អតីតប្រធានាធិបតីអ៊ីស្ត្រាអែល ទទួលមរណភាព
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៨ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 28, 2016
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតប្រធានាធិបតី អតីតនាយករដ្ឋមន្ត្រី របស់ប្រទេសអ៊ីស្ត្រាអែល និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក ស៊ីម៉ុន ពែរ៉េស (Shimon Peres) បានទទួលមរណភាព កាលពីយប់ថ្ងៃអង្គារ ចូលមកថ្ងៃពុធនេះ ក្នុងជន្មាយុ៩៣ឆ្នាំ។ លោកបានរងគ្រោះ នឹងអាការៈដាច់សសៃឈាម ក្នុងខួរក្បាល ហើយបានចូលទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ តាំងពីថ្ងៃទី១៣ ខែកញ្ញាកន្លងមក។
លោក រ៉ាហ្វី វ៉ាលដែន (Rafi Walden) គ្រូពេទ្យផ្ទាល់ខ្លួន របស់លោក ពែរ៉េស ជាអ្នកប្រកាសដំណឹងនេះ ដោយផ្ទាល់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង (AFP)។ លោក វ៉ាលដែន បានថ្លែងថា៖ «បាទ ពិតហើយ! លោកបានចាកចេញទៅ នៅពេលលោកបានគេងលង់លក់ រវាងម៉ោងប្រមាណជា ៣ភ្លឺ (ម៉ោងក្នុងស្រុកអ៊ីស្ត្រាអែល ត្រូវនឹងម៉ោង ៧ព្រឹក នៅស្រុកខ្មែរ)»។
ប៉ុន្តែគ្រូពេទ្យរូបនេះ មិនបានផ្ដល់ព័ត៌មានឲ្យបានលំអិតជាងនេះទេ។ លោកគ្រាន់តែបន្ថែមថា សន្និសីទសារព័ត៌មានមួយ កំពុងត្រៀមធ្វើ នៅព្រឹកនេះ។
ការបាត់បង់លោក ស៊ីម៉ុន ពែរ៉េស គឺជាការបាត់បង់មនុស្សដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋ និងបណ្ដាជនអ៊ីស្ត្រាអែល។ លោកត្រូវបានចាត់ទុក ជាមនុស្សចុងក្រោយបង្អស់ ដែលនៅសេសសល់ ពីជំនាន់បីតាស្ថាបនិក ដែលបានបង្កើត រដ្ឋជីហ្វមួយនេះឡើងវិញ នៅក្រោយសង្គ្រាមលោកលើកទីពីរ។
លោក ពែរ៉េស ក៏ជាមនុស្សដ៏សំខាន់មួយ ក្នុងចំណោមអ្នកផ្ដួចផ្តើម ឲ្យមានកិច្ចព្រមព្រៀងក្រុង អូស្លូ (Oslo - រាជធានីរបស់ប្រទេសណរវេស) ដែលបានផ្ដល់ស្វ័យភាព ទៅឲ្យបណ្ដាជនប៉ាឡេស្ទីន ក្នុងទសវត្សន៍ឆ្នាំ១៩៩០។ សកម្មភាពរបស់លោកនេះហើយ ដែលធ្វើឲ្យគណកម្មការ ពានរង្វាន់ណូបែលសន្តិភាព ប្រគល់ជូនលោក នូវពានរង្វាន់នេះ នៅពេលបន្ទាប់មក៕