគ្របក្បាល ជារៀងរាល់ថ្ងៃដើម្បីលាក់បំបាំង។ ការលក់ដោះដូរ សក់ធម្មជាតិរបស់ពួកនាង ត្រូវធ្វើឡើងដោយ ឈ្មួញកណ្ដាល ជាជនជាតិវៀតណាម ដោយបានធ្វើដំណើរមកភូមិពោធិ៍នេះផ្ទាល់ ក្នុងរវាងពី ១ដង ឬ២ដងក្នុងមួយខែ ហើយវាសឹងតែក្លាយទៅជា របរប្រចាំថ្ងៃទៅហើយនៅទីនោះ។


កំរងសក់ធម្មជាតិទាំងឡាយ ដែលដាក់តាំងលក់ក្នុងហាង។

តំលៃ ប្រែប្រួល អាស្រ័យទៅលើ គុណភាពរបស់កេសា។ នាង សោម សុគន្ធា អាយុ៤២ឆ្នាំ បានតថ្លៃសក់ក្បាលរបស់នាង ក្នុងតំលែបានតែ ៧ដុល្លាអាមេរិកប៉ុណ្ណោះ។ នាងគ្មានជម្រើសអ្វីផ្សេងទេ ក្រៅតែលក់ក្នុងតំលៃនេះ ដើម្បីយកប្រាក់ ទិញ អង្ករទៅចិញ្ចឹម កូនទាំងបីរបស់នាង។ តែនៅពេលរំលឹកពីកេសារបស់នាង អនុស្សាវរិយ៍ដ៏កំសត់ខ្លោចផ្សារមួយបាន ត្រឡប់ មកនឹងភ្នែកវិញដែរ។ នាងនិយាយជាមួយនឹងទឹកភ្នែកថា «បើស្វាមីខ្ញុំនៅរស់ គាត់នឹងមិនអនុញ្ញាតិអោយខ្ញុំ កាត់សក់លក់ យ៉ាងដូច្នេះទេ។ យើងសុខចិត្តស្លាប់ នឹងអត់ឃ្លាន តែគាត់មិនអោយលក់សក់ របស់ខ្ញុំដូច្នេះទេ ព្រោះគាត់ស្រឡាញ់សក់ខ្ញុំ នេះណាស់។»

រីឯនាង យឿន សឿន​ ដែលមានអាយុ ៣២ឆ្នាំវិញ បានលក់សក់របស់នាង ក្នុងតំលៃប្រមាណជា ១២ដុល្លា អាមេរិក ដែល ជាតំលៃមួយថ្លៃជាងគេ ដោយសារតែនាងនៅក្មេង ​ហើយជារឿយៗនាងតែងថែរក្សាវានៅហាងកាត់សក់។ នាងបានដក មួក ពីលើក្បាលចេញ ហើយយកដៃជ្រោងសក់ក្បាល ដែលទើបតែដុះមកវិញ បានត្រឹមតែបីខែនេះ។ នាង បានពាក់មួកនេះ ចូលវិញភ្លាម ហើយនិយាយថា «គ្មាននរណាម្នាក់ថា មិនដូចជាបាត់បេះដូងនោះទេ នៅពេលអស់សក់ពី ក្បាលនោះ។ តែអោយខ្ញុំធ្វើយ៉ាងដូចម្ដេចទៅ បើដើម្បីក្រពះ ខ្ញុំមិនមានដំណោះស្រាយណាផ្សេងនោះ? នៅក្នុងភូមិរបស់ខ្ញុំ ស្រីៗសឹងតែ ទាំងអស់ បានក្លាយទៅជាដូនជីអស់ហើយ ...៕»

-------------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ courrierinternational.com
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...