ស្រ្ដីទីមួយរបស់បារាំង កាឡា ប្រុយនី Carla Bruni-Sarkozy ខឹងអ្នកកាសែត
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 15, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំមិនយល់ព្រម ហើយក៏នឹងមិនយល់ព្រម ទៅថ្ងៃមុខដែរ ដែលគេមិនបានគោរពដល់ សិទ្ធិរស់នៅ ដោយសុខស្រួល របស់កូនស្រី របស់ខ្ញុំ ... » នេះជាអ្វី ដែលគេបានអាន នៅលើ គេហទំព័រ ផ្ទាល់ខ្លួនមួយ របស់ លោកស្រី កាឡា ប្រុយនី សាកូហ្សី ស្រ្ដីទីមួយរបស់ប្រទេសបារាំង (ភរិយារបស់ ប្រធានាធិបតី គឺត្រូវបានទទួលងារ បែបនេះ) ដែលមានចំណងជើងថា «ពាក្យមួយសំរាប់ អ្នកសារពត៌មាន» ។ ប្រតិកម្មនេះបានកើតមាន នៅមុនពេល ដែលទស្សនាវដ្ដីបារាំង ឈ្មោះ បារីសមាត់ឆ៏ Paris Match នឹងចេញផ្សាយ ក្នុងលេខបន្ទាប់មួយរបស់ខ្លួន ហើយដែលនៅទំព័មុខ មានរូបរបស់ លោកស្រី កាឡា ប្រុយនី និងកូន នៅពេលដែល ពួកគាត់ដើរចេញ ពីមន្ទីរគាំពារទារក។ រូបរបស់ទារក ដែលជាកូនរបស់ ប្រធានាធិបតីបារាំង ត្រូវបាន គេដាក់នៅគ្របមុខរបស់ ទស្សនាវដ្ដីនេះ ដោយគ្រាន់តែ បាំង នៅពីលើផ្ទៃមុខ បន្តិចប៉ុណ្ណោះ ។ រូបនេះត្រូវបាន ពួកក្រុមអ្នកលួចថត ជាលក្ខណៈ អជីប លួចថតពីចំងាយ ហើយ បានយកទៅលក់ អោយបណ្ដាញសារពត៌មាន ឬទស្សនាវដ្ដី។
«សារពត៌មានខ្លះ បានយល់ឃើញថា ជារឿងល្អប្រសើរ ក្នុងការធ្វើរឿងនេះ ហើយវាប្រែក្លាយ ជាទំលាប់ទៅហើយ ដែលគេធ្វើមកលើខ្ញុំ ។ តែលើកនេះ មិនដូចលើកមុនៗទេ ដែលរូបថត នេះធ្វើអោយឃើញ មុខកូនស្រីរបស់ខ្ញុំ។ ខ្ញុំសូមបញ្ជាក់ថា រឿងនេះបានធ្វើ ដោយគ្មានការអនុញ្ញាតិ យល់ព្រម ពីខ្ញុំ ។ ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ ចំពោះការធ្វើអាជីវកម្ម លើរូបភាព និង ពត៌មានអ្វី ផ្សេងៗដែលទាក់ទង កូនស្រីរបស់ខ្ញុំ ។» លោកស្រី កាឡា ប្រុយនី បានបន្តទៀតថា « ខ្ញុំយល់អំពី សិទ្ធិសេរីភាព នៃសារពត៌មាន ហើយខ្ញុំតែងតែ យល់ព្រមនូវអ្វីក៏ដោយ ដែលគេចុះផ្សាយពីខ្ញុំ ទាំងរូបភាព ទាំងពត៌មាន ទោះខុសឬត្រូវ ក៏ខ្ញុំមិនដែល ជជីកសួរអ្វីឡើយ ។ តែបើគេ ធ្វើមកលើកូនស្រីរបស់ខ្ញុំ ទៅលើសិទ្ធិរស់នៅ ដោយសុខស្រួលរបស់គ្នា ទោះក្នុងរូបភាពណាក៏ដោយ ខ្ញុំនឹងមិនយល់ព្រមជាដាច់ខាត ។»
គេក៏បានលក់ រូបភាពទាំងនេះទៅទស្សនារដ្ដី អន់លីង មួយនៅ បែលហ្សិក ដែរ ។ ទោះជារូបនេះ ត្រូវបានដកចេញពី ស៊ីតអាំងទែណែតរបស់ ទស្សនារដ្ដីនោះក៏ដោយ ក៏គេបានដឹងថា រូបថតនោះ មិនត្រូវបាន គេបាំងមុខរបស់ ទារកតូចអាយុ ៥ខែ នោះទេ ។
នៅប្រទេសបារាំង ឬនៅប្រទេសផ្សេងទៀត នៅអ៊ឺរ៉ុប និងនៅអាមេរិកខាងជើង អនិតិជន ដែលមានអាយុ ក្រោម ១៨ឆ្នាំ មិនត្រូវបានគេ យករូបរបស់ពួកគាត់ យកមកចុះផ្សាយ ដោយចំៗ ក្នុងសារពត៌មាន ដោយគ្មានការអនុញ្ញាតិ ពីអាណាព្យាបាល នោះឡើយ បើទោះណា ជាសិទ្ធិសេរីភាព នៃសារពត៌មាត មានអំណាចដ៏ធំធេង និងត្រូវបានធានាក៏ដោយ ៕
ដោយ ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១៥ មិនា ២០១២
Crédit Photo : 7sur7.be